ប្រជាពលរដ្ឋប្រមាណ ១០០នាក់ តំណាងឱ្យប្រជាពលរដ្ឋជិត ២៥០គ្រួសារ (២៤៧គ្រួសារ) មកពីស្រុកចិត្របុរី ខេត្តក្រចេះ ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តជួយរកដំណោះស្រាយលើករណីដែលប្រធានភូមិប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដែលគ្មានដីនៅក្នុងភូមិ-ឃុំរបស់ពួកគេ និងគាំទ្រឱ្យអាជ្ញាធរដកហូតយកដីពួកគាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ តំណាងឱ្យប្រជាពលរដ្ឋ ២៤៧គ្រួសារដែលមកពី ៧ភូមិ ដូចជា ភូមិព្រែកតាអាំ ភូមិព្រែកតាថឹង ភូមិបុស និងភូមិលាវក្រោម ជាដើម ដែលស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារនៅមុខសាលាខេត្តក្រចេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តជួយរកដំណោះស្រាយលើករណីដែលប្រធានភូមិ និងអនុភូមិ ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋដែលរស់នៅភូមិផ្សេង និងគ្មានដីនៅភូមិ-ឃុំខាងលើ ធ្វើជាភស្តុតាងដើម្បីគាំទ្រឱ្យអាជ្ញាធរដកហូតយកដីពួកគាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ប្រភពប្រជាពលរដ្ឋបញ្ជាក់ប្រាប់មន្ត្រីសាលាខេត្តក្រចេះ ថា មុននឹងឈានដល់ការប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តនេះ ពួកគាត់បានប្រមូលគ្នាទៅជួបលោកមេឃុំបុសលាវ ជាច្រើនដងរួចមកហើយ ប៉ុន្តែពួកគាត់មិនទទួលបានដំណោះស្រាយណាមួយនៅឡើយទេ ប៉ុន្តែបន្ទាប់ពីពួកគាត់ប្រមូលផ្ដុំបានមួយសន្ទុះ អភិបាលរងស្រុកចិត្របុរី និងមេឃុំបុសលាវ បានមកជួបពួកគាត់ដោយផ្ទាល់ ដោយសន្យាថានឹងជួយរកដំណោះស្រាយជូនពួកគាត់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីពេលវេលាណាមួយច្បាស់លាស់នោះទេ។
ការប្រមូលផ្ដុំតវ៉ាទាមទារនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តក្រចេះ ព្រមានឱ្យប្រជាពលរដ្ឋជាង ២០០គ្រួសារចាកចេញពីទីតាំងដែលខ្លួនធ្លាប់រស់នៅ ឱ្យបានមុនចុងខែកញ្ញា ឆ្នាំ២០២៣ មុនអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយលំនៅឋានរបស់ពួកគេ។
ទាក់ទិននឹងបញ្ហានេះ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានចេញសេចក្ដីប្រកាសជូនដំណឹងមួយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយតម្រូវឲ្យប្រជាពលរដ្ឋបញ្ឈប់ការកាន់កាប់ការដាំដុះបន្ថែម ដោយជំនួសមកវិញនូវការរុះរើលំនៅឋានចេញ ដូចជា របង ដំណាំ និងសម្ភារៈផ្សេងៗជាបន្ទាន់ ព្រមទាំងតម្រូវឱ្យចាកចេញពីទីតាំងដីដែលខ្លួនធ្លាប់រស់នៅ ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិតផងដែរ។
អាជ្ញាធរខេត្តក្រចេះ បញ្ជាក់ថា បើផុតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅតែមិនរើចេញ ក្រុមការងារខេត្តនឹងដាក់គ្រឿងចក្រចូលសម្អាតដោយគ្មានករណីលើកលែងឡើយ។ ជាងនេះទៀត ក្នុងករណីដែលប្រជាពលរដ្ឋមិនសហការ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នឹងអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានលក្ខខណ្ឌ។
រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ប្រជាពលរដ្ឋនៅតែមិនរុះរើលំនៅឋាន ក្រុមការងារខេត្តក្រចេះ ក៏បានដាក់គ្រឿងចក្រចូលឈូសឆាយទ្រព្យសម្បត្តិប្រជាពលរដ្ឋតែម្តង ក្នុងនោះអាជ្ញាធរព្រមានថា ករណីប្រជាពលរដ្ឋមិនសហការ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់ខ្លួន គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងអនុវត្តតាមនីតិវិធីច្បាប់ជាកំហិត។
