29 C
Phnom Penh

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទម្លាយ​ថា រដ្ឋាភិបាល​ខ្មែរ​ខ្ចី​លុយ​ចិន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សង់​ព្រែកជីក​ហ្វូណន​និង​ត្រៀម​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទម្លាយ​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្ចី​លុយ​ចិន​តែ ១៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ទេ ប៉ុន្តែ​បាន​ខ្ចី​លុយ​ចិន​ដល់​ទៅ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា ព័ត៌មាន​ដ៏​រសើប​ពី​ផ្ទៃ​ខាង​ក្នុង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​លេច​ធ្លាយ​ថា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​សេដ្ឋកិច្ច​របស់​កម្ពុជា នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត បាន​ខ្ចី​លុយ​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មួយ​ចំណែក​យក​ទៅ​សាងសង់​ព្រែកជីក​ហ្វូណន តាម​ការ​ចង្អុល​បង្ហាញ​របស់​ចិន និង​មួយ​ចំណែក​ទៀត គឺ​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ពេលនេះ និង​នៅ​ឆ្នាំ​ក្រោយ​បន្ត​ទៀត។

ប្រភព​មន្ត្រី​ខាងលើ​លើកឡើង​ថា ព្រែកជីក​នេះ​គ្មាន​ចំណេញ​អ្វី​ខ្លះ​ដល់​ប្រទេស​កម្ពុជា​ទេ ហើយ​ក៏​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ តែ​អាច​ចំណេញ​ត្រឹមតែ​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ ព្រោះ​ថា​តាម​គម្រោង​ស្តង់ដារ​ព្រែកជីក​នេះ កម្ពុជា​គ្មាន​ទាំង​នាវា និង​ទំនិញ​ដល់​កម្រិត​សម្រាប់​ប្រើ​ព្រែកជីក​នេះ​សម្រាប់​នាំ​ចេញ​ទៅ​បរទេស​ទេ ប៉ុន្តែ​នាវា​ដែល​អាច​ប្រើ​ព្រែកជីក​នេះ និង​ការ​នាំចូល​ទំនិញ​មក​កម្ពុជា គេ​រំពឹង​ថា​មាន​តែ​នាវា​ចិន ទំនិញ​ចិន និង​នាវា​វៀតណាម ព្រមទាំង​ទំនិញ​វៀតណាម ប៉ុណ្ណោះ។

ប្រភព​មន្ត្រី​ដដែល​បន្ថែម​ថា សព្វថ្ងៃ​នេះ កម្ពុជា​ក៏​មាន​ទំនិញ​នាំចេញ​ដែរ ប៉ុន្តែ​មិន​មាន​ច្រើន​ទេ ដូច្នេះ​នៅ​ពេល​ដែល​ព្រែកជីក​នេះ​ដំណើរការ កម្ពុជា​អាច​ត្រឹមតែ​ជួល​នាវា​ចិន​ប៉ុណ្ណោះ​សម្រាប់​ដឹក​ទំនិញ​ដែល​កម្ពុជា​មាន​បន្តិចបន្តួច​នេះ ហើយ​ទំនិញ​ដែល​នាំចេញ​បន្តិចបន្តួច​នេះ ក៏​ជា​ទំនិញ​ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ជា​ជនជាតិ​ចិន ដែរ ដែល​ពួកគេ​បាន​សហការ​រកស៊ី​ជាមួយ​មន្ត្រី​ធំៗ​របស់​កម្ពុជា ដើម្បី​រក​ផល​ចំណេញ​ផ្ទាល់ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ការ​សាងសង់​ព្រែកជីក​នេះ នឹង​ធ្វើ​ទៅ​តាម​តែ​ការ​ចង្អុល​បង្ហាញ​របស់​ចិន​ប៉ុណ្ណោះ ដែល​នេះ​ក៏​អាច​ជា​លក្ខខណ្ឌ​ក្នុង​ការ​ខ្ចី​បំណុល​នេះ​ដែរ ក្នុង​នោះ ចិន​ក៏​នឹង​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ ១,៦​លាន​នាក់ ដែល​រស់នៅ​អម​សងខាង​ព្រែក​នេះ​ថែម​ទៀត។

ប្រភព​ដដែល គូស​បញ្ជាក់​ថា ក្រោយ​ព្រែកជីក​នេះ​ចាប់ផ្តើម​ដំណើរការ សំណង់​នានា ដូចជា បុរី ផ្ទះល្វែង និង​ខុនដូរ ជាដើម ក៏​នឹង​ត្រូវ​បាន​សាងសង់​នៅ​តាម​សងខាង​ព្រែកជីក​នេះ​ដែរ ប៉ុន្តែ​សំណង់​ទាំងនោះ​ច្បាស់​ជា​មិនមែន​ជា​របស់​ក្រុមហ៊ុន​ខ្មែរ​ទេ គឺជា​របស់​ក្រុមហ៊ុន​ចិន​ទាំងអស់ ខណៈ​ពលរដ្ឋ​ខ្មែរ ១,៦​លាន​នាក់​ដែល​រស់នៅ​អម​សងខាង​ព្រែកជីក​នេះ គ្រាន់តែ​ជា​អតិថិជន​ដែល​ចិន​ត្រូវ​លក់​សំណង់​ទាំងនេះ​ទៅ​ឱ្យ​ប៉ុណ្ណោះ ដូច្នេះ ប្រយោជន៍​ធំ​គឺ​នៅតែ​ចិន ជា​អ្នក​ទទួល​បាន​ពី​ព្រែកជីក​នេះ​ដដែល ខណៈ​កម្ពុជា​មាន​តែ​ហិនហោច​ទៅៗ។

កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ក្នុង​ត្រកូល​ក្រាញ​អំណាច​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធិ​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ថា គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ គ្មាន​អាថ៌កំបាំង​អ្វី​ទេ ក្រៅតែ​ពី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ជាតិ និង​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​នោះ។

លោក ហ៊ុន ម៉ាណែត បញ្ជក់​ថា គម្រោង​ព្រែកជីក​នេះ​មាន​គោលដៅ​ដ៏​ចម្បង​ក្នុង​ការ​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រីកចម្រើន និង​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​កាន់តែ​រីកចម្រើន និង​ធូរធារ​ប៉ុណ្ណោះ ហើយ​នេះ​គឺជា​កិច្ចការ​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ ដើម្បី​សេដ្ឋកិច្ច​ជាតិ និង​ប្រជាជន។

គម្រោង​ផ្លូវ​នាវាចរណ៍​ដែល​ហៅថា «ព្រែកជីក​ហ្វូណន-តេជោ» គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) របស់​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​គ្រោង​នឹង​សាងសង់​ប្រវែង ១៨០​គីឡូម៉ែត្រ​ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តាហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន ៤ រួម​មាន ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់​រស់នៅ​អម​សងខាង​ផ្លូវទឹក​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក។

កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ប្រគល់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ឱ្យ​ក្រុមហ៊ុន​ចិន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) សិក្សា​លម្អិត​ហើយ មុន​នឹង​ឈាន​ដល់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​សាងសង់​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដែល​គេ​រំពឹង​ថា ព្រែកជីក​នេះ​នឹង​ត្រូវ​ចិន​គ្រប់គ្រង​ដូច​ផ្លូវ​ល្បឿន​លឿន និង​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ជាតិ​បន្ថែម​ទៀត​ជុំវិញ​គម្រោង​ព្រែកជីក​នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ធ្លាប់​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ក្រោយ​ពី​លោក ហ៊ុន សែន ព្យាយាម​យក​គម្រោង​ព្រែកជីក​នេះ​ទៅ​ភ្ជាប់​ជាមួយ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ដើម្បី​ឱ្យ​ចិន​ជួយ​ការពារ​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​ខ្លួន​ពី​ការ​គំរាមកំហែង​របស់​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស