28 C
Phnom Penh

ការ​បោះឆ្នោត​នៅ​តៃវ៉ាន់​មាន​ជម្រើស​ពីរ​នៅ​ចំពោះ​មុខ​អ្នក​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កោះ​តៃវ៉ាន់ នឹង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​ប្រធានាធិបតី​ផង និង​សមាជិក​សភា​ផង នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ដែល​ជា​ការ​បោះឆ្នោត​មួយ​ស្ថិត​ក្រោម​ក្រសែភ្នែក​របស់​ប្រទេស​សម្ព័ន្ធ​សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធ​ចិន។ គេ​ថា​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​ពាក់ព័ន្ធ​ភូមិសាស្ត្រ និង​ប្រជាធិបតេយ្យ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ខុស​ប្លែក​ពី​អាណត្តិ​មុនៗ​ដែល​ការ​បោះឆ្នោត​ផ្ដោត​លើ​បេក្ខជន​ប្រធានាធិបតី​សំខាន់ ២​រូប​ប៉ុណ្ណោះ តែ​ការ​បោះឆ្នោត​លើក​នេះ គឺជា​ការ​ប្រកួតប្រជែង​រវាង​បេក្ខជន​សំខាន់ៗ ៣​រូប រួម​មាន​លោក Lai Ching-te មកពី​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ ហៅ​កាត់​ថា DPP ជា​បក្ស​កាន់​អំណាច​នៅ​តៃវ៉ាន់។ ជា​បក្ស​មាន​ទំនោរ​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់ ហើយ​មាន​សហរដ្ឋ​អាមេរិក​កាង​នៅ​ពីក្រោយ។

បក្ស​នេះ​ត្រូវ​តទល់​ជាមួយ​លោក Hou Yu-ih មកពី​គណបក្ស Kuomintang និង​លោក Ko Wen-je មកពី​គណបក្ស​ប្រជាជន​តៃវ៉ាន់ TPP ដែល​បក្ស​ប្រឆាំង​ពីរ​នេះ​មាន​ទំនោរ​ទៅ​រក​ក្រុង​ប៉េកាំង។ តាម​ការ​ចង់បាន គឺ​ក្រុង​ប៉េកាំង ពិត​ណាស់​ចង់​ឱ្យ​គណបក្ស Kuomintang ជា​អ្នក​ទទួល​បាន​ជ័យជម្នះ ឬ​យ៉ាងហោចណាស់​គណបក្ស​ប្រជាជន​តៃវ៉ាន់ TPP ដែល​ទើប​បង្កើត​ថ្មី។

ការ​ស្ទង់មតិ​ចុងក្រោយ​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​មករា កន្លង​ទៅ នៅតែ​បង្ហាញ​ថា លោក Lai Ching-te និង​គណបក្ស DPP អាច​នឹង​ទទួល​បាន​ជ័យជម្នះ។

នៅ​ពេល​ដែល​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ និង​លោក Lai Ching-te ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​នៅតែ​រក្សា​ប្រជាប្រិយភាព​ខ្លាំង​ជាង​បក្ស​ប្រឆាំង​ពីរ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន ដែល​រដ្ឋ​គ្រប់គ្រង បាន​បញ្ជូន​សារ​គំរាម​អ្នកគាំទ្រ​បក្ស​កាន់​អំណាច និង​លោក Lai Ching-te ថា ជម្រើស​មាន​ពីរ​នៅ​ចំពោះ​មុខ គឺ​ផ្លូវ​ទៅ​រក​សន្តិភាព និង​បន្ត​រក្សា​ប្រជាធិបតេយ្យ​អាយ៉ង​របស់​ពួក​លោក​ខាងលិច ថា​តើ​រើស​យក​មួយ​ណា​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៣ មករា ក្នុង​សប្ដាហ៍​នេះ។

ប្រព័ន្ធ​ឃោសនា​របស់​ចិន គំរាម​ទៀត​ថា ការ​បោះឆ្នោត​លើក​នេះ ជា​ការ​វាស់​សីតុណ្ហភាព​នៃ​កម្ដៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បើ​នៅតែ​ឡើង​កម្ដៅ​ខ្លាំង គឺជា​ជម្រើស​ចុងក្រោយ​របស់​ក្រុង​ប៉េកាំង គឺ​រុញ​ឱ្យ​តៃវ៉ាន់ ត្រូវតែ​ចូល​ខ្លួន​មក​កាន់​តុ​ចរចា​ដើម្បី​ទទួល​យក​លក្ខខណ្ឌ​មួយ​មក​រួម​រស់​ក្នុង​ឋានៈ​ជា​ប្រទេស​តែ​មួយ គឺ​នៅ​ក្រោម​ដំបូល​របស់​ក្រុង​ប៉េកាំង តែ​បើ​ពុំ​ដូចនេះ​ទេ ត្រូវតែ​ទទួលយក​កម្លាំង​ឆ្លើយតប​របស់​ចិន គឺ​កម្លាំង​យោធា។

មិន​ថា​ប្រព័ន្ធ​ឃោសនា​ចិន​ទេ ដែល​ចេញ​សារ​គំរាម​ដូចនេះ គឺ​សូម្បី​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ក៏​បញ្ជូន​សារ​គំរាម​អ្នក​បោះឆ្នោត​តៃវ៉ាន់​ផង​ដែរ។

លោក​ក៏​បាន​ថ្លែង​ថា ការ​បោះឆ្នោត​របស់​ដែន​កោះ​តៃវ៉ាន់​មិន​មែន​ជា​រឿង​ផ្ទៃក្នុង​របស់​ដែន​កោះ​នេះ​ទេ។ លោក​បន្ត​ថា លោក​ចង់​ឃើញ​តៃវ៉ាន់​នៅ​រួម​រស់​ជាមួយ​ក្រុង​ប៉េកាំង ព្រោះ​សាច់ឈាម​នឹង​គ្នា ប៉ុន្តែ​លោក​ព្រមាន​ថា​ជម្រើស​នៅ​លើ​តុ​ក៏​មាន ជម្រើស​លើ​សមរភូមិ​ក៏​អាច​មាន​ដែរ បើ​ជា​ការ​ចាំបាច់។

យ៉ាងណា បក្ស​កាន់​អំណាច និង​អ្នកស្រី សៃ អ៊ឹងវិន ប្រធានាធិបតី​ជិត​ចូល​និវត្តន៍​របស់​ដែន​កោះ​នេះ បើ​ទោះជា​មិន​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ព្រមាន​របស់​លោក ស៊ី ក៏ដោយ តែ​អ្នកស្រី​បាន​ថ្លែង​ថា ប្រជាជន​តៃវ៉ាន់ មិន​ត្រូវ​ដើរ​តាម​គន្លង​របស់​ក្រុង​ហុងកុង ដែល​អ្នកស្រី​ថា ហុងកុង​បាត់បង់​ប្រជាធិបតេយ្យ​ហើយ​នៅ​ពេលនេះ ព្រោះតែ​ក្រុង​ប៉េកាំង​ត្រួតត្រា​ទាំងស្រុង​ទាំង​រដ្ឋបាល​សាធារណៈ សន្តិសុខ និង​សិទ្ធិ​សេរីភាព​ទៀត​ផង។

អ្នកស្រី សៃ គឺជា​ប្រធាន​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ ដែល លោក Lai Ching-te ជា​បេក្ខជន​តំណែង​ប្រធានាធិបតី។ អ្នកស្រី សៃ បាន​ទៅ​ចុះ​ជួប​កងទ័ព ខណៈ​ការ​ឃោសនា​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅ។ ក្នុង​ជំនួប​ជាមួយ​កងទ័ព អ្នកស្រី​នៅតែ​ប្រាប់​ទៅ​កងទ័ព​ឱ្យ​ត្រៀម​ការពារ​ដែនដី​តៃវ៉ាន់ ដែល​អ្នកស្រី​ថា អ្នក​ឈ្លានពាន​គេ មិន​ដែល​គិត​ពី​អាយុជីវិត​របស់​ជាតិ​សាសន៍​មាន​ឈាមជ័រ​ដូច​គ្នា​នេះ​ទេ។

នៅ​ថ្ងៃទី​១៣ ខែ​មករា ចុង​សប្ដាហ៍​នេះ ប្រជាជន​តៃវ៉ាន់​មាន​សិទ្ធិ​បោះឆ្នោត ១៩​លាន ៥​សែន​នាក់ ក្នុង​ចំនួន​សរុប​ជិត ២៤​លាន​នាក់ ដែល​នឹង​ត្រូវ​ទម្លាក់​សន្លឹកឆ្នោត​របស់​ពួកគេ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី និង​អនុ​ប្រធានាធិបតី រួម​ទាំង​ការ​បោះឆ្នោត​សមាជិក​សភា​ផង​ដែរ។

ស្ថានីយ​បោះឆ្នោត​នឹង​ត្រូវ​បើក​ទ្វារ​ចាប់​ពី​ម៉ោង ៨​ព្រឹក រហូត​ដល់ ៤​រសៀល ហើយ​លទ្ធផល​នឹង​ត្រូវ​ចេញ​ផ្សាយ​បណ្ដើរៗ​ចាប់ពី​យប់​ថ្ងៃ​បោះឆ្នោត គឺ​ចាប់ពី​ម៉ោង ៨​យប់។

គេ​រំពឹង​ថា រយៈពេល ៣​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​បោះឆ្នោត​បិទ​បញ្ចប់ គេ​នឹង​អាច​ដឹង​ថា​បេក្ខជន​ណា មកពី​បក្ស​ណា ជា​បេក្ខជន​ឈ្នះ​ឆ្នោត។

តាម​ទម្លាប់ ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់ នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ក្រោយ​ការ​បោះឆ្នោត គឺ​រៀងរាល់​ថ្ងៃទី​២០ ខែ​ឧសភា។ តែ​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​ដែន​កោះ​តៃវ៉ាន់​លើក​នេះ មាន​បេក្ខជន​ប្រធានាធិបតី​ដល់​ទៅ ៣​រូប។

អ្នក​សង្កេតការណ៍ រួម​ទាំង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក កំពុង​សម្លឹង​តាមដាន​ចំពោះ​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី​១៣ ខែ​មករា នេះ ថា​តើ​ប្រជាជន​តៃវ៉ាន់​សម្រេច​ទម្លាក់​សន្លឹកឆ្នោត​ដើម្បី​ប្រជាធិបតេយ្យ​បន្ត​ទៀត ឬ​ទម្លាក់​សន្លឹកឆ្នោត​សុខចិត្ត​ទៅ​នៅ​ក្រោម​បក្ស​កុម្មុយនីស្ត​ចិន។

គេ​ជឿ​ថា បើ​បក្ស​ចម្រើន​ប្រជាធិបតេយ្យ និង​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​នេះ បន្ត​ឈ្នះ​ឆ្នោត វា​មាន​ន័យ​ថា ប្រជាជន​តៃវ៉ាន់​ភាគច្រើន​មិន​បារម្ភ​ពី​សង្គ្រាម​វាយប្រហារ​ពី​សំណាក់​ក្រុង​ប៉េកាំង​ជា​សាច់ឈាម​តែ​មួយ​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស