សំណុំរឿងចោទប្រកាន់បែបនយោបាយ ត្រូវបានរំលាយចោលនៅក្រោមរដ្ឋាភិបាលថ្មីមកពីបក្សប្រឆាំង ជាបក្សប្រកាន់គោលការណ៍ដឹកនាំបែបប្រជាធិបតេយ្យ។
នៅពេលនេះ រាជាណាចក្រថៃ បានឈ្លានដល់ការផ្សះផ្សាជាតិ និងនយោបាយមួយដំណាក់កាលថ្មីទៀត ដោយតុលាការកំពូលរបស់ប្រទេសប្រជាធិបតេយ្យមួយនៅអាស៊ីអាគ្នេយ៍នេះ កាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់និរទេសខ្លួននៅក្រៅប្រទេស គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា រួចផុតពីការចោទប្រកាន់ពីការរំលោភអំណាចពាក់ព័ន្ធនឹងការផ្ទេរមុខតំណែងអតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិម្នាក់កាលពីឆ្នាំ២០១១។
តាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ការសម្រេចរបស់តុលាការកំពូលប្រទេសថៃ ធ្វើឡើងក្រោយពីតុលាការនេះប្រកាសថា ចៅក្រមអង្កេតមិនបានរកឃើញភស្តុតាងពីបទល្មើសព្រហ្មទណ្ឌសមគំនិតកាលពីឆ្នាំ២០១១ ករណីការចុះហត្ថលេខាលើបទបញ្ជាមួយពាក់ព័ន្ធនឹងអ្នកស្រី យីងឡាក់ ក្នុងឋានៈជានាយករដ្ឋមន្ត្រីថៃ ក្នុងការផ្លាស់ប្ដូរតួនាទីអតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Thawil Pliensri ទៅកាន់តំណែងជាទីប្រឹក្សាម្នាក់របស់នាយករដ្ឋមន្ត្រីកាលពីខែកញ្ញា ឆ្នាំ២០១១ នោះទេ។
ជាមួយគ្នានេះទៀត តុលាការកំពូលថៃ ក៏បានលុបចោលដីកាចាប់ខ្លួនអ្នកស្រី យីងឡាក់ ផងដែរ។ ខ្លឹមសារនៃសាលក្រមរបស់ខ្លួន តុលាការកំពូលថៃ បានរៀបរាប់ថា អ្នកស្រី យីងឡាក់ មិនមានផែនការក្នុងការបង្កការខូចខាត ហើយការផ្ទេរតំណែងនោះគ្រាន់តែជានីតិវិធីធម្មតាប៉ុណ្ណោះ។
តាមសាលដីកានេះ ការចោទថាអ្នកស្រី យីងឡាក់ តែងតាំងលោក Thawil ជាទីប្រឹក្សានាយករដ្ឋមន្ត្រីដើម្បីបើកផ្លូវឱ្យលោក Priewpan Damapong ដែលជាសាច់ញាតិម្នាក់របស់អ្នកស្រី កាន់តំណែងជាអគ្គស្នងការនគរបាលជាតិថៃ មិនមានកំហុសព្រហ្មទណ្ឌនោះទេ ហើយស្របតាមនីតិវិធីរដ្ឋបាល។
កាលពីថ្ងៃទី២២ សីហា តុលាការរបស់រាជាណាចក្រនេះក៏បើកភ្លើងខៀវឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលជាបងប្រុសបង្កើតរបស់អ្នកស្រី យីងឡាក់ បានវិលចូលប្រទេសថៃ វិញផងដែរ។ លោក ថាក់ស៊ីន វិលចូលប្រទេសថៃ វិញ គឺជាការបញ្ចប់ការនិរទេសខ្លួនតាំងពីឆ្នាំ២០១៨។
តែនៅពេលនោះ អ្នកស្រី យីងឡាក់ ក៏ជាអតីតនាយករដ្ឋមន្ត្រីថៃ នោះ មិនបានវិលចូលរាជាណាចក្រថៃ តាមបងប្រុសរបស់អ្នកស្រីនោះទេ។ អ្នកស្រី យីងឡាក់ បានជួបជុំជាមួយនឹងបងប្រុសរបស់អ្នកស្រីនៅលើទឹកដីប្រទេសសិង្ហបុរី។ អ្នកស្រីក៏បានពោលពាក្យចង់មករួមរស់នៅក្នុងសង្គមថៃ វិញផងដែរជាមួយនឹងរាជាណាចក្រនេះមានរដ្ឋាភិបាលថ្មីដែលមិនមែនរដ្ឋាភិបាលរបស់ពួកយោធា។
ក្រុមយោធាដែលបានប្លន់អំណាចតាមរយៈរដ្ឋប្រហារនៅខែឧសភា ឆ្នាំ២០១៤ បានព្យាយាមកាន់អំណាចជិត ៩ឆ្នាំ ប៉ុន្តែត្រូវបានផ្ដួលអំណាចនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការបោះឆ្នោតដែលពេលនោះក្រុមបក្សប្រឆាំងបានឈ្នះក្នុងការបោះឆ្នោត។
យ៉ាងណា ការបង្រួបបង្រួមជាតិថៃ ដែលគេថានៅក្រោមការដឹកនាំរបស់បក្សប្រឆាំងនៃគណបក្សភឿថៃ ក៏ធ្វើឡើងដោយសារតែបក្សភឿថៃ នេះ បានសម្រេចឱ្យមានរដ្ឋាភិបាលចម្រុះដ៏ទូលំទូលាយមួយ ហើយក៏មានបក្សរបស់ពួកយោធាក្នុងសមាសភាពរដ្ឋាភិបាលថ្មីនេះផងដែរ។
ក្នុងហេតុផលនេះ ពួកយោធាបានបើកផ្លូវឱ្យអ្នកនយោបាយដែលនិរទេសខ្លួនទាំងអស់ រួមទាំងលោក ថាក់ស៊ីន និងអ្នកស្រី យីងឡាក់ អ្នកនយោបាយដ៏មានឥទ្ធិពលពីររូបនេះក៏បានវិលមករួមរស់ក្នុងសង្គមថៃ ឡើងវិញ។
សាលដីការបស់តុលាការកំពូល ដែលបើកផ្លូវឱ្យអ្នកស្រី យីងឡាក់ វិលចូលរាជាណាចក្រថៃ វិញ ក្រោយពីទាត់ចោលសំណុំរឿងព្រហ្មទណ្ឌទាំងអស់ប្រឆាំងនឹងអ្នកស្រី ហើយនៅប៉ុន្មានសប្ដាហ៍ទៀតនេះ លោក ថាក់ស៊ីន ក៏នឹងទទួលបានការលើកលែងទោសជាស្ថាពរ។
ប៉ុន្តែអំណាចរបស់តុលាការកំពូលរាជាណាចក្រថៃ នៅពេលនេះ ក៏ត្រូវបានគេមើលឃើញថារត់តាមស្ថានភាពនយោបាយផងដែរ។
វាមានន័យថា បើនយោបាយឆ្ពោះទៅរកការផ្សះផ្សាជាតិ គឺការចោទប្រកាន់ទោះបីបទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋក៏ដោយ ក៏ត្រូវតែទម្លាក់ចោលផងដែរ បើជនជាប់ចោទនោះជាអ្នកនយោបាយដែលជាក់ស្ដែងដូចជាអ្នកស្រី យីងឡាក់ នៅពេលនេះ។
រាជាណាចក្រថៃ នៅពេលនេះ គឺរដ្ឋាភិបាលរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះស្ថិតនៅក្នុងការដឹកនាំរបស់គណបក្សប្រកាន់គោលការណ៍ប្រជាធិបតេយ្យ។
ការផ្សះផ្សាជាតិដ៏ទូលំទូលាយនេះ វាពិតណាស់កើតចេញពីការសម្របសម្រួលបញ្ចប់ហិង្សានយោបាយរវាងពួកយោធា និងគណបក្សមាននិន្នាការប្រជាធិបតេយ្យ ដូចជាគណបក្សភឿថៃ ជាដើមនេះ ប៉ុន្តែរដ្ឋាភិបាលចម្រុះដែលមានពួកយោធាជាសមាសភាពផងដែរនៅក្នុងគណៈរដ្ឋមន្ដ្រីរបស់បក្សភឿថៃ ដែលនាយករដ្ឋមន្ត្រីនេះប្រកាន់គោលការណ៍អហិង្សា ហើយចង់ឱ្យមានការផ្សះផ្សាជាតិជុំវិញបក្សភឿថៃ និងលោក ស្រេតថា ថាវីសីន ជានាយករដ្ឋមន្ត្រី។
អ្នកជំនួញអចលនទ្រព្យដែលគេថាជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ ចូលកាន់តំណែងភ្លាម គាត់បានជួយសម្រួលមិនត្រឹមតែភាពតានតឹងនយោបាយថៃនោះទេ គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាជនថៃរាប់លាននាក់ដែលជាប់បំណុលធនាគារផងដែរ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបង្រួបបង្រួមនេះ ក៏បញ្ចេញគោលនយោបាយដោះបំណុលដល់ពលរដ្ឋខ្លួនឯងរាប់សែននាក់ និងរហូតដល់ទម្លាក់ពន្ធអាករផ្សេងៗទៀតផង។
អ្នកសង្កេតការណ៍នៅក្នុងតំបន់មើលឃើញរូបភាពនៅក្នុងរាជាណាចក្រថៃ នៅពេលនេះខុសប្លែកឆ្ងាយណាស់ប្រសើរឆ្ងាយណាស់ បើធៀបនឹងស្ថានភាពនយោបាយរបស់ប្រទេសជិតខាងថៃ មានដូចជាប្រទេសភូមា ដែលកំពុងធ្លាក់នៅក្នុងការគ្រប់គ្រងរបស់ពួកយោធា ដែលប្លន់អំណាចរបស់អ្នកប្រជាធិបតេយ្យកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងការកាន់អំណាចរបស់បក្សមួយនៅកម្ពុជា ដែលកម្ចាត់អ្នកនយោបាយប្រឆាំងមិនឱ្យចូលសង្វៀនប្រកួត គឺបិទឈឹងតែម្ដងការផ្សះផ្សាជាតិ៕
© 2023, . All rights reserved.