31 C
Phnom Penh

នាយករដ្ឋមន្ត្រី​អង់គ្លេស​ទៅ​ដល់​ក្រុង​គៀវ​ចំ​ពេល​លោក ហ្សេឡេនស្គី បន្ត​សុំ​ជំនួយ​យោធា​ពី​សម្ព័ន្ធមិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​គៀវ នៅ​ថ្ងៃ​សុក្រ ទី​១២ មករា ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​សាមគ្គីភាព​កាន់តែ​រឹងមាំ​ជាមួយ​រាជាណាចក្រ​អង់គ្លេស តែ​ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា វត្តមាន​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​ណាតូ​រូប​នេះ​ចំ​ពេល​លោក ហ្សេឡេនស្គី ថ្លែង​អំពី​ផលវិបាក​ដែល​អ៊ុយក្រែន ធ្វើ​សង្គ្រាម​ប្រយុទ្ធ​នឹង​រុស្ស៊ី កំពុង​ខ្វះ​គ្រាប់កាំភ្លើង និង​អាវុធ​ផ្សេងៗ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​អង់គ្លេស បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ក្រសួង​ការពារ​ជាតិ​អង់គ្លេស នឹង​ធ្វើការ​ជាមួយ​បណ្តា​ដៃគូ​សម្ព័ន្ធមិត្ត ដើម្បី​បង្កើន​ឱ្យ​ខ្លាំង​បន្ថែម​ទៀត​នូវ​ចំនួន​ដ្រូន​យោធា​ដែល​ផ្តល់​ឱ្យ​អ៊ុយក្រែន សំដៅ​ជួយ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​ដល់​ប្រទេស​អ៊ុយក្រែន។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​លើកឡើង​ថា ប្រជាជន​អ៊ុយក្រែន បាន​តស៊ូ និង​កំពុង​ប្រយុទ្ធ​តស៊ូ​ដើម្បី​បុព្វហេតុ​សេរីភាព និង​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ។

លោក Rishi Sunak ថា​លោក​ទៅ​អ៊ុយក្រែន នា​ពេលនេះ ដើម្បី​បង្ហាញ​ថា ចក្រភព​អង់គ្លេស​នឹង​មិន​រាថយ​ដាច់ខាត គឺ​បន្ត​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុយក្រែន ទាំង​អំឡុង​ពេលវេលា​សង្គ្រាម​វាយ​សន្ធាប់​ពី​សំណាក់​កងទ័ព​រុស្ស៊ី និង​បន្ត​ជួយ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ នេះ​ជា​លើក​ទី​២ ហើយ ដែល​លោក Rishi Sunak ទៅ​ប្រទេស​អ៊ុយក្រែន ចាប់តាំងពី​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស កាល​ពី​ជាង​មួយ​ឆ្នាំ​មក​នេះ។

អង់គ្លេស ជា​សមាជិក​នៃ​អង្គការ​យោធា​ណាតូ ដែល​កំពុង​ដើរ​តួ​ជា​អ្នកគាំទ្រ​យ៉ាង​រឹងមាំ​មួយ​ចំពោះ​ប្រទេស​អ៊ុយក្រែន គិត​ចាប់តាំងពី​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន នា​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក។ កន្លង​ទៅ លោក Sunak បាន​អះអាង​ថា ចក្រភព​អង់គ្លេស នឹង​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ឆ្នាំ​សារពើពន្ធ ២០២៤ នេះ ឱ្យ​ដល់ ៣១៩០​លាន​ដុល្លារ។

ស្រប​ពេល​នេះ​ដែរ អង្គការ​យោធា​ណាតូ បាន​និយាយ​ថា បណ្ដា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​បាន​បញ្ជាក់​ប្រាប់​អ៊ុយក្រែន ថា ពួកគេ​នឹង​បន្ត​ផ្ដល់​ជំនួយ​យោធា សេដ្ឋកិច្ច និង​មនុស្សធម៌ សម្រាប់​ទីក្រុង​គៀវ នៅ​ចំពោះ​មុខ​ការ​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ពី​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា បណ្ដា​រដ្ឋ​ជា​សមាជិក​បាន​បញ្ជាក់​ពី​ផែនការ​ដើម្បី​ផ្ដល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០២៤។

