សាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្ដីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដោយលើកទៅជំនុំជម្រះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយពុំទាន់ដឹងថា តើលោកនឹងមានមេធាវីការពារក្ដីឬក៏អត់។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានឲ្យដឹងថា សំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវលើកទៅជំនុំជម្រះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែលោកថាគេនៅពុំទាន់ដឹងថា តើលោក កឹម សុខា នឹងមានមេធាវីការពារក្ដីឬក៏អត់ទេ។
ប្រភពដដែលអះអាងថា សំណុំរឿងលោក កឹម សុខា មានភាពស្មុគស្មាញ និងមានឯកសារច្រើន។
ទាក់ទងនឹងសំណុំរឿងនេះ អតីតសហមេធាវីរបស់លោក កឹម សុខា លោកស្រី ម៉េង សុភារី បានឲ្យដឹងថា សហមេធាវីពុំអាចជួបពិភាក្សាជាមួយលោក កឹម សុខា ដែលជាកូនក្ដីបានទេតាំងពីសាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមផ្ដន្ទាទោសរួចមក ដោយសារតែសាលក្រមតុលាការបានហាមមិនឲ្យលោក កឹម សុខា ជួបអ្នកណាទាំងអស់ ក្រៅពីក្រុមគ្រួសាររបស់លោក។
មេដឹកនាំខ្មែរកាងអំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន សែន ធ្លាប់លើកឡើងសាជាថ្មីថា មូលហេតុដែលប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាប់គុកដោយគ្មានការលើកលែងទោស គឺដោយសារបរទេសដែលមានបំណងបំផ្លាញរដ្ឋាភិបាលរបស់លោក គឺស្រឡាញ់លោក កឹម សុខា ពេក។
អតីតទាហានខ្មែរក្រហមរូបនេះអះអាងថា បរទេសទាំងនោះធ្វើនយោបាយចាប់ដៃជាន់ជើងរបស់លោករហូត ព្រោះថាលោក កឹម សុខា ដែលកំពុងត្រូវបានរដ្ឋាភិបាលរបស់លោកចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋបរទេស ស្រាប់តែបរទេសទាំងនោះនាំគ្នាមកសួរសុខទុក្ខលោក កឹម សុខា និងនាំលោក កឹម សុខា ទៅទស្សនកិច្ចនៅស្ថានទូតរបស់ពួកគេទៅវិញ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ។
តុលាការក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ពីលោក កឹម សុខា ដោយហាមការឈរឈ្មោះ ឬចូលរួមបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែមតាមមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ៕