លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (រូប​ឯកសារ)

នយោបាយ

លោក សម រង្ស៊ី អំពាវនាវ​សុំ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​រួបរួម​គ្នា

By ឌឹ ខេមបូឌា ដេលី

January 15, 2024

លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង ចេញ​សារ​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឲ្យ​រួបរួម​សហការ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សូម​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក ត្រូវតែ​ចែក​មុខនាទី​គ្នា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​រួម។

លោក សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ ៣ ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ លោក​សូម​ឲ្យ​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​ទាំង ៣ រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ មាន​ន័យ​ថា​រក្សា​ឧត្តមគតិ​ដើម​ទាំងអស់​គ្នា​ឈរ​លើ​សីលធម៌ សច្ចធម៌ យុត្តិធម៌។

ប្រភព​ដដែល​បាន​លើកឡើង​ថា អ្វី​ដែល​សំខាន់​បំផុត គឺ​ឧត្តមគតិ​ដើម​ដែល​ធ្វើ​ឲ្យ​ព្រលឹង​ខ្មែរ ព្រលឹង​ជាតិ រស់​រវើក​ជានិច្ច។ ឈ្មោះ​គណបក្ស​មិន​សំខាន់​ប៉ុន្មាន​ទេ ពីព្រោះ​អាច​ប្តូរ​ឈ្មោះ​គណបក្ស ឬ​ប្តូរ​គណបក្ស​តែម្តង តាម​អ្វី​ដែល​កាលៈទេសៈ​តម្រូវ។ អ្វី​ដែល​សំខាន់​បំផុត គឺ​ព្រលឹង​ដែល​នៅ​រស់​រវើក ហើយ​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ។

លោក​បន្ត​ថា គណបក្ស​គ្រាន់តែ​ជា​សម្បក​ក្រៅ​ទេ ដែល​អាច​មាន​ការ​ប្រែប្រួល តែ​ព្រលឹង​យើង​មាន​តែ​មួយ ហើយ​នៅ​ដដែល។

លោក សម រង្ស៊ី ថា​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ត្រូវតែ​មាន​ការ​សហការ​គ្នា​រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​ចៀសវាង​ការ​ប្រកួតប្រជែង​គ្នា​នៅ​តាម​ភូមិភាគ​នីមួយៗ។ បើ​គណបក្ស​ពីរ​នេះ​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​ភូមិភាគ​ណា​មួយ គឺ​គណបក្ស​ទាំង​ពីរ​ច្បាស់​ជា​បរាជ័យ​ទាំង​ពីរ។ ចំពោះ​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន ត្រូវ​ប្រកាន់​វិន័យ​បោះឆ្នោត​ដោយ​សម្ងាត់​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​តែ​មួយ​នៅ​ក្នុង​ភូមិភាគ​នីមួយៗ ដើម្បី​ធានា​ជោគជ័យ​រួម​នៃ​កម្លាំង​ប្រជាធិបតេយ្យ។ ការ​ជ្រើសរើស​គណបក្ស​ណា​មួយ​រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​ក្នុង​ភូមិភាគ​នីមួយៗ នឹង​ត្រូវ​សម្រេច​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​តាម​ការ​ចាំបាច់។

លោក សម រង្ស៊ី បន្ថែម​ថា អង្គ​បោះឆ្នោត​មិន​ចាំបាច់​បង្ហាញ​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ​ក៏​បាន​ដែរ មិន​ចាំបាច់​ឲ្យ​អ្នក​ក្រៅ​ដឹង​ពី​ជំហរ​របស់​ខ្លួន​ក៏​បាន​ដែរ ដើម្បី​ធានា​សន្តិសុខ និង​លំនឹង​នៃ​ការងារ​ទៅ​ថ្ងៃ​មុខ​សម្រាប់​អង្គ​បោះឆ្នោត​ម្នាក់ៗ។ អ្វី​ដែល​សំខាន់​បំផុត គឺ​អង្គ​បោះឆ្នោត​ត្រូវ​បោះឆ្នោត​ដោយ​សម្ងាត់ តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ហើយ​តាម​វិន័យ​ដូច​បាន​រៀបរាប់​មក​នេះ ហើយ​ដែល​នឹង​ត្រូវ​បញ្ជាក់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក សម រង្ស៊ី ក៏​បាន​ចេញ​សារ​អំពាវនាវ​មួយ​ដល់​សកម្មជន និង​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​មាន​ការ​រួម​គ្នា ចៀសវាង​ការ​បញ្ឈប់​មុខនាទី​របស់​សកម្មជន។ សារ​ដ៏​ខ្លី​របស់​លោក សម រង្ស៊ី បាន​ស្នើ​កុំ​ឲ្យ​មាន​ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ដោយសារតែ​រឿង​ផ្ទាល់ខ្លួន និង​ចៀសវាង​ចាត់​វិធានការ​ណា​មួយ​ដែល​មាន​បំណង​បញ្ឈប់​មុខនាទី និង​ការងារ​របស់​សកម្មជន​ណា​ម្នាក់ ដោយ​នៅតែ​រក្សា​ឧត្តមគតិ​ដើម​ដដែល។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា បាន​លើកឡើង​កន្លង​មក​ថា សារ​លោក សម រង្ស៊ី គឺជា​ការ​កៀងគរ​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ​ឲ្យ​រួម​គ្នា​ក្នុង​ការ​ប្រឈម​នឹង​គណបក្ស​កាន់​អំណាច​ទៅ​អនាគត។

គណបក្ស​ភ្លើង​ទៀន ដែល​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា បាន​ជ្រើសរើស​ឲ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​នៅ​ក្នុង​សម្ព័ន្ធភាព​ជាមួយ​គ្នា ចុះបញ្ជី​គណបក្ស និង​បេក្ខជន​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លងទៅ។

គណបក្ស​កម្លាំង​ជាតិ ដែល​មេដឹកនាំ​បែក​ចេញពី​គណបក្ស​ភ្លើង​ទៀន ក៏​បាន​ចុះបញ្ជី​គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​នៅ គ.ជ.ប នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែរ ក៏ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​កំពុង​ប្រឈមមុខ​ដាក់​គ្នា​រឿង​អង្គ​បោះឆ្នោត ដោយ​អង្គ​បោះឆ្នោត​សុទ្ធសឹងតែ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​តាមរយៈ​គណបក្ស​ភ្លើង​ទៀន ជាង ២​ពាន់​នាក់។

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ សមាជិក​ជាន់ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណបក្ស​បញ្ឈប់​ពី​តួនាទី​ដោយសារ​ព្យាយាម​ទាក់ទាញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន ឲ្យ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែល​បញ្ហា​នេះ​បង្កើត​បានជា​ពាក្យ​សម្ដី​វាយប្រហារ​គ្នា​នៅ​ក្នុង​ចំណោម​បក្ស​ប្រឆាំង​ទាំង​ពីរ ក៏ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន ថា​ជា​ការ​អនុវត្ត​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​បក្ស៕