លោក ហ៊ុន សែន (រូប​ស្ដាំ) អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​បង្កើត​របស់​លោក និង​ជា​ម្ចាស់​ក្រុមហ៊ុន អ័រគីដេ វីឡា។

ជម្លោះដីធ្លី

កូនស្រី​លោក ហ៊ុន សែន ម្ចាស់​ក្រុមហ៊ុន​អ័រគីដេ​វីឡា​ទទួល​បាន​ដី​តំបន់​បឹង​ជើងឯក​ជិត​៤០​ហិកតារ

By ឌឹ ខេមបូឌា ដេលី

December 27, 2023

ម្ចាស់​ក្រុមហ៊ុន អ័រគីដេ វីឡា អ្នកស្រី ហ៊ុន ម៉ាណា គឺជា​បុគ្គល​ទី​៤ ហើយ​ដែល​បាន​ទទួល​ចំណែក​ដី​រដ្ឋ​ក្នុង​តំបន់​បឹង​ជើងឯក ជិត ៤០​ហិកតារ (៣៧៤៦៧៨​ម៉ែត្រក្រឡា) ធ្វើជា​កម្មសិទ្ធិ​កាលពី​ដើម​ឆ្នាំ​២០១៨ ពី​ឪពុក​របស់​អ្នកស្រី គឺ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ។

លោក ហ៊ុន សែន ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុក​ជា​មេដឹកនាំ​លួច​លក់​ទ្រព្យសម្បត្តិ​ជាតិ​ផ្ដាច់មុខ​នៅ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ៤០​ហិកតារ (៤៧៣១៧៦​ម៉ែត្រក្រឡា) ស្ថិត​នៅ​ភូមិ​ខ្វា ភូមិ​ម័ល និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ ចេញពី​ផ្ទៃ​បឹង​ជើងឯក និង​ប្រឡាយ ដែល​ជា​ដី​រដ្ឋ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន អ័រគីដេ វីឡា ឯ.ក របស់​អ្នកស្រី ហ៊ុន ម៉ាណា មួយ​ចំណែក​ដែល​មាន​ទំហំ​ដី​ជិត ៤០​ហិកតារ (៣៧៤៦៧៨​ម៉ែត្រក្រឡា) និង​ឧកញ៉ា ខូវ គឹមបាក់ មួយ​ចំណែក​ដែល​មាន​ទំហំ​ដី​ជិត ១០​ហិកតារ (៩៨៤៩៨​ម៉ែត្រក្រឡា) ផង​ដែរ។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន និង​រដ្ឋមន្ត្រី រួម​ទាំង​គណៈកម្មាធិការ​កំណត់​បឹងបួ​ដែល​ពាក់ព័ន្ធ ត្រូវតែ​អនុវត្ត​តាម​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ​ជា​កំហិត។

បឹងទំពុន ឬ​បឹង​ជើងឯក ជា​បឹង​ធម្មជាតិ​នៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ដែល​មួយ​ចំណែក​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ និង​សង្កាត់​ចាក់អង្រែក្រោម ក្នុង​ខណ្ឌ​មានជ័យ និង​មួយ​ចំណែក​ទៀត​ស្ថិត​ក្នុង​សង្កាត់​ដង្កោ និង​សង្កាត់​ជើងឯក ក្នុង​ខណ្ឌ​ដង្កោ នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល ដែល​មាន​ផ្ទៃ​ទឹក​សរុប​ប្រមាណ ២៦០០​ហិកតារ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ត្រឹម ៥២០​ហិកតារ​ប៉ុណ្ណោះ​ជា​ផ្ទៃ​បឹង​រក្សាទុក និង​កំណត់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

របាយការណ៍​របស់​អង្គការ​លីកាដូ បាន​បង្ហាញ​ថា បឹងទំពុន ឬ​បឹង​ជើងឯក នេះ មាន​មុខងារ​ប្រើប្រាស់​ជា​អាង​ស្ដុក​ទឹក និង​រំដោះ​ទឹកភ្លៀង​ដ៏​សំខាន់​ប្រមាណ ៧០% ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​បឹង​នេះ​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ឆ្វៀល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់។

គិត​ត្រឹម​ឆ្នាំ​២០២២ កន្លង​ទៅ បឹង​នេះ​ត្រូវ​បាន​កាត់​ឆ្វៀល​អស់ ៩​លើក​ហើយ ដែល​មាន​ទំហំ​ប្រមាណ​ជា ៤០០​ហិកតារ (៣៨៤​ហិកតារ) ហើយ​មាន​ក្រុមហ៊ុន​ចំនួន ១៤ កំពុង​មាន​វត្តមាន​លើ​ផ្ទៃដី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​អនុប្បយោគ​នេះ ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន អ័រគីដេ វីឡា របស់​អ្នកស្រី ហ៊ុន ម៉ាណា ដែរ។

កាលពី​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០០៨ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ជើងឯក និង​ប្រឡាយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​មាន​ទំហំ​សរុប​ចំនួន ៥២០​ហិកតារ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១២ មក បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​មួយ​នេះ​ត្រូវ​បាន​កាត់​ឆ្វៀល​ប្រគល់​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ជា​បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ។

ក្រោយពី​ការ​កាត់​ឆ្វៀល គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ទាំងនោះ បាន​ចាក់​ដី​លុប​បឹង​នេះ​ជា​បន្តបន្ទាប់ ដើម្បី​កសាង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល និង​សកម្មជន​បរិស្ថាន តែងតែ​ស្នើ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​នូវ​ការ​កាត់​ឆ្វៀល​បន្ត​ទៀត ដើម្បី​បញ្ចៀស​នូវ​ការ​ចាក់​ដី​លុប​បឹង​នេះ​ទៅ​ថ្ងៃ​មុខ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ថា លោក​ធុញទ្រាន់​ចំពោះ​ក្រុម​អ្នក​រិះគន់​រូបលោក និង​ការ​លើកឡើង​ដដែលៗ​មិន​ចេះ​ចប់​ចំពោះ​ការ​លុប​បឹង​ក្នុង​ទីក្រុង​ភ្នំពេញ​រហូត​មក។ លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវការ​ការ​អភិវឌ្ឍ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​លុប​បឹង​ដើម្បី​ពង្រីក​ទីក្រុង។

លោក​សួរ​ថា កាលពី​មុន​គេ​លុប​បឹង​ក្នុង​ទីក្រុង​ភ្នំពេញ​បាន ចុះ​ពេលនេះ​ហេតុ​អ្វី​លោក​លុប​មិន​បាន ?

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​សម្រុក​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លុប​បឹង​ធម្មជាតិ​ជាច្រើន​កន្លែង រួម​មាន បឹងទំពុន បឹង​តាមោក និង​បឹងកក់ ជាដើម ដែល​បឹង​ទាំងនេះ​ធ្លាប់​ជា​កន្លែង​ស្តុក​ទឹក និង​រំដោះ​ទឹក​ដ៏​សំខាន់​ក្នុង​រដូវវស្សា ដើម្បី​កុំ​ឱ្យ​ជន់​លិច​ទីក្រុង​ភ្នំពេញ។

របាយការណ៍​សមាគម​ធាងត្នោត បាន​បង្ហាញ​កាលពី​ពេល​កន្លង​ទៅ​ថា បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​ទឹកសាប ដូចជា​បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ជាដើម គឺជា​ប្រភព​ទឹក​សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដ៏​ចម្បង​ដល់​ប្រជាជន និង​មាន​ឥទ្ធិពល​ដល់​គុណភាព​ខ្យល់ តាមរយៈ​រុក្ខជាតិ​ដែល​រស់នៅ​លើ​ទឹក​ផង​ដែរ ដែល​អាច​កាត់​បន្ថយ​នូវ​ជាតិ​គីមី​ពុល ដូចជា ការ​ស្រូប​យក​ឧស្ម័ន​កាបូនិច ហើយ​បញ្ចេញ​មក​វិញ​នូវ​ឧស្ម័ន​អុកស៊ីហ្សែន ដើម្បី​បន្សុទ្ធ​ខ្យល់​ក្នុង​បរិយាកាស និង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី​ថែម​ទៀត។

បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន ២៦​កន្លែង ក្នុង​នោះ​មាន​បឹងត្របែក​១ បឹងកក់ បឹងស្នោ បឹងឈូក បឹងសាឡាង និង​បឹង​ចំនួន ១១​កន្លែង​ផ្សេង​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​លុប​បាត់​ទាំងស្រុង ខណៈ​បឹងទំពុន ឬ​បឹង​ជើងឯក និង​បឹង​តាមោក ជាដើម ត្រូវ​បាន​ចាក់​ដី​លុប​ផ្នែក​ខ្លះ ហើយ​ក៏​កំពុង​បន្ត​លុប​បន្ថែម​ទៀត​ដែរ​សព្វថ្ងៃ​នេះ។

ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​នានា​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ជា​បក្ខពួក​របស់​គាត់​ក្នុង​ម្នាក់ៗ​ចាប់ពី​រាប់​សិប​ហិកតារ រហូត​ដល់​រាប់​ម៉ឺន​ហិកតារ ប៉ុន្តែ​បើ​ទោះបីជា​គាត់​លែង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ហើយ​ក៏ដោយ ក៏​គេ​នៅតែ​ជឿ​ថា គាត់​នៅតែ​មាន​អំណាច​កាត់​ឆ្វៀល​ដី​ទាំងនោះ​ដដែល តាមរយៈ​កូនប្រុស​របស់​គាត់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​គាត់​នៅ​ពេលនេះ៕