ក្រុមអ្នកតស៊ូមតិកម្ពុជាដែលហៅកាត់ថា CAT (Cambodian Advocacy Team) អំពាវនាវឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រម្លឹករដ្ឋាភិបាលវៀតណាម អំពីកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋសមាជិកនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលត្រូវគោរពសិទ្ធិពលរដ្ឋក្នុងការទទួលបានសេរីភាពផ្នែកជំនឿ និងសាសនារបស់ពលរដ្ឋខ្មែរនៅលើទឹកដីកម្ពុជាក្រោម។
ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លីម បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ចេញពីទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ថា រដ្ឋាភិបាលកម្ពុជាគួរតែរម្លឹករដ្ឋាភិបាលវៀតណាម ឱ្យគោរពសិទ្ធិផ្នែកជំនឿ និងសាសនារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមឱ្យបានច្បាស់ ព្រោះថាសព្វថ្ងៃនេះ អាជ្ញាធរវៀតណាម បានរឹតត្បិតលើការជួបជុំរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមផ្នែកជំនឿសាសនាយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែង អាជ្ញាធរវៀតណាម បានរារាំងព្រះតេជព្រះគុណ ជួន កក្កដា មិនឱ្យសម្ដែងធម៌ទៅកាន់ពលរដ្ឋខ្មែរក្រោមកាលពីពេលថ្មីៗនេះ ជាដើម។
ប្រធានក្រុមអ្នកតស៊ូមតិខាងលើលើកឡើងថា ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមដែលជាទឹកដីកំណើតរបស់ពួកគេ ដែលត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម បច្ចុប្បន្ន គួរតែទទួលបានការគាំពារពេញលេញពីរដ្ឋាភិបាលនៃប្រទេសកម្ពុជា ស្របតាមមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារលើសិទ្ធិនានាដែលរាប់បញ្ចូលទាំងសិទ្ធិជំនឿសាសនាដែរនោះ។
ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជារូបនេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនត្រូវនៅស្ងៀមព្រងើយកន្តើយចំពោះការរំលោភសិទ្ធិទទួលបានសេរីភាពផ្នែកសាសនារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ដោយរដ្ឋាភិបាលវៀតណាម បែបនេះឡើយ ព្រោះថាមាត្រា១៨ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ តម្រូវឱ្យបណ្តាប្រទេសជាសមាជិកគោរពសិទ្ធិទទួលបានសេរីភាពផ្នែកគំនិត ជំនឿ និងសាសនាគ្រប់រូបដោយមិនប្រកាន់ជាតិសាសន៍ឡើយ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម រួមទាំងសិទ្ធិនយោបាយ និងជំនឿសាសនា កំពុងរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាមយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ព្រះភិក្ខុ ជួន កក្កដា ដែលជាធម្មធិកដ៏ល្បីល្បាញមួយព្រះអង្គនៅប្រទេសកម្ពុជា បាននិមន្តទៅសម្ដែងព្រះធម៌នៅវត្តពោធិវង្ស ក្នុងខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម និងមានបំណងទៅសួរសុខទុក្ខពលរដ្ឋខ្មែរក្រោមដែលរស់នៅទីនោះផងដែរ ប៉ុន្តែព្រះអង្គត្រូវអាជ្ញាធរវៀតណាម ហាមឃាត់ និងរារាំងព្រះអង្គមិនឱ្យជួបសួរសុខទុក្ខពលរដ្ឋខ្មែរក្រោមទាំងនោះឡើយ។
