លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះតាមស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តស៊េរីទំនើបម៉ាក Hummer បង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ និងកុមារតូចម្នាក់ស្លាប់ កាលពីយប់ឈានចូលថ្ងៃទី២៥ ខែធ្នូ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានដាក់បទបញ្ជាស្នងការរងដែលចុះពង្រឹងការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យយកចិត្តទុកដាក់ក្នុងការដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងគោរពវិន័យសីលធម៌ស្មោះត្រង់វិជ្ជាជីវៈរបស់មន្ត្រីជំនាញពេលចុះអនុវត្តច្បាប់។
ប្រភពដដែលបានលើកឡើងថា លោកបានកត់សម្គាល់ឃើញថា ការកើតឡើងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សរបួស និងស្លាប់ជាបន្តបន្ទាប់ ជាពិសេសក្នុងករណីបើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្កព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។
យោងតាមរបាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា អ្នកបង្កគ្រោះថ្នាក់បានជិះរថយន្តស៊េរីទំនើបម៉ាក Hummer ដោយបើកបរក្នុងល្បឿនលឿន និងបុកម៉ូតូខ្ទាតទៅបោកនឹងគល់ឈើ បណ្តាលឱ្យស្ត្រីម្នាក់ និងកុមារតូចម្នាក់ស្លាប់ រីឯបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ ខណៈជនបង្កបានរត់គេចខ្លួន។
របាយការណ៍ដដែលលើកឡើងថា ហេតុការណ៍បានកើតឡើងនៅលើវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក រាជធានីភ្នំពេញ នាវេលាម៉ោង ០០ និង ១២នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ។ បើតាមប្រភពនៅកន្លែងកើតហេតុ អ្នកជិះម៉ូតូគឺជាគ្រួសារមួយដែលមានប្តីប្រពន្ធ និងកូនតូច។
ជុំវិញការអនុវត្តច្បាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាផងដែរឱ្យមន្ត្រីប៉ូលិសដែលចុះផ្ទាល់ អនុវត្តវិធានការភ្លាមៗដោយមិនចាំបាច់សុំគោលការណ៍ថ្នាក់លើនោះឡើយ។ លោកនាយករដ្ឋមន្ត្រីបានរំលឹកថា រាល់ការសម្រេចត្រឹមត្រូវរបស់មន្ត្រីប៉ូលិស គឺមានលោកធ្វើជាខ្នង ដោយមិនចាំបាច់ព្រួយបារម្ភពីការធ្លាក់តំណែងបុណ្យស័ក្តិនោះឡើយ។
ទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍នេះដែរ ករណីជនសង្ស័យដែលជាអ្នកបើករថយន្ត Jeep បង្កគ្រោះថ្នាក់កន្លងមក ត្រូវបានតំណាងអយ្យការចេញដីកាសន្និដ្ឋានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយ ស្ដីពីការបើកបរធ្វេសប្រហែសបណ្ដាលឲ្យស្លាប់មនុស្ស។ ការចោទប្រកាន់ដោយតំណាងអយ្យការដែលសំអាងលើមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ ដីកាសន្និដ្ឋានដែលបញ្ជូនឲ្យតុលាការស៊ើបសួរបន្តនៅថ្ងៃនេះ (ថ្ងៃទី២៥ ធ្នូ) ធ្វើឡើងបន្ទាប់ពីជនសង្ស័យទើបព្រមចូលមកសារភាពពីកំហុសកាលពីព្រឹកថ្ងៃទី២៣ ធ្នូ។ ជាការចូលខ្លួនមកសារភាពកំហុស ៥ថ្ងៃក្រោយពីមានដីកាបញ្ជាឲ្យចូលមកបង្ហាញខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ។
ករណីបុកមនុស្សស្លាប់ហើយគេចវេះមិនទទួលខុសត្រូវនេះ ជាករណីមួយដែលត្រូវបានមហាជនតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងក្ដីអំពាវនាវឲ្យមានការផ្ដន្ទាទោសយ៉ាងតឹងរ៉ឹងទៅលើជនសង្ស័យរូបនេះ។ ប្រតិកម្មរបស់មហាជនយ៉ាងដូច្នេះ បានក៏ញ៉ាំងឡើងក្រោយពីភរិយារបស់សពជនរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Juppy អះអាងថា ពីទទួលបានការគំរាមឲ្យដកពាក្យបណ្ដឹងជាថ្នូរនឹងទឹកប្រាក់ ១០០០ដុល្លារជាដើម។ ភរិយារបស់សពជនរងគ្រោះ ក៏បានបង្ហាញពីទុក្ខសោក ក្ដីឈឺចាប់របស់ខ្លួនយ៉ាងហូរហែ អំឡុងពេលដែលជនបង្កមិនទាន់ចូលខ្លួនមកសារភាពកំហុសផងដែរ។
យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃស្លាប់ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលដល់ ១៥លានរៀល ព្រមទាំងអាចផ្ដន្ទាទោសបន្ថែមថ្មីមួយ ឬច្រើនទៀត៕