អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា ប្រកាសឲ្យពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួនផ្អាកបង្កបង្កើនផលស្រូវនារដូវប្រាំងលើកទី២ ដោយសារបារម្ភពីបញ្ហាប្រឈមនៃការខ្វះខាតទឹក ដែលនាំឱ្យពលរដ្ឋមិនអាចបង្កបង្កើនផលស្រូវបានល្អ។
តាមរយៈសេចក្ដីណែនាំស្ដីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ដែលចេញផ្សាយនៅថ្ងៃទី៨ ខែមករា នេះ អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា ព្រមានថា ប្រសិនបើពលរដ្ឋ នៅតែបង្កបង្កើនផលស្រូវរដូវប្រាំងជាលើកទី២ ទៀត នោះពួកគេនឹងអាចជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះខាតទឹកសម្រាប់សត្វពាហនៈ ជាពិសេសខ្វះខាតទឹកសម្រាប់ស្រោចស្រពដែលអាចបណ្ដាលឱ្យខូចខាតផលស្រូវ និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀត។
លោកបន្តថា ការប្រកាសប្រាប់របស់លោកឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ ក្រោយពីប្រមូលផលហើយ គឺចាប់ពីអំឡុងខែមករា ដល់ខែឧសភា ខាងមុខ។ លោកជំរុញឱ្យពលរដ្ឋត្រូវត្រៀមលក្ខណៈស្ដុកទឹកក្នុងស្រះ អណ្ដូង ប្រឡាយ ដែលអាចស្ដុកទឹកបានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈ ជាដើម។
យោងតាមផែនការសក្ដានុពលទឹកសម្រាប់ស្រោចស្រពដីធ្វើស្រែប្រាំងឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបង្ហាញថា ប្រជាពលរដ្ឋអាចធ្វើស្រែប្រាំងបានត្រឹមជាង ២ម៉ឺនហិកតារ (២១២០៦ហិកតារ) ប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការពិនិត្យ និងវាយតម្លៃជាក់ស្ដែងរបស់មន្ទីរកសិកម្មខេត្តវិញ រកឃើញថា ការបង្កបង្កើនផលរបស់ពលរដ្ឋបានកើនឡើងរហូតដល់ជាង ២ម៉ឺន ៧ពាន់ហិកតារ (២៧២៥១ហិកតារ) ដែលលើសផែនការនៃការប្រើប្រាស់ទឹករហូតដល់ជាង ៦ពាន់ហិកតារ (៦០៤៥ហិកតារ)។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់បឹងទន្លេសាប ក៏បានចេញលិខិតណែនាំមួយ ស្នើឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងរដូវកាលទី២ ព្រោះបារម្ភខ្វះទឹកផ្គត់ផ្គង់ដំណាំស្រូវដែលដាំដុះលើផ្ទៃដីជាង ៤ម៉ឺនហិកតារ គឺហួសកម្រិតពីបរិមាណទឹកដែលអាចស្រោចស្រពបាន ខណៈរដ្ឋាភិបាលបានត្រៀមចំណាយលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមាណ ៧៧លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤ នេះ។
សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានទេរហូតដល់ម៉ោងចេញផ្សាយនេះ។
ទោះយ៉ាងណា ក្រុមអ្នកតាមដានការអភិវឌ្ឍសង្គម រិះគន់ថា នៅពេលដែលពលរដ្ឋបង្កើតមុខរបរ ឬធ្វើស្រែចម្ការដាំដុះដំណាំនៅក្នុងស្រុក នោះរដ្ឋាភិបាលមិនដែលទទួលខុសត្រូវរកទីផ្សារឲ្យពួកគេនោះទេ ថែមទាំងរារាំងពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិតថែមទៀត។
ករណីនេះ គឺមិនខុសពីបិទមុខរបរក្នុងស្រុករបស់ពលរដ្ឋ ហើយរុញខ្នងឲ្យពលរដ្ឋធ្វើចំណាកស្រុកទាំងប្រថុយប្រថានទៅស៊ីឈ្នួលធ្វើជាកម្មករនៅក្រៅប្រទេសនោះឡើយ។
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានរៀបរាប់ថា អាជ្ញាធរគួរមានចំណាត់ការសម្រាប់រយៈពេលវែង ដើម្បីធានាការកាត់បន្ថយបញ្ហាខ្វះទឹកនេះឲ្យមានប្រសិទ្ធភាព។
លោកថា បញ្ហាប្រឈមនានាក្នុងវិស័យដំណាំស្រូវនៅកម្ពុជា រួមមានដូចជា មានស្រូវខ្វះទឹក ការខ្វះដើមទុនក្នុងការចំណាយទៅលើឧបករណ៍ប្រើប្រាស់ ថ្នាំនិងជីមានតម្លៃខ្ពស់ជាងទីផ្សារតម្លៃស្រូវ។
លោក ថេង សាវឿន ជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំដោះស្រាយបញ្ហាទាំងអស់នេះឱ្យមានសមភាព ដើម្បីឱ្យប្រជាកសិករអាចមានលទ្ធភាពក្នុងការប្រើប្រាស់គ្រប់គ្រង៕