បន្ទាប់ពីអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយ ពលរដ្ឋទាំង ២៤៧គ្រួសារក្នុងស្រុកចិត្របុរី ខេត្តក្រចេះ មិនព្រមអនុវត្តតាមការគំរាមកំហែងរបស់អាជ្ញាធរឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋទាំងនោះបានធ្វើការទាមទារតវ៉ាជាបន្តបន្ទាប់រហូតមកទល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណ ១០០នាក់តំណាងឱ្យពលរដ្ឋរងគ្រោះ ២៤៧គ្រួសារ ដែលរងនូវការបណ្តេញចេញពីលំនៅឋានដោយអាជ្ញាធរខេត្តក្រចេះ បានផ្ទុះការតវ៉ាយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរប្រមាណ ២០នាក់ ដូចជា មន្ត្រីសុរិយោដី អាវុធហត្ថខេត្ត អាជ្ញាធរខេត្ត ប្រជាការពារភូមិ និងមេភូមិ ជាដើម បានចុះទៅចុចជីភីអេស (GPS) លើដីរបស់ពួកគាត់កំពុងកាន់កាប់ ក្នុងបំណងបែងចែកឱ្យប្រជាពលរដ្ឋសាជាថ្មី ដែលមួយគ្រួសារអាចទទួលបានដីភូមិ ១៥ម៉ែត្រ និងដីចម្ការ ៥០ម៉ែត្រ ប៉ុន្តែការផ្តល់ជូននេះ ត្រូវប្រជាពលរដ្ឋបដិសេធទាំងស្រុង។
ប្រជាពលរដ្ឋរងគ្រោះ បានអះអាងអំឡុងពេលតវ៉ានោះថា ពួកគាត់បានកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយអាជ្ញាធរភូមិ-ឃុំក៏បានទទួលស្គាល់ ព្រមទាំងបានចេញអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅឲ្យពួកគាត់ផងដែរ។
ជាងនេះទៀត នៅអំឡុងឆ្នាំ២០០០ អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក៏ធ្លាប់បានចុះទៅចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់នៅតំបន់នោះថែមទៀត និងធ្លាប់ណែនាំឱ្យអាជ្ញាធរ ប្រគល់ដីជូនប្រជាពលរដ្ឋដែលពួកគាត់បានកាន់កាប់ដែរ ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋានបានអនុវត្តបញ្ច្រាសពីការណែនាំរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ទាំងស្រុង។
ទិន្នន័យសង្គមស៊ីវិល បានបង្ហាញថា ការបណ្តេញពលរដ្ឋចេញពីលំនៅឋាននៅក្នុងប្រទេសកម្ពុជាបានកើតឡើងយ៉ាងផុសផុលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាខេត្តសៀមរាប ក៏មានការបណ្តេញពលរដ្ឋចេញពីតំបន់អង្គរ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងសហគមន៍ជាច្រើនទៀតនៅក្នុងទីក្រុងភ្នំពេញ ជាដើម ប៉ុន្តែជាលទ្ធផល គេមិនដែលឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនេះជូនប្រជាពលរដ្ឋឱ្យទទួលបានដីវិញទេ គឺមានតែការចាប់ខ្លួន និងការចោទប្រកាន់ពីបទផ្សេងៗប៉ុណ្ណោះ។
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស បានចេញរបាយការណ៍របស់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅថា សិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជាបានបន្តកើតមានឡើងឥតឈប់ឈរ ដែលមានរហូតដល់ជិត ១០០ករណី (៨៤ករណី) បានកើតឡើងក្នុងឆ្នាំ២០២២ ហើយភាគច្រើនគឺជាករណីដែលរំលោភដោយបុគ្គលមានអំណាច ដែលនាំឲ្យប៉ះពាល់ដល់ជនរងគ្រោះដោយផ្ទាល់ជាង ៧ពាន់គ្រួសារ (៧១៤១គ្រួសារ) ដែលមិនអាចរកដំណោះស្រាយបានរហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា លោក នី សុខា បានលើកឡើងកាលពីពេលថ្មីៗនេះថា រយៈពេលជាង ៣០ឆ្នាំមកនេះ រដ្ឋាភិបាលមិនដែលបានផ្សព្វផ្សាយពីសិទ្ធិលំនៅឋានទៅដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យមានការយល់ដឹងនោះទេ ដែលនេះគឺជាបញ្ហាមួយក្នុងការធានានូវសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋដោយសមរម្យ ខណៈការបណ្តេញពីលំនៅឋានក្រោមវិធានការរបស់អាជ្ញាធរ តែងតែកើតមានជាបន្តបន្ទាប់។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក អំពាវនាវរដ្ឋាភិបាលអាណត្តិថ្មីរបស់លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយពីសិទ្ធិលំនៅឋានសមរម្យ និងលក្ខខណ្ឌអប្បបរមាស្ដីពីសិទ្ធិលំនៅឋានដែលកំណត់ដោយអង្គការសហប្រជាជាតិ ឱ្យបានទូលំទូលាយទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព៕
© 2024, . All rights reserved.