មេអគ្គស្នងការនគរបាលជាតិកម្ពុជា សម្ដែងនូវការព្រួយបារម្ភពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាថា កំពុងមានភាពជឿនលឿនខ្លាំង ខណៈការជួយសង្គ្រោះរបស់មន្ត្រីមូលដ្ឋាននៅមានកម្រិត ស្របពេលដែលបទល្មើសទាំងនេះកំពុងវាយលុកនៅរាជធានី និងខេត្តមួយចំនួនកាន់តែខ្លាំងឡើងៗ។
អគ្គស្នងការនគរបាលជាតិលោក ស ថេត បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារដល់មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះថា លោកបានសង្កេតឃើញថា នៅពេលជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅតាមមូលដ្ឋាន ពេលនោះសមត្ថភាពនៃការជួយសង្គ្រោះរបស់មន្ត្រីមូលដ្ឋាននៅមានកម្រិតនៅឡើយ ហើយបណ្តឹងដែលបានប្តឹងកន្លងមក ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តសៀមរាប ផងដែរ។
លោក ស ថេត អះអាងថា ដោយមើលឃើញពីបញ្ហាប្រឈមនេះ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពីការគ្រប់គ្រង និងស្រាវជ្រាវលើបទល្មើសបច្ចេកវិទ្យា ដើម្បីឱ្យមន្ត្រីនគរបាលយល់ដឹងក្នុងការគ្រប់គ្រង ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបទៅលើបទល្មើសនេះ ក្នុងការជួយដល់ជនរងគ្រោះ និងដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាលផង និងអង្គភាពពាក់ព័ន្ធផងដែរ។
អគ្គស្នងការនគរបាលជាតិរូបនេះបញ្ជាក់ថា នៅពេលដែលមន្ត្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ពលរដ្ឋអំពីកលល្បិចនៃការបោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជនបានជាមិនខានឡើយ ហើយនៅពេលដែលសមត្ថកិច្ចអាចគ្រប់គ្រងបទល្មើសនេះបានហើយនោះ អាជ្ញាធរក៏នឹងអាចឈានទៅការបង្ក្រាបបទល្មើសផ្សេងទៀតដែលមានការពាក់ព័ន្ធបានដោយជោគជ័យដែរ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មករា នេះថា ដើម្បីធានាប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលកំពុងរីករាលដាលព្រោងព្រាតនៅកម្ពុជាសព្វថ្ងៃនេះឲ្យមានប្រសិទ្ធភាព អាជ្ញាធរមិនអាចពឹងតែលើសមត្ថភាពបង្ក្រាបនៃអង្គភាពតែមួយផ្នែករបស់ខ្លួនបានទេ ក្នុងនោះ អាជ្ញាធរពាក់ព័ន្ធអាចស្នើសុំការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញខាងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហានេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ក្រៅពីសហការជាមួយស្ថាប័នជំនាញ សមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបទល្មើសទាំងនេះ ត្រូវតែបើកទូលាយបង្ហាញពីចំណុចខ្សោយរបស់ខ្លួនដែលគ្មានសមត្ថភាពក្នុងការបង្ក្រាបឧក្រិដ្ឋជន ដើម្បីទទួលយកធាតុចូលពីសាកលវិទ្យាល័យឯកជននានា និងស្ថាប័នពាក់ព័ន្ធមួយចំនួនដែលមានជំនាញខាងបច្ចេកវិទ្យានេះ។
ទាក់ទិននឹងបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា សព្វថ្ងៃនេះ កម្លាំងសមត្ថកិច្ចកម្ពុជាពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកភស្តុតាងចោទប្រកាន់ជនល្មើសនូវទង្វើដែលពួកគេបានប្រព្រឹត្ត ដូចជា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការចរាចរគ្រឿងញៀន ជាដើម ដោយសារតែក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ពលកម្មឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃទំនើបជាងសមត្ថកិច្ច។
ក្រសួងការបរទេសអាមេរិក បានបញ្ចេញរបាយការណ៍កាលពីពេលកន្លងទៅ ស្ដីពីការជួញដូរមនុស្ស ដែលទម្លាក់កម្ពុជាពីបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិតពីរ (Tier 2 Watch List) ទៅកម្រិត៣ (Tier 3 Watch List) ដែលធ្វើឲ្យកម្ពុជានៅតែបន្តស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរដដែលសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា បានកំណត់គោលដៅដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មធំៗដែលកំពុងប្រតិបត្តិការឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគេរកឃើញមុខសញ្ញានៅក្នុងប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា សព្វថ្ងៃនេះ។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍របស់ខ្លួនថា អំពើឆបោកតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដោយមានជនរងគ្រោះប្រមាណ ១សែននាក់ ត្រូវបានជួញដូរចូលទៅក្នុងប្រទេសកម្ពុជា និងជាង ១សែននាក់ផ្សេងទៀត (១២០០០០នាក់) ចូលទៅកាន់ប្រទេសភូមា ផងដែរ ប៉ុន្តែតួលេខនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធចោលទាំងស្រុង៕
© 2024, . All rights reserved.