ជុំវិញបញ្ហានេះ ព្រះភិក្ខុ ជួន កក្កដា មានសង្ឃដីកាក្នុងវីដេអូមួយកាលពីពេលថ្មីៗនេះថា អាជ្ញាធរវៀតណាម បានបញ្ជាក់ប្រាប់ថា ដោយសារតែការសុំច្បាប់ឱ្យព្រះអង្គសម្ដែងធម៌ទេសនានៅពេលនោះមានរយៈពេលខ្លីពេក ខណៈព្រះចៅអធិការវត្តពោធិវង្ស បញ្ជាក់ថា ព្រះអង្គបានសុំច្បាប់តាំងពីកន្លះខែមុនម្ល៉េះ។
ព្រះសង្ឃអង្គនេះបញ្ជាក់ថា ដោយសារតែមិនបានសម្ដែងធម៌ទេសនា ព្រះគ្រូចៅអធិការវត្តពោធិវង្ស ក៏និមន្តឱ្យព្រះអង្គមានសង្ឃដីកាទៅកាន់ពលរដ្ឋខ្មែរក្រោមដែលបានទៅជួបព្រះអង្គនៅទីនោះ ហើយព្រះភិក្ខុអង្គនេះក៏បាននិយាយទៅពលរដ្ឋខ្មែរទាំងនោះបានប្រមាណជា ៨នាទីប៉ុណ្ណោះ អាជ្ញាធរវៀតណាម ក៏បានហាមឃាត់ម្តងទៀតដោយអះអាងថាអស់ម៉ោង។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការរារាំងរបស់អាជ្ញាធរវៀតណាម បែបនេះ បង្ហាញឱ្យឃើញថា រដ្ឋាភិបាលវៀតណាម មានការប្រុងប្រយ័ត្នចំពោះវត្តមានរបស់ប្រជាពលរដ្ឋខ្មែរខ្លាំងបំផុតនៅលើទឹកដីកម្ពុជាក្រោម ព្រោះថារដ្ឋាភិបាលកុម្មុយនីស្តមួយនេះកំពុងព្យាយាមលុបបំបាត់ទំនៀមទម្លាប់ប្រពៃណីខ្មែរដែលពលរដ្ឋខ្មែរក្រោមកំពុងប្រកាន់ភ្ជាប់សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ បានលើកឡើងកាលពីពេលថ្មីៗនេះថា សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមកំពុងរងនូវការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលវៀតណាមយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ ជាពិសេសគឺការគាបសង្កត់សិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋខ្មែរក្រោមតែម្តង។
លោកបញ្ជាក់ថា ប្រពៃណីសាសនារបស់ពលរដ្ឋខ្មែរក្រោមសព្វថ្ងៃមានការរឹតបន្តឹងពីអាជ្ញាធរវៀតណាមកាន់តែខ្លាំង ក្នុងនោះ ត្រាប្រចាំវត្តអារាមនីមួយៗ ត្រូវរដ្ឋាភិបាលវៀតណាមឆ្លាក់អក្សរវៀតណាមទាំងអស់ ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងការបាត់បង់ប្រពៃណីសាសនារបស់ពលរដ្ឋខ្មែរក្រោមទៅថ្ងៃមុខ។
កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមាត្រា១៨ ចែងថា ជនគ្រប់រូបមានសិទ្ធិសេរីភាពខាងការគិត សតិសម្បជញ្ញៈ និងសាសនា ចំណែករដ្ឋភាគីនៃកតិកាសញ្ញានេះ សន្យាគោរពសេរីភាពស្របច្បាប់ក្នុងការធានាដល់ការអប់រំខាងសាសនា និងសីលធម៌ស្របតាមជំនឿរបស់គេ។
ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំង ហៅថាដែនដីកូសាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមាណជាង ៧លាននាក់ និងមានវត្តអារាមពុទ្ធសាសនាចំនួនជាង ៤០០វត្ត (៤៦១វត្ត) ក្នុងនោះ ខេត្តព្រះត្រពាំង មានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេដែលមានវត្តសរុបរហូតដល់ទៅ ១៤៣វត្ត។
ទឹកដីកម្ពុជាក្រោមដែលមានទំហំជាង ៦ម៉ឺនគីឡូម៉ែត្រក្រឡា (៦៧៧០០គីឡូម៉ែត្រក្រឡា) និងមានខេត្តសរុបចំនួន២១ ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំង ចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ កន្លងទៅ ហើយបើគិតមកដល់ឆ្នាំ២០២៣ នេះ ទឹកដីកម្ពុជាក្រោមបានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំហើយ៕
© 2024, . All rights reserved.