លោក Stoltenberg បន្ថែម​ថា ខណៈ​នេះ ក្រុង​មូស្គូ កំពុង​បង្កើន​ការ​វាយប្រហារ​លើ​បណ្ដា​ទីក្រុង​នៃ​ប្រទេស​អ៊ុយក្រែន និង​សហគមន៍​ជនស៊ីវិល ដែល​ជា​ការ​បង្ខំ​ឱ្យ​សម្ព័ន្ធមិត្ត​ណាតូ បន្ត​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​សម្រាប់​អ៊ុយក្រែន។

ចាប់តាំងពី​រដូវ​ត្រជាក់​ចូល​មក​ដល់ រុស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​អ៊ុយក្រែន ជាពិសេស​គឺ​ទីក្រុង​គៀវ និង​ទីក្រុង​ខាកៀវ ដែល​កំពុង​ប្រឈមមុខ​នឹង​រលក​វាយប្រហារ​តាម​ផ្លូវ​អាកាស។ ទោះ​ជា​អ៊ុយក្រែន រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​រុស្ស៊ី ក៏ដោយ សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​និយាយ​ថា បទ​ឈប់​បាញ់​មួយ​នៅ​ក្នុង​សង្គ្រាម​រុស្ស៊ី​ប្រឆាំង​អ៊ុយក្រែន នឹង​មិន​អាច​នាំ​ទៅ​រក​កិច្ចសន្ទនា​នយោបាយ​នោះ​ទេ ហើយ​មាន​តែ​ផ្ដល់​ផល​ចំណេញ​ឱ្យ​រុស្ស៊ី ប៉ុណ្ណោះ។

លោក ហ្សេឡេនស្គី ធ្វើការ​កត់សម្គាល់​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី Tallinn ប្រទេស​អេស្ដូនី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​បាល់ទិក។ មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ពន្យល់​ថា រាល់​បទ​ឈប់​បាញ់ ឬ​ការ​ផ្អាក​ការ​ប្រយុទ្ធ​ណា​មួយ គឺជា​ការ​ទុក​ពេល​ឱ្យ​កងទ័ព​រុស្ស៊ី ប្រមូល​កម្លាំង​ឡើងវិញ និង​បង្កើន​ការ​ផលិត​អាវុធ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​លីទុយអានី ឡាតវី និង​អេស្ដូនី ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​នៃ​សមាជិក​ណាតូ ដែល​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​រឹងមាំ​ដល់​អ៊ុយក្រែន។ មេដឹកនាំ​ប្រទេស​ទាំង​បី​នេះ បន្ត​សន្យា​ផ្ដល់​ជំនួយ​យោធា​ទៅ​អ៊ុយក្រែន រហូត​អ៊ុយក្រែន ការពារ​ខ្លួនឯង​បាន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ប្រធានាធិបតី​ឡេតូនី លោក Edgars Rinkevics បាន​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​អ៊ុយក្រែន ក្នុង​នោះ​មាន​ប្រព័ន្ធ​កាំភ្លើង​ធំ howitzers គ្រាប់កាំភ្លើង​ធំ ១៥៥mm ដ្រូន​យោធា ឧទ្ធម្ភាគចក្រ និង​អាវុធ​ផ្សេង​ទៀត។

លោក ហ្សេឡេនស្គី ទៅ​ដល់​ប្រទេស​បី​នេះ​នៅ​ថ្ងៃទី​១១ មករា ហើយ​នៅ​ថ្ងៃទី​១២ មករា លោក​ត្រូវ​ត្រឡប់​មក​ក្រុង​គៀវ វិញ ដើម្បី​ទទួល​ស្វាគមន៍​លោក Rishi Sunak នាយករដ្ឋមន្ត្រី​អង់គ្លេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស