ទិវា​ថ្ងៃ​ជ័យជម្នះ ៧​មករា និង​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ ២៩​ធ្នូ

នយោបាយ

ក្រុម​ឃ្លាំមើល៖ ការ​លើកឡើង​ថា​សន្តិភាព​របស់​កម្ពុជា​កើត​ចេញពី​ថ្ងៃ​៧​មករា​និង​នយោបាយ​ឈ្នះ​ឈ្នះ​គឺជា​ទង្វើ​ក្បត់​ជាតិ

By ឌឹ ខេមបូឌា ដេលី

January 10, 2024

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បដិសេធ​នូវ​ការ​លើកឡើង​ថា សន្តិភាព​របស់​កម្ពុជា​កើត​ចេញពី​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ និង​នយោបាយ​ឈ្នះ​ឈ្នះ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ របស់​លោក ហ៊ុន សែន និង​កំណត់​យក​ទិវា​សន្តិភាព​នៅ​កម្ពុជា គឺជា​ទង្វើ​ក្បត់​ជាតិ មាន​តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ប៉ុណ្ណោះ ដែល​ជា​កិច្ចសន្យា និង​ជា​ភស្តុតាង​សម្រាប់​បញ្ជាក់​ពី​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​ពិតប្រាកដ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ការ​ប្រកាស​សន្តិភាព​នៃ​រដ្ឋ​មួយ គឺ​អាស្រ័យ​ទៅ​លើ​ច្បាប់​របស់​ប្រទេស​នោះ​ទាំងស្រុង មិន​មែន​ផ្អែក​ទៅ​លើ​គោលនយោបាយ​បក្ស​ណា​មួយ ឬ​គំនិត​បុគ្គល​ណា​ម្នាក់​នោះ​ទេ ដូច្នេះ​ប្រសិនបើ​មាន​ការ​ប្រកាស ឬ​ការ​កំណត់​ទិវា​អ្វី​មួយ​ដែល​បញ្ច្រាស​ទៅ​នឹង​ច្បាប់​ជាតិ ក៏​មាន​ន័យ​ស្នើ​នឹង​ក្បត់​ជាតិ​ដូច្នោះ​ដែរ។

លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួលស្គាល់​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ភស្តុតាង​ក្នុង​ការ​កសាង​សន្តិភាព​ឱ្យ​កម្ពុជា​ទេ ឬ​មិន​ទទួល​ស្គាល់​ថា​កិច្ចព្រមព្រៀង​នេះ​នៅតែ​មាន​សុពលភាព​សម្រាប់​កម្ពុជា​ទេ រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ អាច​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​នេះ​បាន នៅ​ពេល​នោះ​ពួកគេ​នឹង​ឃើញ​ច្បាស់​នឹង​ភ្នែក​ជាមិនខាន ថា​តើ​នឹង​មាន​ភាគី​ពាក់ព័ន្ធ​ណា​ខ្លះ​ចេញ​មុខ​អន្តរាគមន៍​ក្នុង​ការ​ធានា​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​នៅ​មាន​សុពលភាព។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​យល់​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​បាន​ធានា​ដល់​ការ​រក្សា​សន្តិសុខ​របស់​ជាតិ​ទេ រដ្ឋាភិបាល​គួរតែ​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ វិញ​ទៅ មិន​ចាំបាច់​ប្រើ​រដ្ឋធម្មនុញ្ញ​ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩៣ ទេ ហើយ​ពួកគេ​នឹង​ឃើញ​ច្បាស់​ដែរ​ថា រដ្ឋ​ភាគី​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ណា​ខ្លះ បដិសេធ​ការ​ប្រកាស​នេះ។

នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ ដោយ​កំណត់​យក​ថ្ងៃទី​២៩ ធ្នូ ជា​រៀងរាល់​ឆ្នាំ​ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ក្រោម​ហេតុផល​ថា ដើម្បី​បង្ហាញ​ពី​ការ​ស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម​ផង ដើម្បី​រំលឹក​ដល់​ថ្ងៃ​បញ្ចប់​សង្គ្រាម​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ផង និង​ដើម្បី​រំលឹក​គុណ​អ្នក​ដែល​បាន​ពលី និង​វីរភាព​ដ៏​ក្លាហាន​របស់​អ្នក​ស្នេហា​ជាតិ​ដែល​ខិតខំ​ស្វែងរក​សន្តិភាព​ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទិវា​សន្តិភាព ២៩​ធ្នូ ប្រារព្ធ​ឡើង​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព ដូច្នេះ​ការ​កំណត់​ថ្ងៃ​ប្រារព្ធ​ទិវា​សន្តិភាព ២៩​ធ្នូ ជា​ថ្ងៃ​ឈប់​សម្រាក​ក៏​គ្មាន​អ្វី​ត្រូវ​ខុស​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ចាត់ទុក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ជា​ថ្ងៃ​បញ្ចប់​នូវ​ភ្លើង​សង្គ្រាម​ដែល​បាន​ឆាបឆេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ហេតុផល​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ នេះ គឺជា​ថ្ងៃ​ដែល​អង្គការ​ចាត់តាំង​ខ្មែរក្រហម​បាន​រលាយ​បែកបាក់​ពី​ទឹកដី​កម្ពុជា ស្ថិត​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក។

កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤​ទសវត្សរ៍​លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ក្រោយ​ប្រទេស​កម្ពុជា​កើត​មាន​នូវ​ជម្លោះ​បែកបាក់​ជាតិ​តាំងពី​ឆ្នាំ​១៤៧៣ ដែល​គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល​ជាង ៥​សតវត្សរ៍​ទៅ​ហើយ​នោះ។

លោក ហ៊ុន សែន អះអាង​ថា ឆ្នាំ​១៩៩៨ គឺជា​ឆ្នាំ​ដែល​បាន​បញ្ចប់​សង្គ្រាម​លើ​ទឹកដី​កម្ពុជា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់​មាន និង​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​រហូត​ដល់​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទាំង​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ និង​នយោបាយ​ឈ្នះ​ឈ្នះ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ សុទ្ធតែ​ជា​ថ្ងៃ​ដែល​បំផ្លាញ​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ។ ជាក់ស្តែង ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ គ្រាន់តែ​ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បើក​ផ្លូវ​ទទួលយក​នយោបាយ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​ឫសគល់​នៃ​ថ្ងៃ​ជ័យជម្នះ ៧​ខែមករា ឆ្នាំ​១៩៧៩ គឺ​បាន​កើត​ចេញពី​ផែនការ​ឈ្លានពាន​ទឹកដី​ដែល​បាន​កកើត​ចេញ​មកពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា តាំងពី​ឆ្នាំ​១៩៥១ មក​ម្ល៉េះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ថ្ងៃ​ដែល​ខ្មែរ​បាត់បង់​អធិបតេយ្យភាព បាត់បង់​ដែនសមុទ្រ បាត់បង់​កោះត្រល់ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ក្រុម​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ យក​មក​ធ្វើ​ជា​ជំនួញ​នយោបាយ ដើម្បី​កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចម្រូងចម្រាស​ដែល​ពួកគេ​ព្យាយាម​បំភ្លៃ​ការពិត​រហូត​មក៕