លោក ដេវីដ ឆាណាយវ៉ា

ជម្លោះដីធ្លី

មេធាវី​ជាប់​ចោទ​រឿង​ការពារ​ជនរងគ្រោះ​ដីធ្លី ស្នើសុំ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​ឱ្យ​រួច​ទោស

By ឌឹ ខេមបូឌា ដេលី

January 15, 2024

មេធាវី​ដែល​ជួយ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ខេត្ត​ព្រះសីហនុ ស្នើ​សុំ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ទម្លាក់​បទ​ចោទប្រកាន់ និង​លើកលែង​ទោស​ដល់​រូបលោក បន្ទាប់ពី​គណៈមេធាវី​ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​លោក​កាលពី​ដើម​ឆ្នាំ​២០២៣ កន្លង​ទៅ។

លោក ដេវីដ ឆាណាយវ៉ា បាន​ចេញ​លិខិត​ឆ្លើយ​បំភ្លឺ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃទី​១២ មករា នេះ​ថា លោក​សូម​បដិសេធ​ចោល​នូវ​បណ្តឹង​របស់​គណៈមេធាវី​ទាំងអស់​ដែល​បាន​ចោទ​រូបលោក​ថា​បាន​បំពាន​លក្ខន្តិកៈ​មេធាវី ពី​បទ​ឆបោក និង​ពី​បទ​ជេរប្រមាថ​ជា​សាធារណៈ ជុំវិញ​ការ​ជួយ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​រងគ្រោះ​ពី​ការ​រំលោភ​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ដើម​ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ចោទប្រកាន់​រូបលោក​ទាំង​បី​បទល្មើស​នេះ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​ឡើយ ព្រោះ​ថា​លោក​មិន​បាន​ជួយ​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​រងគ្រោះ​ក្នុង​នាម​ជា​មេធាវី​ទេ ត្បិត​លោក​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ណា​មួយ​ពី​សកម្មភាព​នេះ​ឡើយ គឺ​លោក​ជួយ​ពលរដ្ឋ​រងគ្រោះ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ ប៉ុន្តែ​បើ​រូបលោក​ប្រើ​សមាសភាព​ជា​មេធាវី ក៏​មិន​ខុស​ដែរ ដោយសារតែ​លោក​មិន​ទាន់​បាត់បង់​មុខនាទី​ជា​មេធាវី​នៅឡើយ​ទេ បើ​ផ្អែក​តាម​អំណាច​សាលដីកា​តុលាការ​កំពូល បើ​ទោះបីជា​គណៈមេធាវី​បាន​លុប​ឈ្មោះ​លោក​ចេញពី​បញ្ជី​គណៈមេធាវី​ទៅ​ហើយ​ក្តី។

លោក ដេវីដ ឆាណាយវ៉ា បញ្ជាក់​ថា ចំណែកឯ​ការ​ចោទប្រកាន់​រូបលោក​ថា​បាន​ប្រព្រឹត្ត​អំពើ​ឆបោក គឺ​រឹតតែ​មិន​ត្រឹមត្រូវ​ទៅ​ទៀត ព្រោះ​ថា​អំឡុង​ពេល​ដែល​រូបលោក​ជួយ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ លោក​មិន​បាន​ទទួល​កម្រៃ​ណា​មួយ​ឡើយ ហើយ​លោក​ក៏​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើជា​មេធាវី​តំណាង​ដោយ​អាណត្តិ ដើម្បី​ការពារ​សិទ្ធិ​ឱ្យ​កូន​ក្តី​ណា​ម្នាក់​នៅ​សាលា​ជម្រះ​ក្តី​ដែរ។

លោក ដេវីដ ឆាណាយវ៉ា គូស​បញ្ជាក់​ថា ដោយឡែក​ការ​ចោទប្រកាន់​រូបលោក​ថា​បាន​ជេរប្រមាថ​គណៈមេធាវី​ជា​សាធារណៈ នោះ​គឺ​កាន់តែ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់​ថែម​ទៀត ព្រោះ​ថា​ការ​លើកឡើង​របស់​លោក​កន្លង​មក មិន​បាន​សំដៅ​ទៅ​លើ​បុគ្គល​ណា​ម្នាក់ ឬ​គណៈមេធាវី​នោះ​ទេ គ្រាន់តែ​ចែករំលែក​ចំណេះដឹង​ក្នុង​នាម​ជា​អ្នក​សិក្សា​រៀនសូត្រ​ផ្នែក​ច្បាប់​ទៅ​ដល់​ជនរងគ្រោះ​ពី​ការ​រំលោភ​យក​ដីធ្លី​ពី​ជន​ទុច្ចរិត​ប៉ុណ្ណោះ។

ការ​ចេញ​លិខិត​ឆ្លើយ​បំភ្លឺ​នេះ ធ្វើឡើង​ដើម្បី​បដិសេធ​ទៅ​លើ​ការ​ចោទប្រកាន់​ពី​គណៈមេធាវី​កម្ពុជា​ដែល​បាន​ប្តឹង​រូបលោក​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាច្រើន​ករណី​កាលពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ គណៈមេធាវី​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​លោក ដេវីដ ឆាណាយវ៉ា ជា​បន្តបន្ទាប់ ដូចជា ចោទប្រកាន់​ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី ពី​បទ​ឆបោក និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​កម្ពុជា​ផង​ដែរ។

ក្រោយ​ការ​ប្តឹងផ្តល់​ពី​គណៈមេធាវី​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ តំណាង​អយ្យកា​រលោក ប្លង់ សុផល បាន​ចេញ​ដីកា​កោះ​ឱ្យ​លោក ដេវីដ ឆាណាយវ៉ា ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ អំពី​ដំណើរ​រឿង​ដែល​គណៈមេធាវី​កម្ពុជា បាន​ប្តឹង​លោក​ពី​បទ​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី អំពើ​ផ្តល់​យោបល់​ផ្នែក​ច្បាប់​ក្នុង​នាម​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​កម្ពុជា ជាដើម។

ប៉ុន្តែ​នៅ​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក ដេវីដ ឆាណាយវ៉ា ពី​បទ​ចោទប្រកាន់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តែម្តង។

ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​មាន​អំណាច និង​ចូលរួម​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ បាន​កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០២០ មក ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​អាច​រក​ដំណោះស្រាយ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន​នៅឡើយ​ជុំវិញ​ករណី​នេះ ខណៈ​លោក ដេវីដ ឆាណាយវ៉ា ដែល​ជួយ​ពលរដ្ឋ​រងគ្រោះ​ក្នុង​រឿង​នេះ ក៏​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ការ​ចាប់​ខ្លួន​ដែរ។

កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទំហំ ៧៥​ហិកតារ និង ៣០​អា ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​កាន់កាប់​ជាក់ស្តែង ប៉ុន្តែ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ឃុំ​ទាំងនោះ ១០​ហិកតារ ៤០​អា និង ៣៩​សង់ទីអារ ឱ្យ​ទៅ​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ ផង​ដែរ។

លើស​ពី​នេះ​ទៀត នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​កូនៗ​របស់​គាត់ គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ថែម​ទៀត ដែល​បញ្ហា​នេះ​ទំនង​ជា​ឱកាស​មួយ​សម្រាប់​មន្ត្រី​ពុករលួយ​ប្រើ​ល្បិច​កេង​បន្លំ​យក​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​តែម្តង ទើប​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​បែប​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​គគីរ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​ថា ពេល​ដែល​ប្រជាពលរដ្ឋ​មក​រស់នៅ​លើ​ដី​នេះ​លើកដំបូង អាជ្ញាធរ​ចោទ​ថា​ពួកគាត់​រស់នៅ​ដោយ​ខុស​ច្បាប់ ដោយសារតែ​រស់នៅ​លើ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប៉ុន្តែ​ក្រោយ​ប្រជាពលរដ្ឋ​រស់នៅ​អស់​រាប់​ឆ្នាំ អាជ្ញាធរ​នាំគ្នា​មក​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់ ដោយសារតែ​ពួកគេ​បាន​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ឯកជន​ទៅវិញ៕