នាយករដ្ឋមន្ត្រីកម្ពុជាដែលស្នងពីឪពុកលោក ហ៊ុន ម៉ាណែត បានអះអាងថា ជំនួបរវាងលោកជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងថ្នាក់ដឹកនាំផ្សេងទៀតនឹងក្លាយជាសារនយោបាយដ៏ធំមួយសម្រាប់ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ បើទោះជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក បានរិះគន់ថា មេដឹកនាំបារាំង កំពុងចាញ់បោកត្រកូលហ៊ុន។
ថ្លែងនៅក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុបនាទីក្រុងប៉ារីស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថា បើមេដឹកនាំបារាំង ខ្លាចចាញ់បោកលោក នោះគេមិនឱ្យអញ្ជើញលោកជាផ្លូវការឱ្យចូលជួបឡើយ។ លោក ហ៊ុន ម៉ាណែត ថា បើប្រធានាធិបតីបារាំង ខ្លាចលោកទៅបោក លោក ម៉ាក្រុង នឹងប្រាប់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាថាប្រយ័ត្នចាញ់បោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត ថា តើការចេញសារនយោបាយបែបនេះ មានបានគិតវែងឆ្ងាយដែរទេ?
នាយករដ្ឋមន្ត្រីស្នងត្រកូលបានតបទៅលោក សម រង្ស៊ី ថា ការធ្វើនយោបាយប្រឆាំង និងជំទាស់គំនិតរបស់រដ្ឋាភិបាល គឺជារឿងមួយ ប៉ុន្តែការផ្ញើសារណាមួយដើម្បីវាយប្រហារមកកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាលដែលកំពុងឈរនៅលើឆាកអន្តរជាតិ គឺជារឿងមិនគួរគប្បីឡើយ ព្រោះវាប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិជាធំ។
លោក ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងនាមជាអ្នកនយោបាយ ចង់ស្រឡាញ់រដ្ឋាភិបាល ឬមិនស្រឡាញ់រដ្ឋាភិបាល គួរតែឱ្យតម្លៃទៅលើអ្វីដែលផ្ដល់ផលប្រយោជន៍ទៅដល់ប្រទេសជាតិ ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ។ លោកថា សម្រាប់ប្រមុខរដ្ឋាភិបាល ការធ្វើសកម្មភាពបែបនេះ វាមិនបានផ្ដល់ចំណេញឡើយ ក្រៅពីផលប៉ះពាល់ដល់មុខមាត់ជាតិ។ លោកថា ធ្វើអ្វីក៏ដោយ ត្រូវមើលទៅតាមពេលវេលា និងកាលៈទេសៈ។
ជុំវិញរឿងនេះ កាលពីពេលថ្មីៗនេះ មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនក្នុងប្រទេសបារាំង លោក សម រង្ស៊ី បានផ្ញើសារប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា លោក ហ៊ុន ម៉ាណែត មិនខុសពីឪពុករបស់លោកនោះទេ គឺមានចរិតផ្ដាច់ការបំផ្លាញជាតិជិះជាន់អ្នកប្រជាធិបតេយ្យ និងធ្វើបាបប្រជាពលរដ្ឋ។
លោក សម រង្ស៊ី ប្រាប់ទៅលោកប្រធានាធិបតីបារាំង កុំឲ្យគាត់ចាញ់បោកត្រកូលហ៊ុន (ឪពុក និងកូន) ដែលជាត្រកូលជនផ្ដាច់ការមហាសែនពុករលួយ បំផ្លាញជាតិ គាបសង្កត់អ្នកប្រជាធិបតេយ្យ និងធ្វើបាបប្រជារាស្ត្រខ្មែរជាទូទៅ។ ទីប្រឹក្សារបស់គាត់ខ្វះព័ត៌មាន និងជំនាញរឿងស្រុកខ្មែរ។
កាលពីចុងឆ្នាំ២០២២ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ធ្លាប់បានរម្លឹកលោក ហ៊ុន សែន អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ ស្ដីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជាសម្រាប់ការកសាងកម្ពុជាឡើងវិញ ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសបារាំង។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅបារាំង ដោយសារបារាំង ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូច្នេះបើកម្ពុជាដើរឆ្ងាយពីលក្ខខណ្ឌនៃកិច្ចសន្យានេះ ក៏នាំឱ្យប៉ះពាល់ដល់មុខមាត់បារាំងដែរ ដែលបារាំងត្រូវជួយកម្ពុជាឱ្យមានប្រជាធិបតេយ្យពេញលេញ និងទទួលបាននូវអធិបតេយ្យជាតិពិតប្រាកដ។
លោកបន្ថែមថា ការអញ្ជើញឱ្យមានដំណើរទស្សនកិច្ចនេះ គ្រាន់តែជាពិធីការទូតផ្តល់កិត្តិយសប៉ុណ្ណោះ ប៉ុន្តែបារាំងនឹងរំលឹកលោក ហ៊ុន ម៉ាណែត អំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចដែលបារាំងធ្លាប់រំលឹកលោក ហ៊ុន សែន អំឡុងដំណើរទស្សនកិច្ចរបស់គាត់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ដូច្នោះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួបជាមួយថ្នាក់ដឹកនាំបារាំង នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាត្រៀមលើកយកបញ្ហាជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីទៅពិភាក្សាជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង៕
© 2024, . All rights reserved.