គម្រោង​ព្រែកជីក​ហ្វូណន

នយោបាយ

ក្រុម​អ្នកវិភាគ​ថា​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​ឯករាជ្យ មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ក្នុង​ការ​កសាង​ព្រែកជីក​ហ្វូណន

By ឌឹ ខេមបូឌា ដេលី

January 17, 2024

ក្រុម​អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​ណា​ក៏​បាន​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​រដ្ឋាភិបាល​មិន​មាន​ជំហរ​ឯករាជ្យ​ពេញលេញ​ដូច​ពេលនេះ វិធី​ល្អ​បំផុត​មាន​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន ឬ​កម្ចី​បរទេស​ដែល​មាន​តម្លាភាព​ប៉ុណ្ណោះ ទើប​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ព្រែកជីក​នេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ការ​ប្រើ​ថវិកា​ដែល​ជា​កម្ចី​ចិន យក​មក​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ព្រែកជីក​ហ្វូណន តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន Build, Operate and Transfer (BOT) ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​ចិន​វិនិយោគ​សាងសង់​គ្រប់គ្រង​ជា​មុន និង​ប្រគល់​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ជា​ក្រោយ នឹង​មិន​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​កម្ពុជា​ទេ។ ជាក់ស្តែង រដ្ឋាភិបាល​បាន​ធ្វើ​បែប​នេះ​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន និង​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ រួច​មក​ហើយ ខណៈ​កម្ពុជា​ក៏​បាន​បាត់បង់​ផល​ប្រយោជន៍​ជា​បន្តបន្ទាប់​ដែរ។

លោក គឹម សុខ លើកឡើង​ថា ការ​វិនិយោគ​ផ្លូវ​ល្បឿន​លឿន និង​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ក្រោម​កិច្ច​សហប្រតិបត្តិការ Build, Operate and Transfer (BOT) កម្ពុជា​មិន​ត្រឹម​តែ​ខាតបង់​ផល​ប្រយោជន៍​ក្នុង​ការ​បង្កើត​សេដ្ឋកិច្ច​ជាតិ​ទេ ថែមទាំង​ខូច​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត ហើយ​នេះ​គេ​នៅ​មិន​ទាន់​គិត​ពី​តម្លាភាព​នៃ​ការ​កិច្ច​សហប្រតិបត្តិការ​ថា​មាន​អំពើពុករលួយ ឬ​ក៏​អត់​នៅឡើយ​ទេ ដើម្បី​ឱ្យ​ដឹង​ថា សំណង់​ដែល​ក្រុមហ៊ុន​ចិន​បាន​សាងសង់​ទាំងនោះ​នឹង​មាន​គុណភាព​តាម​កម្រិត​ស្តង់ដារ រហូត​អាច​រដ្ឋាភិបាល​អាច​ទាញ​យក​ផល​ចំណេញ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​បាន​យូរ​អង្វែង ឬ​ក៏​អត់​ផង​នោះ។

អ្នកវិភាគ​នយោបាយ​រូប​នេះ បញ្ជាក់​ថា កុំ​ថា​ឡើយ​សាងសង់​ព្រែកជីក​នេះ​ជាមួយ​ក្រុមហ៊ុន​ចិន ក្រោម​សហប្រតិបត្តិការ (BOT) សូម្បី​សាងសង់​ព្រែកជីក​នេះ​ដោយ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន កម្ពុជា​ក៏​ត្រូវ​សិក្សា​លើ​ផល​ប្រយោជន៍​ដែល​កម្ពុជា​ត្រូវ​ទទួល​ពី​គម្រោង​នាវាចរណ៍​នេះ​ក្នុង​កម្រិត​ណា​ដែរ ដូចជា​ត្រូវ​សិក្សា​លើ​កម្រិត​នាវា​ដែល​ប្រើ​លើ​គម្រោង​នាវាចរណ៍​នេះ ថា​តើ​កម្ពុជា​មាន​នាវា​សម្រាប់​ប្រើប្រាស់​ព្រែកជីក​នេះ​ដែរ​ឬ​ក៏​អត់។

លោក​បន្ថែម​ថា បើ​គ្មាន​ទេ តើ​កម្ពុជា​នឹង​ប្រើ​នាវាចរណ៍​របស់​ប្រទេស​ណា ហើយ​ការ​ប្រើ​នាវាចរណ៍​ប្រទេស​នោះ កម្ពុជា​ខាត ឬ​ចំណេញ​កម្រិត​ណា ដូច្នេះ​មិន​មែន​គ្រាន់តែ​មាន​ព្រែកជីក​នេះ​ហើយ ចាត់ទុក​ថា​កម្ពុជា​ទទួល​ផល​ចំណេញ​នោះ​ទេ។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បណ្ឌិត សុខ ទូច បាន​លើកឡើង​ថា ការ​កសាង​ព្រែកជីក​ហ្វូណន​ដែល​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ និង​បញ្ចៀស​ការ​ខ្ចី​ដង្ហើម​បរទេស កម្ពុជា​អាច​អនុវត្ត​តាម​សេណារីយ៉ូ​ចំនួន​៣ ដូចជា អាច​ធ្វើ​ឡើង​តាម​កិច្ច​សហប្រតិបត្តិការ BOT (Build, Operate and Transfer) ដែល​មាន​ន័យ​ថា ឲ្យ​វិស័យ​ឯកជន​វិនិយោគ​សាងសង់ និង​គ្រប់គ្រង​យក​ផល​ចំណេញ​ក្នុង​រយៈពេល​ណា​មួយ រួច​ប្រគល់​ជូន​រដ្ឋាភិបាល​គ្រប់គ្រង​វិញ ឬ​អាច​ធ្វើ​តាមរយៈ​ការ​កៀងគរ​ថវិកា​ពី​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​សាមគ្គីភាព ឬ​អាច​ធ្វើ​ឡើង​តាមរយៈ​កម្ចី​បរទេស​ក៏​បាន។

កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អះអាង​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ រដ្ឋាភិបាល​មិន​បាន​ខ្ចី​លុយ​ចិន​មក​សាងសង់​ទេ ប៉ុន្តែ​គម្រោង​នេះ​គឺ​សាងសង់​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ក្នុង​ទម្រង់ BOT ប៉ុណ្ណោះ។

កាលពី​ពាក់​កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រគល់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ឱ្យ​ក្រុមហ៊ុន​ចិន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) សិក្សា​លម្អិត​ហើយ មុន​នឹង​ឈាន​ដល់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​សាងសង់​នៅ​ឆ្នាំ​២០២៤ នេះ ដែល​គេ​រំពឹង​ថា ព្រែកជីក​នេះ​នឹង​ត្រូវ​ចិន​គ្រប់គ្រង​ដូច​ផ្លូវ​ល្បឿន​លឿន និង​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ជាតិ​បន្ថែម​ទៀត​ជុំវិញ​គម្រោង​ព្រែកជីក​នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មែន​ខ្ចី​លុយ​ចិន​តែ ១៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ទេ ប៉ុន្តែ​បាន​ខ្ចី​លុយ​ចិន​រហូត​ទៅ​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

គម្រោង​ផ្លូវ​នាវាចរណ៍​ដែល​ហៅថា«ព្រែកជីក​ហ្វូណន​តេជោ» គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) របស់​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​គ្រោង​នឹង​សាងសង់​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តាហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន ៤ រួម​មាន ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវ​ទឹក​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​អភិវឌ្ឍ​ក្រោម​កម្ចី​ចិន កម្ពុជា​មិន​អាច​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​លើ​សមិទ្ធផល​លើ​ទឹកដី​របស់​ខ្លួន​បាន​ទេ។ ជាក់ស្តែង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ក៏​ប្រគល់​ឱ្យ​ចិន គ្រប់គ្រង ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ក៏​ប្រគល់​ឱ្យ​ចិន​គ្រប់គ្រង ៥៥​ឆ្នាំ ខណៈ​ព្រែកជីក​ហ្វូណន​នេះ ក៏​គេ​រំពឹង​ថា ចិន​នឹង​គ្រប់គ្រង​ក្នុង​រយៈពេល​យូរ​ឆ្នាំ​បន្ត​ទៀត​ដែរ ខណៈ​ប្រយោជន៍​ពី​ព្រែកជីក​នេះ នឹង​ត្រូវ​ចិន​ប្រមូល​យក​គ្មាន​សល់​ពី​ទឹកដី​ខ្មែរ៕