28.4 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ប្រធានាធិបតី​បារាំង​អាច​នឹង​ព្រមាន​លោក ហ៊ុន ម៉ាណែត ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​បារាំង នៅ​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​ពិនិត្យ និង​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក​ផ្អែក​លើ​ច្បាប់ ក្នុង​គោលដៅ​ធានា​អធិបតេយ្យភាព និង​ឯករាជ្យ​ពេញលេញ​នៃ​បណ្ដា​ប្រទេស​នីមួយៗ។

លិខិត​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែល​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ មករា នេះ បញ្ជាក់​ថា លោក អេម៉ានុយអែល ម៉ាក្រុង នឹង​ជួប​រូបលោក​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​មករា ខាងមុខ ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​កាន់​តែ​មាន​លក្ខណៈ​សម្បូរ​បែប ក្នុង​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​សកល។

ខ្លឹមសារ​លិខិត​ខាងលើ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​លើក​ទី​១ នេះ នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​ពិនិត្យ​មើល​គ្រឹះ​ទំនាក់ទំនង​ជា​អាទិភាព​នៃ​ប្រទេស​ទាំង​ពីរ ដូចជា វិស័យ​សេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និង​ហ្វ្រង់កូហ្វូនី និង​មធ្យោបាយ​នានា​ដែល​អាច​ប្រើប្រាស់​រួម​គ្នា ដើម្បី​ពង្រឹង​សណ្ដាប់ធ្នាប់​ពិភពលោក​ផ្អែក​លើ​ច្បាប់ ក្នុង​គោលដៅ​ធានា​អធិបតេយ្យ និង​ឯករាជ្យ​ពេញលេញ​នៃ​បណ្ដា​រដ្ឋ​ទាំងអស់​ផង​ដែរ។

ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​បារាំង នៅ​ពេល​ខាងមុខ​នេះ គឺជា​លើក​ទី​១ ហើយ បន្ទាប់ពី​លោក​បាន​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា។

ចំណែក​ឪពុក​របស់​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ មករា នេះ​ដែរ​ថា លោក​សូម​អបអរ​សាទរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​កូនប្រុស​របស់​លោក​ទៅ​កាន់​សាធារណរដ្ឋ​បារាំង ហើយ​នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ដែរ​ក្នុង​ឆ្នាំ​២០២៤ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ែលឡេត (Jacques PELLET) បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ដោយ​លើក​ទ្បើង​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ លើស​ពី​នេះ លោក ហ្សាក់ ប៉ែលឡេត បញ្ជាក់​ថា បារាំង​នឹង​គាំទ្រ​បេក្ខភាព​របស់​កម្ពុជា ដើម្បី​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី (Francoph onie Summit) នៅ​ឆ្នាំ​២០២៦ ខាងមុខ ដែល​នឹង​មាន​រដ្ឋ និង​រដ្ឋាភិបាល​ប្រមាណ​ជាង ៩០ នៅ​ទូទាំង​សាកលលោក​ចូលរួម។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មករា ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​បារាំង មាន​ហេតុផល​មួយ​ចំនួន ក្នុង​នោះ បារាំង​ធ្លាប់​ជា​ម្ចាស់​អាណានិគម​លើ​កម្ពុជា ដូច្នេះ​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​បារាំង និង​កម្ពុជា គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដែល​បារាំង​ត្រូវ​បន្ត​ស្មារតី​ដែល​មាន​តាំងពី​សម័យ​អាណានិគម ដូចជា ភាសា​បារាំង ដែល​គេ​ហៅ ហ្វ្រង់កូហ្វូនី និង​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ ជាដើម ដែល​បារាំង​គឺជា​អ្នក​ធ្វើ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ដែរ​នោះ។

លោក គឹម សុខ លើកឡើង​ថា ហេតុផល​មួយ​ទៀត គឺ​បារាំង​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច្នេះ​បើ​កម្ពុជា​ដើរ​ឆ្ងាយ​ពី​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​នេះ ក៏​នាំ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​បារាំង​ដែរ ដែល​បារាំង​ត្រូវ​ជួយ​កម្ពុជា​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​ទទួល​បាន​នូវ​អធិបតេយ្យ​ជាតិ​ពិតប្រាកដ។

លោក​បន្ថែម​ថា ការ​អញ្ជើញ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​នេះ គ្រាន់តែ​ជា​ពិធី​ការទូត​ផ្តល់​កិត្តិយស​ប៉ុណ្ណោះ ប៉ុន្តែ​បារាំង​នឹង​រំលឹក​លោក ហ៊ុន ម៉ាណែត អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូច​ដែល​បារាំង​ធ្លាប់​រំលឹក​លោក ហ៊ុន សែន អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ដូច្នោះ​ដែរ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​ហេតុផល​ខាងលើ បារាំង​ក៏​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ដែរ​ក្នុង​សហភាព​អឺរ៉ុប ដូច្នេះ​បារាំង​ក៏​ទំនង​ជា​រំលឹក​លោក ហ៊ុន ម៉ាណែត ថែម​ទៀត​អំពី​ជំហរ​របស់​សហភាព​អឺរ៉ុប និង​ជំហរ​របស់​បារាំង ទាក់ទង​ទៅ​នឹង​សហប្រតិបត្តិការ​អឺរ៉ុប-កម្ពុជា និង​បារាំង-កម្ពុជា ជាពិសេស​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ព្រោះ​ថា​សព្វថ្ងៃ​នេះ បារាំង​កំពុងតែ​ដើរ​តួនាទី​យ៉ាង​ច្រើន​ជំនួស​សហភាព​អឺរ៉ុប លើ​បញ្ហា​តំបន់ និង​ពិភពលោក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏​ធ្លាប់​បាន​រម្លឹក​ឡើងវិញ​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១ ស្ដីពី​សន្តិភាព​នៅ​កម្ពុជា ដើម្បី​ធានា​អធិបតេយ្យភាព​បូរណភាព​ទឹកដី​របស់​កម្ពុជា សម្រាប់​ការ​កសាង​កម្ពុជា​ឡើងវិញ​ផង​ដែរ ក្រៅពី​កិច្ចពិភាក្សា​មួយ​ចំនួន​ទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​នោះ។

ចំណែក​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ប្រទេស​បារាំង និង​កម្ពុជា មាន​ទំនាក់ទំនង​ពិសេស ដោយសារតែ​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​រួម​គ្នា​ផង និង​ជា​ប្រទេស​ដែល​និយាយ​ភាសា​បារាំង​ដែរ។ ម្យ៉ាង​វិញ​ទៀត បារាំង​ក៏​មាន​តួនាទី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែរ។

ប្រទេស​បារាំង គឺជា​ម្ចាស់​ហត្ថលេខី​មួយ​ក្នុង​ចំណោម​ម្ចាស់​ហត្ថលេខី ១៨​ប្រទេស​ផ្សេង​ទៀត ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដូចជា អាមេរិក អង់គ្លេស ចិន និង​សហភាព​សូវៀត ដូច្នេះ បារាំង​ត្រូវ​មាន​តួនាទី​ជ្រោមជ្រែង​កម្ពុជា​ស្រប​តាម​លក្ខខណ្ឌ​ច្បាប់​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​អន្តរជាតិ​នេះ ដូចជា ការ​តាមដាន​លើ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ឱ្យ​ស្ថិត​ក្នុង​ភាព​អព្យាក្រឹត្យ មិន​ឱ្យ​ចំណុះ​មហាអំណាច​ណា​មួយ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស