អ្នកស្រី Sheikh Hasina (រូប​ឆ្វេង) ដែល​ទើប​នឹង​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ជា​ថ្មី​ទៀត​របស់​ប្រទេស​បង់ក្លាដេស ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤។

ព័ត៌មានអន្តរជាតិ

បង់ក្លាដេស ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី​ខាងត្បូង​ចាប់ផ្ដើម​ធ្លាក់​ចូល​ក្នុង​ប្រព័ន្ធ​ផ្ដាច់ការ

By ឌឹ ខេមបូឌា ដេលី

January 12, 2024

បន្ទាប់ពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​សភា​ជា​ផ្លូវការ ដែល​ថា​គណបក្ស​សម្ព័ន្ធ Awami League បាន​ឈ្នះ​ឆ្នោត​ដល់​ទៅ ២២២​អាសនៈ​នៃ​អាសនៈ​សរុប ៣០០ អ្នកស្រី Sheikh Hasina ដែល​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​មួយ​អាណត្តិ​ទៀត អ្នកស្រី​បាន​ស្នើ​ឱ្យ​អ្នក​ការទូត​បរទេស​មក​ឈរ​តម្រៀប​ជួរ​គ្នា​រង់ចាំ​ជម្រាបសួរ និង​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​របស់​អ្នក​ការទូត​ទាំងនោះ ដែល​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​របស់​អ្នកស្រី។

ជ័យជម្នះ​របស់​គណបក្ស​សម្ព័ន្ធ Awami League ដែល​ឈ្នះ​អាសនៈ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​អាណត្តិ​ថ្មី​នេះ មិន​មាន​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត គឺ​គណបក្ស​ជាតិ​និយម​បង់ក្លាដេស BNP ចូលរួម​បោះឆ្នោត​នោះ​ទេ ព្រោះតែ​មេដឹកនាំ​បក្ស​នេះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​មេដឹកនាំ​ជាច្រើន​ទៀត​រត់​ចេញពី​ប្រទេស។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera អ្នក​នយោបាយ​ដល់​ទៅ ២៧០០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង ១០​ម៉ឺន ៤០០០​នាក់ ត្រូវ​បាន​ប្ដឹង​ពី​ករណី​ព្រហ្មទណ្ឌ ហើយ​យ៉ាងតិច ២៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​មហា​បាតុកម្ម​កាលពី​ខែ​តុលា ឆ្នាំ​២០២៣ ដែល​ទាមទារ​ឱ្យ​ស្ត្រី​អ្នក​នយោបាយ​ជើងចាស់​ម្នាក់​នេះ​លាលែង​ពី​តំណែង​មុន​ការ​បោះឆ្នោត ព្រោះតែ​ក្រុម​ប្រឆាំង​ចង់​ឃើញ​ដំណើរការ​បោះឆ្នោត​មិន​ស្ថិត​ក្រោម​ការ​គំរាមកំហែង។

ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់ អ្នកស្រី Sheikh Hasina បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព និង​កង​សន្តិសុខ​ជាតិ ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង។

វត្តមាន​របស់​កងទ័ព​នៅ​ពាសពេញ​ដង​វិថី​នៅ​ក្រុង​ដាកា បាន​នាំ​ឱ្យ​បក្ស​ប្រឆាំង BNP ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត ដែល​ជា​ព្រឹត្តិការណ៍​គំរាមកំហែង​សិទ្ធិ​សេរីភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​ឆន្ទៈ​អ្នក​បោះឆ្នោត។ បក្ស​ប្រឆាំង​ដ៏​ធំ​នេះ ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត ហើយ​ក៏​បាន​សុំ​ឱ្យ​ស្ថាប័ន​បោះឆ្នោត​ផ្អាក​ការ​បោះឆ្នោត តែ​ត្រូវ​បាន​អ្នកស្រី Sheikh Hasina ដែល​ប្រើ​សិទ្ធិ​ជា​នាយករដ្ឋមន្ត្រី បាន​ទាត់​ចោល​សំណើ​របស់​ក្រុម​ប្រឆាំង។

កាលពី​ថ្ងៃ​អាទិត្យ ទី​៧ មករា ប្រទេស​បង់ក្លាដេស បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​សភា និង​តំណែង​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ មិន​ឈរ​លើ​គោលការណ៍​សេរីភាព​ដូច​ការ​បោះឆ្នោត​នៅ​អាណត្តិ​មុនៗ​ទេ ព្រោះ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​ជា​ខ្លាំង ជា​ប្រការ​មួយ​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​មិន​ដល់ ៤០​ភាគរយ​ដែល​មិន​ត្រូវ​ស្តង់ដារ​បោះឆ្នោត​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ពិត​មែន តែ​លទ្ធផល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​មាន​អត្រា​ក្រោម ៤០​ភាគរយ​នៃ​ចំនួន​ប្រជាជន ១២០​លាន​នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត។

អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ដែល​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​អត្រា​ដ៏​ទាប​នេះ ដែល​នាំ​ឱ្យ​សង្គម​បង់ក្លាដេស អាច​ធ្លាក់​ក្នុង​ប្រព័ន្ធ​បែប​ផ្ដាច់ការ ព្រោះ​រដ្ឋសភា​មាន​កម្លាំង​នយោបាយ​តែ​មួយ​បក្ស​ប៉ុណ្ណោះ បើ​ទោះជា​បក្ស​តូចៗ​ជាច្រើន​មាន​អាសនៈ​ក៏ដោយ តែ​សុទ្ធសឹងតែ​ជា​បក្ស​អាយ៉ង​របស់​អ្នកស្រី Sheikh Hasina។

នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​អាម៉ាស់​នេះ នាយករដ្ឋមន្ត្រី អ្នកស្រី Sheikh Hasina ដែល​កម្ទេច​គូប្រកួត​មិន​ឱ្យ​មាន​សំឡេង​នៅ​ក្នុង​ការ​បោះឆ្នោត បាន​ជាប់​ឆ្នោត​សាជាថ្មី​សម្រាប់​អាណត្តិ​ទី​៥ របស់​អ្នកស្រី ដែល​ជា​ការ​បោះឆ្នោត​មួយ​ពុំ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​សេរី​ដូច​អាណត្តិ​មុនៗ​នោះ​ទេ។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​បង់ក្លាដេស បាន​ប្រកាស​ថា គណបក្ស​របស់​អ្នកស្រី Hasina បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​សភា ៣​ភាគ​៤ ដោយ​បាន​អាសនៈ ២២២ នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​៣០០។

អ្នកស្រី Hasina ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៦​ឆ្នាំ​បាន​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​បង់ក្លាដេស ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៦ និង​ជាប់​ឆ្នោត​ម្ដង​ទៀត​ក្នុង​ឆ្នាំ​២០០៩ ហើយ​បាន​បន្ត​កាន់​អំណាច​មក​ទល់​នឹង​សព្វថ្ងៃ។

ជ័យជម្នះ​របស់​គណបក្ស Awami League ទោះ​ជា​មាន​សំឡេង​ភាគច្រើន​លើសលប់​ក្នុង​សភា​ក៏ដោយ តែ​ក្រុម​អ្នក​សង្កេតការណ៍​បាន​ហៅ​រដ្ឋសភា​បង់ក្លាដេស ជា​ប្រទេស​ប្រកាន់​ប្រព័ន្ធ​ប្រជាធិបតេយ្យ បាន​កំពុង​រអិល​ចូល​ក្នុង​គន្លង​បក្ស​តែ​មួយ និង​អំណាច​ផ្ដាច់ការ។

សហរដ្ឋ​អាមេរិក អង់គ្លេស សហភាព​អឺរ៉ុប បាន​ហៅ​ការ​បោះឆ្នោត​ដែល​នាំ​ឱ្យ​អ្នកស្រី Sheikh Hasina បន្ត​កាន់​អំណាច​បាន​យ៉ាង​ងាយ​បំផុត​នេះ បាន​ដំណើរ​ដែល​មិន​មាន​ភាព​សេរី និង​យុត្តិធម៌​ឡើយ។ សេចក្ដី​ថ្លែងការណ៍​ដាច់ដោយឡែក​ពី​គ្នា​របស់​លោក​ខាងលិច បាន​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ព្រោះ​ការ​បោះឆ្នោត​របស់​ប្រទេស​បង់ក្លាដេស ក្រោម​បរិយាកាស​បំភិតបំភ័យ​គំរាមកំហែង​ជា​ខ្លាំង​ទៅ​លើ​សំឡេង​ក្រុម​ប្រឆាំង ដែល​នាំ​ឱ្យ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ធ្លាក់​ទៅ​រក​អំណាច​ផ្ដាច់ការ។

តែ​យ៉ាងណា ប្រទេស​ចិន និង​រុស្ស៊ី បាន​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​អបអរ​សាទរ​ជ័យជម្នះ​របស់​អ្នកស្រី Sheikh Hasina។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា ប្រទេស​ចិន​សូម​ចូលរួម​សាទរ​ប្រទេស​បង់ក្លាដេស ដែល​បាន​រៀបចំ​ការ​បោះឆ្នោត​ដោយ​ជោគជ័យ​តាម​ពេលវេលា​កំណត់ ហើយ​សូម​អបអរ​គណបក្ស Awami League បន្ត​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នោះ។

ចិន​ជា​ប្រទេស​កុម្មុយនីស្ត ជា​ប្រទេស​ពុំ​ដែល​មាន​ការ​បោះឆ្នោត មិន​មាន​ពហុបក្ស​នោះ​ទេ។ ចំណែកឯ​រុស្ស៊ី កំពុង​ដឹកនាំ​ដោយ​ជន​ផ្ដាច់ការ​បំផុត គឺ​លោក វ៉្លាឌីមៀរ ពូទីន៕