តំណាងរាស្ត្រអតីតបក្សប្រឆាំង អំពាវនាវឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិឧកញ៉ា ឡេង ណាវ៉ាត្រា លក់ឡាយឡុងយកលុយទៅសងអតិថិជន ឬចាប់ខ្លួនឧកញ៉ារូបនេះដាក់គុក ដោយសារតែគាត់បានលក់ផ្ទះខ្យល់ឱ្យអតិថិជនរហូតមក ខណៈអតិថិជនរងគ្រោះទាំងនោះស្ទើរតែទាំងអស់សុទ្ធសឹងតែជាកូនបំណុលធនាគារវ័ណ្ឌក។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ មករា ថា ក្រុមហ៊ុនបុរីឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងប្រឈមនឹងការប្រកាសក្ស័យធនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីឧកញ៉ា ហ៊ួត ជា ប្រកាសទិញគម្រោងផ្ទះអតិថិជនក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងតម្លៃតែពាក់កណ្ដាលនៃតម្លៃដើមពីអតិថិជន បន្ទាប់ពីអតិថិជនទាំងនោះបាននាំគ្នាតវ៉ាទាមទារឱ្យក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ទិញផ្ទះពីពួកគេវិញក្នុងតម្លៃ ៥០% តាមកិច្ចសន្យាកាលពីពេលថ្មីៗនេះ។
លោក អ៊ុំ សំអាន លើកឡើងថា អតិថិជនដែលបានទិញផ្ទះពីបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ខ្លះរង់ចាំផ្ទះដែលក្រុមហ៊ុនសាងសង់ឱ្យជាង ៣ឆ្នាំហើយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ដឹងថាផ្ទះនោះនៅឯណានៅឡើយទេ បើទោះបីជាពួកគេបានបង់លុយឱ្យបុរីឧកញ៉ា ឡេង ណាវ៉ាត្រា គ្រប់ចំនួនទាំងបង់រំលស់ និងបង់ផ្តាច់ជាលុយសុទ្ធហើយក៏ដោយ ប៉ុន្តែក្រោយការតវ៉ាពីអតិថិជនជាបន្តបន្ទាប់នៅពេលនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏រក្សាភាពស្ងប់ស្ងាត់លែងហ៊ានធ្វើសកម្មភាពបរិច្ចាគលុយឱ្យរដ្ឋាភិបាលបក្សកាន់អំណាចដូចមុនដែរ។
តំណាងរាស្ត្រអតីតបក្សប្រឆាំងរូបនេះបញ្ជាក់ថា ប្រសិនបើឧកញ៉ា ឡេង ណាវ៉ាត្រា មិនយកលុយពីអតិថិជនជាង ២០លានដុល្លារទៅឲ្យលោក ហ៊ុន សែន និងរដ្ឋាភិបាលបក្សកាន់អំណាច ព្រមទាំងយកលុយទៅជួលក្រុមរកស៊ីតាមអនឡាញ Make Money Online (MMO) បង្កើតហ្វេសប៊ុកក្លែងក្លាយ ដើម្បីវាយប្រហារអ្នកដទៃនោះទេ គាត់ក៏ប្រាកដជាមានលុយគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះល្វែងឲ្យអតិថិជនទាន់ពេលវេលាដែរ មិនមែនគ្មានលុយបែបនេះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអតិថិជនដែលទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា ចេញមុខតវ៉ាជាហូរហែ បន្ទាប់ពីពួកគេមិនទទួលបានផ្ទះតាមកិច្ចសន្យាក្រោយបង់លុយតាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនរួចរាល់។
ក្នុងរយៈពេលចុងក្រោយនេះ អតិថិជនដែលបានទិញផ្ទះពីក្រុមហ៊ុនបុរី ឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំគ្នាចេញមុខតវ៉ាទាមទារឱ្យឧកញ៉ារូបនេះសាងសង់ផ្ទះឱ្យពួកគេដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញលក់ផ្ទះ ដែលបានពួកគេបានផ្ដិតស្នាមមេដៃធ្វើជាភស្តុតាងជាមួយក្រុមហ៊ុនកន្លងមក ក្នុងនោះ អតិថិជនខ្លះបានទិញផ្ទះពីបុរីឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីឆ្នាំ២០២០ មក ប៉ុន្តែរហូតដល់ពេលនេះ ពួកគេមិនទាន់ឃើញផ្ទះដែលពួកគេបានទិញនោះសាងសង់ចេញជារូបរាងនៅឡើយទេ ខណៈពេលវេលាបានហួសកាលកំណត់ដែលបានចែងក្នុងកិច្ចសន្យាដល់ទៅរាប់ខែទៅហើយនោះ។
ជាក់ស្តែង អតិថិជនរងគ្រោះម្នាក់ក្នុងចំណោមអតិថិជនរងគ្រោះជាច្រើនទៀតដែលមានឈ្មោះថា ជុំ សូគ្រឹះ បានទម្លាយថា រូបគាត់បានចុះកិច្ចសន្យាផ្ដិតមេដៃទិញផ្ទះពីក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ក្នុងគម្រោងបុរីចាស្មីន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដែលត្រូវបង់រំលស់ប្រចាំខែក្នុងទំហំទឹកប្រាក់ ២២០ដុល្លារ ឬ ៨៨ម៉ឺនរៀលក្នុង ១ខែជារៀងរាល់ដើមខែ។
ក្នុងលិខិតបង់រំលស់ប្រាក់បញ្ជាក់ថា ការបង់រំលស់នេះត្រូវគិតការប្រាក់ ១% ខណៈអតិថិជនរូបនេះបានបង់លុយទៅឱ្យក្រុមហ៊ុនប្រចាំខែបានចំនួន ៤០ខែហើយ ឬ ៣ឆ្នាំកន្លះ ដែលគិតជាប្រាក់សរុបមានចំនួនជិត ១ម៉ឺនដុល្លារអាមេរិកហើយ (៨៨០០ដុល្លារ) គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ប៉ុន្តែលិខិតដដែលនេះបញ្ជាក់បន្ថែមថា អតិថិជនរូបនេះត្រូវបង់ប្រាក់ចំនួន ២៣២ខែ ឬ ២៧ឆ្នាំកន្លះ (២៧ឆ្នាំ ៥ខែ) ដែលគិតជាទឹកប្រាក់សរុបមានចំនួនដល់ទៅជាង ៥ម៉ឺនដុល្លារអាមេរិក (៥១០៤០ដុល្លារ) ឯណោះសម្រាប់ផ្ទះដែលគេបានទិញនេះ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានសាងសង់ផ្ទះឱ្យរូបគេនៅឡើយទេ។
ក្រោយការផ្ទុះការតវ៉ាពីអតិថិជន កាលពីចុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំមួយនៅកម្ពុជា បានប្រកាសទិញផ្ទះពីអតិថិជនបុរី ឡេង ណាវ៉ាត្រា ក្នុងតម្លៃ ៥០% នៃប្រាក់ដើម។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកជាសំណួរថា តើការប្រកាសទិញផ្ទះក្នុងតម្លៃ ៥០% នេះ អាចជាការធ្វើពាណិជ្ជកម្មកេងប្រវ័ញ្ចពីអតិថិជនរងគ្រោះដោយមានឧកញ៉ា ឡេង ណាវ៉ាត្រា នៅពីក្រោយដែរឬទេ? ព្រោះថាមានអតិថិជនរងគ្រោះច្រើនណាស់បានបង់លុយគ្រប់ចំនួន ប៉ុន្តែពួកគេត្រូវលក់ផ្ទះទៅវិញតម្លៃតែពាក់កណ្តាល ដូច្នេះមានន័យថា ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ចំណេញលុយពាក់កណ្តាលដោយមិនចាំបាច់ធ្វើអ្វីទាំងអស់។
ប្រភពដដែលលើកឡើងថា ទាក់ទងនឹងបញ្ហានេះ គួរតែមានការធ្វើសវនកម្មដោយតម្លាភាព ដើម្បីរកមូលហេតុពិតប្រាកដពីភាពយឺតយ៉ាវនៃដំណើរការសាងសង់ផ្ទះឱ្យអតិថិជនរបស់ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា និងត្រូវពិន័យទៅតាមច្បាប់កំណត់។ ជាងនេះទៀត ក៏ត្រូវតែដឹងឱ្យច្បាស់ដែរថា ក្រុមហ៊ុននេះប្រឈមនឹងការក្ស័យធនមែន ឬក៏អត់ ហើយបើក្ស័យធនមែន តើគួរដោះស្រាយ ឬផ្តល់សំណងបែបណាដល់អតិថិជនរបស់ខ្លួន។
អតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ឡេង ភត្រា ដែលគេស្គាល់ជាទូទៅថា ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រើពេល ៤ឆ្នាំក្នុងអាជីវកម្មអចលនទ្រព្យចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ បានក្លាយជាអ្នកមានទ្រព្យធនស្តុកស្តម្ភ ក្នុងនោះ ឧកញ៉ារូបនេះក៏មានលុយផ្តល់ឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាលុយសុទ្ធក្រោមរូបភាពជំនួយមនុស្សធម៌ផ្សេងៗរហូតដល់ជាង ២០លានដុល្លារអាមេរិកផងដែរ ដែលនាំឱ្យមានការសង្ស័យថា ឧកញ៉ារូបនេះកំពុងតែឈរឈ្មោះរកស៊ីលាងលុយកខ្វក់ឱ្យអ្នកមានអំណាចកំពូលនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ៕