29 C
Phnom Penh

គណបក្ស​មួយ​ស្នើ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ជាច្រើន​រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រឆាំង​ទើប​បង្កើត​ថ្មី គឺ​គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​លោក កឹម សុខា រួម​ទាំង​អ្នកទោស​មនសិការ និង​មេដឹកនាំ​សហជីព​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

យោង​តាម​លិខិត​របស់​គណបក្ស​កម្លាំង​ជាតិ ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា លោក ថាច់ សេដ្ឋា ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ លោក កាក់ កុម្ភារ លោក សៀម ភ្លុក លោក តូច ថឹង លោក រឿន វីរ៉ាត់ លោកស្រី នូ សុទ្ធារី លោក ចៅ វាសនា កញ្ញា សេង ធារី និង​កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

លោក កឹម សុខា ជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ដាក់​ឃុំ​ក្នុង​ផ្ទះ ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស ឬ​ឃុបឃិត​ជាមួយ​បរទេស។

លោក ថាច់ សេដ្ឋា ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​តុលាការ​កាត់ទោស ៣​ឆ្នាំ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​តាម​សុន្ទរកថា​របស់​លោក​ជាមួយ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ដើម​ឆ្នាំ​២០២៣ នៅ​កូរ៉េខាងត្បូង។ នេះ​ជា​ការ​កាត់ទោស​បន្ថែម​ពី​លើ​សំណុំរឿង​ទី​១ ដែល​លោក ថាច់ សេដ្ឋា ត្រូវ​បាន​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ ពី​បទ​ទូទាត់​សង​ប្រាក់​មិន​ប្រក្រតី ឬ​ចេញ​សែក​ស្អុយ។

រីឯ​កញ្ញា សេង ធារី ត្រូវ​បាន​កាត់ទោស ៦​ឆ្នាំ ពី​បទ​ញុះញង់​ទាក់ទង​ការ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។

ចំពោះ​ស្ត្រី​ជា​សកម្មជន​សហជីព​មួយ​រូប​វិញ ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ខែ​ឧសភា ឲ្យ​ពន្ធនាគារ ២​ឆ្នាំ ពី​បទ​ញុះញង់។ ការ​កាត់ទោស​នេះ ធ្វើឡើង​បន្ទាប់ពី​កញ្ញា ឈឹម ស៊ីថរ ដឹកនាំ​សមាជិក​សហជីព​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​បុគ្គលិក​ពី​សំណាក់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

អ្នក​នយោបាយ​ផ្សេង​ទៀត រួម​មាន​លោក តូច ថឹង លោកស្រី នូ សុទ្ធារី លោក ខឿន វីរ៉ាត់ និង​លោក សៀម ភ្លុក ជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវ​បាន​កាត់ទោស​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ ដាក់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ ពី​បទ​ក្លែង​បន្លំ​ស្នាម​មេដៃ​សុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា ចាប់តាំងពី​ចុង​ឆ្នាំ​២០១៧ រហូត​មក​ទល់​ចុង​ឆ្នាំ​២០២៣ នេះ ប្រទេស​កម្ពុជា​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា កំពុង​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​រហូត​បណ្តាល​ឱ្យ​សហគមន៍​អន្តរជាតិ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប (EBA) ចំនួន ២០% ខណៈ​សហរដ្ឋ​អាមេរិក មិន​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល GSP ចាប់តាំងពី​ដំណាច់​ឆ្នាំ​២០២០ មក។

ដើម្បី​បាន​ការ​អនុគ្រោះ​នេះ​មក​វិញ គណបក្ស​ប្រឆាំង​នេះ​លើកឡើង​ថា មាន​តែ​ដំណោះស្រាយ​ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ទាំងអស់​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ​ទេ។

គណបក្ស​កម្លាំង​ជាតិ​បញ្ជាក់​ថា អ្នក​នយោបាយ​សំឡេង​ជំទាស់ មន្ត្រី​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល សកម្មជន​សហជីព សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រង​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​អាណត្តិ​មុន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ថ្លែង​ថា គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​នេះ គឺ​ដោយសារតែ​គណបក្ស​បាន​មើល​ឃើញ​ថា ការ​ឃុំ​ខ្លួន​ពួកគេ​ទាំងអស់​នោះ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ជាជាង​ការ​អនុវត្ត​ច្បាប់។

លោក​ថ្លែង​ថា រឿង​ទាំងអស់​នេះ​វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ហេតុ​ដូច្នេះ​ហើយ បាន​ជា​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ធ្វើ​អន្តរាគមន៍​ករណី​អ្នក​ជាប់​ឃុំ​មនសិការ ដូចជា​ករណី​លោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ ជា​មេ​សហជីព រួម​ទាំង​សកម្មជន​នយោបាយ​ផ្សេងៗ​ទៀត​ឱ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តាម​គោលការណ៍ នាយករដ្ឋមន្ត្រី​មិន​អាច​លូក​ដៃ​ចូល​កិច្ចការ​តុលាការ​ដោយ​បញ្ជា​ឲ្យ​ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ណា​មួយ​បាន​ឡើយ ប៉ុន្តែ​លោក​ពន្យល់​ថា បើ​ចង់​ជួយ​អ្នក​ដែល​ជាប់​ទោស​ទាំងនោះ គឺ​ចូលរួម​តាម​នីតិវិធី​របស់​តុលាការ​ដោយ​ប្រើ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស