រថយន្ត​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ។ (រូបភាព​ CNC)

បរិស្ថាន

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​ចំពោះ​ពលរដ្ឋ​ដែល​មិន​អនុវត្ត​ការ​គ្រប់គ្រង​សំណល់​រឹង​ឱ្យ​បាន​ត្រឹមត្រូវ

By ឌឹ ខេមបូឌា ដេលី

January 10, 2024

រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ស្ថាប័ន​រដ្ឋ និង​ឯកជន រោងចក្រ សហគ្រាស និង​ពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​បាន​អនុវត្ត​ការ​គ្រប់គ្រង​សំណល់​រឹង​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

យោង​តាម​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិនិត្យ​ឃើញ​ថា ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ស្ថាប័ន​រដ្ឋ និង​ឯកជន រោងចក្រ សហគ្រាស និង​ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ​ទេ។

ប្រភព​ដដែល​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​សហគ្រាស​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ (ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH) តាមរយៈ​អនុក្រឹត្យ​លេខ ០៣ អនក្រ.បក ចុះ​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ជំនួស​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ។

ក្នុង​សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា សហគ្រាស ស.ស.ភ. ត្រូវ​បាន​កំណត់​ជា​សហគ្រាស​សាធារណៈ​ក្រោម​ទម្រង់​ជា​ក្រុមហ៊ុន​រដ្ឋ ដែល​មាន​ឧបនិស្ស័យ​ជា​សហគ្រាស​ពាណិជ្ជកម្ម មាន​ស្វ័យភាព​បរិបូរណ៍​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ខ្លួន។ សហគ្រាស ស.ស.ភ. មាន​បេសកកម្ម​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន នៅ​រាជធានី​ភ្នំពេញ ស្រប​តាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​ប្រកប​ដោយ​សោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និង​សុខុមាលភាព។

សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៥ មករា កន្លង​ទៅ បាន​សម្រេច​បង្កើត​សហគ្រាស​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ ដើម្បី​ជំនួស​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​អ្នក​មិន​គោរព​តាម​សេចក្តី​ណែនាំ។

តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ជំពូក​ទី​៧ ចែង​ថា ចំពោះ​ការ​ញែក និង​វេច​ខ្ចប់​សំរាម​មិន​ត្រឹមត្រូវ​សម្រាប់​លំនៅឋាន នឹង​រង​ការ​ពិន័យ ១​ម៉ឺន​រៀល និង​សម្រាប់​ម្ចាស់​អាជីវកម្ម ទីតាំង​សេវាកម្ម សិប្បកម្ម និង​បុរី​លំនៅឋាន ត្រូវ​រង​ការ​ពិន័យ ១​សែន​រៀល។ សម្រាប់​រោងចក្រ​សហគ្រាស ក្រុមហ៊ុន ត្រូវ​រង​ពិន័យ ២​សែន​រៀល។

ការ​បោះចោល​សំរាម​នៅ​តាម​ទី​សាធារណៈ តាម​ដងផ្លូវ ទីវាល​ដី​កម្មសិទ្ធិ នឹង​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ចន្លោះ​ពី ២​ម៉ឺន​រៀល​ដល់​មួយ​សែន​រៀល។ ការ​ដុត​សំរាម​ជា​សាធារណៈ​វិញ នឹង​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ចន្លោះ​ពី ៥​ម៉ឺន​រៀល-១​លាន​រៀល។ ការ​គេចវេះ​មិន​ទទួល​ខុសត្រូវ​លើ​សំរាម​ក្នុង​ពិធី​នានា​នៅ​លើ​សាធារណៈ នឹង​រង​ការ​ពិន័យ​ចន្លោះ ២​សែន-២​លាន​រៀល។ល។ ហើយ​ក្នុង​ករណី​មិន​រាងចាល ត្រូវ​ទទួល​ការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ទ្វេដង​នៃ​ប្រាក់​ពិន័យ​អន្តរការណ៍ ឬ​ត្រូវ​ផ្អាក​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​តាម​ការ​ចាំបាច់។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ដែល​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ប៉ុន្តែ​អាជ្ញាធរ​គួរតែ​បង្កើន​ចំនួន​ធុងសំរាម​ដាក់​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​តាម​ទីផ្សារ​ឲ្យ​បាន​គ្រប់​ចំនួន ព្រោះ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​ធុង​សម្រាប់​ទុក​ដាក់​កាកសំណល់ និង​ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​បោះចោល​តាម​ផ្លូវ​គ្មាន​របៀប​រៀបរយ។

ប្រភព​ដដែល​អះអាង​ថា មុន​នឹង​ឈាន​ដល់​ការ​ផាកពិន័យ អាជ្ញាធរ​គួរតែ​អប់រំ​ពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​អំពី​របៀប​ញែក និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។

តាម​របាយការណ៍​ឆ្នាំ​២០២៣ របស់​ក្រសួង​បរិស្ថាន រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​តាម​ទីក្រុង​ធំៗ​នានា បាន​ផលិត​សំរាម​ជា​មធ្យម ៣០០០​តោន​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​មាន​តែ​សំរាម​ជាង ២០% ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កែច្នៃ​ឡើងវិញ។ ចំណែក​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​អាច​ប្រើប្រាស់​ថង់​ប្លាស្ទិក ៥​ថង់​ក្នុង​មួយ​ថ្ងៃ ដូចនេះ​អាច​បង្កើត​សំណល់​ប្លាស្ទិក​ប្រមាណ ៥៧​តោន​ក្នុង​មួយ​ថ្ងៃ៕