ព័ត៌មានជាតិ

លោក ស សុខា សម្រេច​កំណត់​តួនាទី​នាយ​និង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​និង​ច្រក​ទ្វារ​អន្តរជាតិ​ជិត​៤០០​នាក់​ក្នុង​ម្នាក់ៗ​ត្រឹម​៤​ឆ្នាំ

By ឌឹ ខេមបូឌា ដេលី

January 06, 2024

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​កំណត់​អាណត្តិ​តួនាទី នាយ និង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​សរុប​ជិត ៣០​ច្រក (២៧​ច្រក) ចំនួន​ជិត ៤០០​នាក់ (៣៦៥​នាក់) នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រឹម ៤​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ៗ បន្ទាប់ពី​មន្ត្រី​ច្រក​ទ្វារ​តាម​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន​លេច​ធ្លាយ​រឿង​អាស្រូវ​អំពើពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ មករា នេះ ដោយ​ប្រកាស​តែងតាំង​តំណែង នាយ និង​នាយរង​ប៉ុស្តិ៍ ឱ្យ​ប្រចាំ​ការ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន ដូចជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ចាំយាម ច្រក​ចាំព្រំ ច្រក​ដូង ច្រក​ភ្នំជី ច្រក​ស្ទឹងបត់ ច្រក​ប៉ោយប៉ែត ច្រក​អូរស្មាច់ ច្រក​ជាំ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ត្រាំងក្រៀល ជាដើម។

ជាង​នេះ​ទៀត ក៏​នៅ​មាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ បាវិត ភ្នំដិន ច្រក​ព្រៃវល្លិ៍ ច្រក​ត្រពាំងស្រែ ច្រក​ត្រពាំងផ្លុង ច្រក​ចក្រី ច្រក​ព្រែកចាក ច្រក​កោះរកា ច្រក​ក្អមសំណរ ច្រក​ម៉ឺនជ័យ និង​ច្រក​ទ្វារ​អន្តរជាតិ អូរយ៉ាដាវ ផង​ដែរ ដែល​ក្នុង​មួយ​ច្រកៗ​ត្រូវ​មាន​នាយ​ប៉ុស្តិ៍​ម្នាក់ និង​នាយករង​ប៉ុស្តិ៍​ដែល​ជា​ជំនួយការ​ចាប់ពី ៨​នាក់ រហូត​ដល់ ២៤​នាក់​តាម​តម្រូវការ​ជាក់ស្តែង។

លោក ស សុខា បញ្ជាក់​ថា ក្រៅពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ក៏​នៅ​មាន​ច្រក​ទ្វារ​អន្តរជាតិ​ដែរ ដូចជា ច្រក​ទ្វារ​អន្តរជាតិ​អាកាសយានដ្ឋាន​ភ្នំពេញ សៀមរាប ព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ភ្នំពេញ កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ និង​កំពង់ផែ​អន្តរជាតិ​ឧកញ៉ា ម៉ុង ឫទ្ធី ផង​ដែរ ដែល​គិត​ជា​ចំនួន នាយ និង​នាយរង​ប៉ុស្តិ៍​សរុប​ជិត ១០០​នាក់ (៧៦​នាក់)។ ក្រៅពី​នេះ គឺ នាយ និង​នាយរង​ប៉ុស្តិ៍​ជិត ៣០០​នាក់​ផ្សេង​ទៀត (២៨៩​នាក់) ត្រូវ​ប្រចាំ​ការ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំងអស់។

លោក សុ សុខា បញ្ជាក់​ថា នាយ និង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ដែល​បាន​ចប់​អាណត្តិ ត្រូវ​តែងតាំង​មុខតំណែង​សាជាថ្មី ឬ​តែងតាំង​ជា នាយ ឬ​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ផ្សេង​ទៀត​សម្រាប់​អាណត្តិ​បន្ទាប់ ប៉ុន្តែ​ចំនួន​មុខតំណែង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ដែល​លើស​ពី​ការ​កំណត់​ក្នុង​សេចក្តី​ប្រកាស​ខាងលើ​នេះ ត្រូវ​រក្សា​ទុក​នៅ​ដដែល។

ការ​ប្រកាស​កំណត់​អាណត្តិ​មុខតំណែង នាយ និង​នាយរង​ប៉ុស្តិ៍​តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ច្រក​ទ្វារ​តាម​ព្រំដែន​អន្តរជាតិ​ភាគច្រើន​ត្រូវ​បាន​រក​ឃើញ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​តួនាទី​របស់​ខ្លួន ដោយសារតែ​ពួកគេ​កាន់​តួនាទី​តែ​តាម​ច្រក​ទ្វារ​អន្តរជាតិ​យូរ​ឆ្នាំ​ដោយ​គ្មាន​ការ​ផ្លាស់ប្ដូរ​រហូត​មក។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​លិខិត​មួយ​ដោយ​ទម្លាយ​ថា រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ និង​កងកម្លាំង​មាន​សមត្ថកិច្ច​មួយ​ចំនួន នៅតែ​បន្ត​ចេញ​លិខិត​បើក​ផ្លូវ បណ្ណ​ឆ្លងដែន និង​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី​ជូន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់ ឆ្លងកាត់​ព្រំដែន​ជា​ហូរហែ ដែល​ផ្ទុយ​នឹង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដោយ​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ។

លោក ស សុខា អះអាង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ បាន​ណែនាំ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ ឱ្យ​បញ្ឈប់​រាល់​ការ​ចេញ​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី និង​បញ្ឈប់​ការ​យក​កម្រៃ​ក្រៅ​ផ្លូវការ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ចេញ-ចូល ឆ្លងកាត់​ព្រំដែន​ម្តង​រួច​មក​ហើយ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ ប៉ុន្តែ​ករណី​នេះ​នៅតែ​កើត​មាន​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយ​ព្រមាន​ថា ក្នុង​ករណី​ច្រក​ទ្វារ​ព្រំដែន​ណា​មួយ​កើត​មាន​បញ្ហា​មិន​ប្រក្រតី​បណ្តាល​មកពី​ការ​អនុវត្ត​តួនាទី​ភារកិច្ច​មិន​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​បាន​កំណត់​នោះ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

សេចក្តី​ណែនាំ​នេះ តម្រូវ​ឱ្យ​អាជ្ញាធរ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា ត្រូវតែ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់ មុន​នឹង​ក្រសួង​មហាផ្ទៃ​បង្កើត​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ និង​ត្រូវ​ត្រួតពិនិត្យ​អ្នក​ដំណើរ ទំនិញ និង​មធ្យោបាយ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​ផង​ដែរ។ ការ​កំណត់​នេះ គឺ​ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​បង្ក្រាប​មេខ្យល់ និង​អ្នក​សមគំនិត ដែល​អូសទាញ​ពលរដ្ឋ​ឱ្យ​ឆ្លងដែន​ខុស​ច្បាប់​តាម​គ្រប់​រូបភាព ដើម្បី​ចៀសវាង​នូវ​ការ​ជួញដូរ​មនុស្ស ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​កាន់​តួនាទី​រយៈពេល​យូរ​រហូត​ដុះ​ស្នឹម​របស់​មន្ត្រី​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា ក៏​ជា​ហេតុ​ដែល​នាំ​ឱ្យ​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​បណ្តាល​ឱ្យ​កើត​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដែរ ដូច្នេះ​មន្ត្រី​ដែល​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​អន្តរជាតិ ឬ​ច្រក​ទ្វារ​អន្តរជាតិ គួរតែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​តួនាទី​រាល់ ៣​ខែ ឬ ៦​ខែ​ម្តង ក្នុង​នោះ រាល់​ការ​ផ្លាស់​ចេញ ក៏​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​ពួកគេ​ដែរ ដើម្បី​ធានា​ភាព​ស្អាតស្អំ ហើយ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត​ដែរ៕