រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួប​ទី​២៥​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ និង​ខួប​ទី ៥​ឆ្នាំ​នៃ​វិមាន​ឈ្នះ​ឈ្នះ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣។

នយោបាយ

រដ្ឋាភិបាល​ចាត់ទុក​នយោបាយ​ឈ្នះ​ឈ្នះ​ជា​មាគ៌ា​ដ៏​សំខាន់​ត្រួសត្រាយ​ផ្លូវ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

December 31, 2023

រដ្ឋាភិបាល​ប្រារព្ធ​ខួប ២៥​ឆ្នាំ​នៃ​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដែល​រដ្ឋាភិបាល​ចាត់ទុក​ជា​មាគ៌ា​ដ៏​សំខាន់​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច ហាក់​កំពុង​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ។

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប ២៥​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ស្ថិត​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នៅ​ឯ​វិមាន​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា នយោបាយ​ឈ្នះ​ឈ្នះ ត្រូវ​បាន​ដាក់​ចេញ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី។

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល ជាពិសេស​លោក ហ៊ុន សែន បាន​ឱ្យ​តម្លៃ​ខ្ពស់​លើ​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម និង​ទទួល​បាន​សន្តិភាព​ពេញលេញ។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ពិធី​អបអរ​សាទរ​ខួប​នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ គឺជា​កម្មវិធី​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​មិន​អាច​កាត់ថ្លៃ​បាន។ វិមាន​នយោបាយ​ឈ្នះ​ឈ្នះ​ជា​និមិត្តរូប​ខ្មែរ​ទាំងអស់ និង​ជា​និមិត្តរូប​នៃ​សុខ​សន្តិភាព។ ដូច្នេះ​វិមាន​នេះ​សង់​ឡើង​ដើម្បី​ខ្មែរ​ទាំងអស់​គ្នា។ ការ​ចងក្រង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ដំណើរ​របស់​កម្ពុជា មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ បន្ត​ឆ្លាក់​រាល់​ព្រឹត្តិការណ៍ និង​សមិទ្ធផល​របស់​កម្ពុជា​ជា​បន្ត​ទៀត​នៅ​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ។ ការ​ធានា ៣​យ៉ាង​ជា​ស្នូល​នៃ​ការ​អនុវត្ត​បាន​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ រួម​មាន ទី​១ ធានា​អាយុជីវិត និង​រូបកាយ ទី​២ ធានា​អាជីព និង​មុខរបរ ហើយ​ទី​៣ ធានា​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ។

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ នៃ​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៅវិញ​ទេ ដែល​ជា​ថ្ងៃ​ផ្តល់​កំណើត​ពិតប្រាកដ​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ថ្ងៃ​នេះ​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ព្យាយាម​លុប​បំបាត់​ចោល​ដែរ។

លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់​បាន​ពន្យល់​ច្រើន​ដង​ហើយ​ថា ក្រោយ​រំដោះ​ប្រទេស​ជាតិ​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​ឡើយ ខណៈ​កម្លាំង​ទ័ព​ខ្មែរ​នៅ​តាម​ព្រំដែន និង​កម្លាំង​គ្រប់​ភាគី​នៅ​បន្ត​ប្រឈមមុខ​ដាក់​គ្នា។

លោក ហ៊ុន សែន លើកឡើង​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ទៅ​ហើយ​ក្តី ក៏​មិន​អាច​អូសទាញ​អ្នក​នយោបាយ​ខ្មែរ និង​អ្នក​ជាតិ​និយម​មក​ធ្វើការ​ជាមួយ​គ្នា​បាន ខណៈ​ស្ថានភាព​ផ្ទុះ​សង្គ្រាម​ស៊ីវិល​ឡើងវិញ ងាយ​នឹង​កើត​ឡើង​ជា​ថ្មី។

លោក​បន្ត​ថា ចំណែក​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) ដែល​មក​ជួយ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា ឆ្នាំ​១៩៩៣ និង​ចំណាយ​ថវិកា ២​ពាន់​លាន​ដុល្លារ​នោះ ក៏​មិន​អាច​ធានា​ពី​និរន្តរភាព​សន្តិសុខ​នៅ​កម្ពុជា​ដែរ។ មិន​តែប៉ុណ្ណោះ ក៏​មាន​ស្ថានភាព​ផ្ទុះ​អាវុធ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចោទ​គ្នា​ទៅវិញ​ទៅមក​ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​ដាក់​គ្នា​ផង។

លោក ហ៊ុន សែន អះអាង​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​រូប​ឱ្យ​តម្លៃ​លើ​គោលនយោបាយ​ឈ្នះ​ឈ្នះ។ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន និង​ថ្នាក់​ដឹកនាំ មន្ត្រី​បក្ស​ដែល​ដឹកនាំ​រដ្ឋាភិបាល ចាត់ទុក​ជា​គោលនយោបាយ​ដ៏​ធំ​មួយ​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​ឆ្លងកាត់​នូវ​ដំណាក់កាល​សង្គ្រាម ដំណាក់កាល​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រួម​ទាំង​ដំណាក់កាល​សង្គ្រាម​ផង ចរចា​ផង រហូត​ដល់​ការ​លេច​ឡើង​នៃ​វត្តមាន​របស់​នយោបាយ​នេះ។

រដ្ឋាភិបាល​ក៏​បាន​សម្រេច​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ក្នុង​ប្រតិទិន គឺ​សម្រាប់​អបអរ​ជ័យជម្នះ​ដែល​កម្ពុជា​បាន​បិទ​បញ្ចប់​សង្គ្រាម​ទាំងស្រុង។ ការ​បញ្ចូល​នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ប្រតិទិន​នេះ ចាប់តាំងពី​ឆ្នាំ​២០២២ មក ប៉ុន្តែ​មន្ត្រី​រាជការ បុគ្គលិក និង​កម្មករ មិន​ត្រូវ​បាន​អនុញ្ញាត​ឈប់​សម្រាក​នោះ​ទេ។

លោក ហ៊ុន សែន បាន​បង្គាប់​ឱ្យ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន​ទាំងនេះ ត្រូវ​រៀបចំ​ចង​បដា ពាក្យ​ស្លោក ដើម្បី​អបអរ​សាទរ​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ដែល​មាន​ខ្លឹមសារ​ថា «អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ! ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ!»។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ហាក់​ព្យាយាម​កែប្រែ​ប្រវត្តិសាស្ត្រ​តាមរយៈ​ការ​បង្កើត​ព្រឹត្តិការណ៍ ឱ្យ​ពលរដ្ឋ​ចូលរួម និង​ដឹងគុណ​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​បំភ្លេច​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ផ្សេង​ទៀត។ ពួកគាត់​ថា នយោបាយ​ឈ្នះ​ឈ្នះ​មិន​បាន​រួម​ចំណែក​ឱ្យ​ភាគី​ជម្លោះ មក​ចូល​តុ​ចរចា​បញ្ចប់​សង្គ្រាម និង​បង្កើត​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ដូច​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឡើយ៕