35 C
Phnom Penh

ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍​ផ្តល់​ពិន្ទុ​ទាប​បំផុត​លើ​សេវាកម្ម​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប​ដែល​គ្រប់គ្រង​ដោយ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ ផ្តល់​ពិន្ទុ​ទាប​បំផុត​លើ​សេវាកម្ម​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ដែល​គ្រប់គ្រង​ដោយ​ចិន ព្រមទាំង​រៀបរាប់​ពី​ចំណុច​អវិជ្ជមាន​ជាច្រើន​ដែល​ភ្ញៀវ​ទាំងនោះ​បាន​ជួបប្រទះ អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ។

ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន បាន​ផ្តល់​ពិន្ទុ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ត្រឹមតែ​ផ្កាយ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពិន្ទុ​ដែល​មាន​ផ្កាយ​៥ លើ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្នុង​នោះ​ភ្ញៀវ​បរទេស​ម្នាក់​ឈ្មោះ Po.T លើកឡើង​ថា បន្ទប់ទឹក​នៅ​ក្នុង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប នេះ បាន​ធ្វើ​ឱ្យ​រូប​គេ​ប្តូរ​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ភ្លាមៗ ដោយសារតែ​បន្ទប់ទឹក​នោះ​មាន​សភាព​កខ្វក់ និង​គគ្រិច​ខ្លាំង ដែល​គេ​មិន​នឹកស្មាន​ដល់ និង​មិន​ធ្លាប់​ជួប​ពី​មុន​មក ថា​បន្ទប់ទឹក​បែប​នេះ​អាច​មាន​នៅ​ក្នុង​ព្រលាន​យន្តហោះ។

ចំណែក​ភ្ញៀវ​ម្នាក់​ទៀត​ឈ្មោះ Zoltan K លើកឡើង​ថា រូបគេ​បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​នៅ​ពេល​ព្រឹក ដូច្នេះ​រូបគេ​ក៏​ទៅ​មើល​ប្រាសាទ​អង្គរវត្ត និង​បាន​ត្រឡប់​មក​ព្រលាន​យន្តហោះ​វិញ​នៅ​ពេល​ល្ងាច ដើម្បី​បន្ត​ជើងហោះហើរ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប៉ុន្តែ​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​មិន​អនុញ្ញាត​ឱ្យ​រូបគេ​ឡើង​ជិះ​យន្តហោះ​វិញ​ទេ ដោយ​និយាយ​ថា អ្នក​ដែល​មក​លេង​ប្រទេស​កម្ពុជា​លើកដំបូង ត្រូវតែ​ស្នាក់នៅ​ឱ្យ​គ្រប់ ២៤​ម៉ោង។

ប្រភព​ដដែល​បញ្ជាក់​ថា នៅ​ពេល​នោះ​រូបគេ​ក៏​បាន​ឈ្លោះ​ជាមួយ​ប៉ូលិស​អន្តោប្រវេសន៍​រហូត​ប៉ូលិស​ទាំងនោះ​ដេញ​រូបគេ​ចេញ​ក្រៅ​ព្រលាន និង​បាន​ទៅ​ជួល​ផ្ទះសំណាក់​ស្នាក់នៅ​មួយ​យប់ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​នៅ​ថ្ងៃ​បន្ទាប់ ដែល​នេះ​គឺជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដ៏​អាក្រក់​ដែល​រូបគេ​មិន​ធ្លាប់​បាន​ជួប​តាំង​ពី​ដើម​មក។ ជាង​នេះ​ទៀត ក្នុង​បរិវេណ​ព្រលាន​យន្តហោះ​ក្តៅ ហើយ​ថែមទាំង​មាន​ក្លិន​ស្អុយ​ទៀត។

បន្ថែម​ពី​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន​ផ្សេង​ទៀត បាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ខុសៗ​គ្នា ដូចជា ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការ​សុំ​លុយ​ថ្លៃ​កាហ្វេ​ពី​សំណាក់​បុគ្គលិក​បម្រើការ​នៅ​ក្នុង​ព្រលាន​យន្តហោះ និង​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ ជាដើម ការ​មិន​ប្រើប្រាស់​ភាសា​អង់គ្លេស តម្លៃ​ថ្លៃ​ក្នុង​ការ​ចំណាយ​លើ​តាក់ស៊ី​សម្រាប់​ជិះ​ទៅ​ព្រលាន​យន្តហោះ និង​ការ​ធ្វើ​ដំណើរ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ក្រុង​សៀមរាប ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​ចំណាយ​លុយ​ច្រើន រហូត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ពួកគេ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​យ៉ាង​ខ្លាំង។

ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ​ចំពោះ​សេវាកម្ម​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​លើកឡើង​ពី​ភាព​អវិជ្ជមាន​ជាច្រើន​ជុំវិញ​សេវាកម្ម​របស់​ព្រលាន​យន្តហោះ​ថ្មី​នេះ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ព្រលាន​ថ្មី​នេះ​ដំណើរការ​មក។

ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៤០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ស្ថិត​នៅ​ក្នុង​ឃុំ​ពពេល និង​ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប លើ​ផ្ទៃដី ៧០០​ហិកតារ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន YUNAN DEVELOP MENT GROUP ដែល​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រុមហ៊ុន​ចិន​មួយ​នេះ​នឹង​គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ។

កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បាន​សម្ដែង​មោទនភាព​ចំពោះ​វត្តមាន​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប នេះ​យ៉ាង​ខ្លាំង ដោយ​លោក​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​ក្លាយ​ជា​សក្ដានុពល​ស្រូប​ទាញ​ដ៏​ខ្លាំងក្លា និង​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាពិសេស​ភ្ញៀវ​ទេសចរ​ចិន ឱ្យ​នាំ​គ្នា​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ជាពិសេស​មក​កាន់​ខេត្ត​សៀមរាប ទឹកដី​អង្គរ ដោយ​ធ្វើ​ដំណើរ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នេះ។ លោក​បន្ត​ថា វត្តមាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នេះ គឺជា​សមិទ្ធផល​ដ៏​មហាសាល​មួយ​ទៀត​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​ផ្នែក​ទេសចរណ៍ ក្នុង​ការ​តភ្ជាប់​ផ្លូវអាកាស​ដ៏​សំខាន់​រវាង​ខេត្ត​សៀមរាប ជាមួយ​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​ដទៃ​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ មករា នេះ​ថា ព្រលាន​យន្តហោះ​សៀមរាប-អង្គរ​ថ្មី​នេះ ទំនង​ជា​ស្ថិត​ក្នុង​ផែនការ​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជា​ឈ្នាន់​ឱ្យ​បម្រើ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​ចិន​យូរ​អង្វែង ក្នុង​នោះ ចិន​នឹង​ប្រមូល​ផល​ប្រយោជន៍​សេដ្ឋកិច្ច​គ្រប់​យ៉ាង​ពី​កម្ពុជា តាមរយៈ​ព្រលាន​យន្តហោះ​ថ្មី​នេះ ខណៈ​កម្ពុជា​នឹង​មិន​ទទួល​បាន​អ្វី​ទាំងអស់​ពី​ព្រលាន​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែក​ផល​ប្រយោជន៍​នយោបាយ ចិន​ក៏​ទំនង​ជា​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជា​ឈ្នាន់​បម្រើ​ភូមិសាស្ត្រ​នយោបាយ​របស់​គេ​ដែរ គឺ​ពួកគេ​ប្រើ​ព្រលាន​យន្តហោះ​ថ្មី​នេះ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដើម្បី​បង្អាក់​ភ្ញៀវ​ទេសចរ​កុំ​ឱ្យ​ទៅ​លេង​កម្ពុជា​បន្ត​ទៀត ក្នុង​បំណង​រុញ​ឱ្យ​វិស័យ​មួយ​នេះ​ជួប​វិបត្តិ​កាន់តែ​ខ្លាំង ព្រោះ​ថា ចិន​ក៏​ធ្លាប់​ប្រើ​ល្បិច​ផ្សព្វផ្សាយ​រឿង No More Bet ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ក្នុង​បំណង​បំផ្លាញ​វិស័យ​ទេសចរណ៍​កម្ពុជា​ម្តង​រួច​មក​ហើយ។

មន្ត្រី​រដ្ឋាភិបាល​ខាងលើ​បញ្ជាក់​ថា បើ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រប់​ច្រក​កាន់តែ​ខ្លាំង ដូចជា វិស័យ​វាយនភណ្ឌ​កាត់ដេរ វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ជាដើម នោះ​កម្ពុជា​ក៏​គ្មាន​លុយ​សង​បំណុល​ចិន​ដែរ ដូច្នេះ ចិន​អាច​កាត់​តំបន់​ណា​មួយ​យក​ទៅ​គ្រប់គ្រង​ដើម្បី​ទូទាត់​បំណុល​ក្នុង​រយៈពេល​ណា​មួយ ដើម្បី​រៀបចំ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​របស់​គេ ខណៈ​កម្ពុជា​គឺជា​ជន​រងគ្រោះ​ពាំង​គ្រាប់​ឱ្យ​ចិន​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស