ប្រធានសមាគមសហព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ចាត់ទុកការសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ថាជារឿងអយុត្តិធម៌ និងមិនអាចទទួលបាន បន្ទាប់ពីសាលាដំបូងខេត្តនេះបានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក និងសហការី ២នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ ប៉ុន្តែសម្រេចព្យួរទោសឱ្យស្ថិតនៅក្រៅឃុំ។
លោក ថេង សាវឿន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា នៅព្រឹកថ្ងៃទី១៥ ខែមករា សាលាដំបូងខេត្តរតនគិរី បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក ថេង សាវឿន និងសហការីរបស់លោក ២នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ ប៉ុន្តែតុលាការសម្រេចឲ្យរូបលោក និងសហការីព្យួរទោសដោយតម្រូវឱ្យស្ថិតនៅក្រៅឃុំ។
ប្រភពដដែលបានលើកឡើងថា លោកនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តរតនគិរី។ លោកប្ដេជ្ញានឹងបន្តទាមទារយុត្តិធម៌តាមនីតិវិធីច្បាប់ ដោយមិនរត់ចោលកសិករឡើយ។
លោក ថេង សាវឿន បានលើកឡើងថា បច្ចុប្បន្ន លោកនិងសហការីកំពុងរងការរើសអើងពីសំណាក់អង្គការសង្គមស៊ីវិល សហជីព សមាគម និងដៃគូអភិវឌ្ឍន៍មួយចំនួនផ្សេងទៀត ក្រោយពីលោកបានជួបជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន។
ប្រភពដដែលថា លោកនៅមិនទាន់ដឹងថា តើតុលាការនឹងដាក់បម្រាមមកលើរូបលោកអ្វីខ្លះនោះទេ ព្រោះលោកនៅមិនទាន់ទទួលបានសាលក្រមជាផ្លូវការ ប៉ុន្តែលោកថាតុលាការមិនបានហាមឃាត់ចំពោះការធ្វើដំណើរចេញក្រៅប្រទេសឡើយ។ ចំណែកការងារនៅសមាគមវិញ ក៏មិនទាន់ដឹងច្បាស់ដែរថា តើតុលាការតម្រូវឱ្យរំលាយចោល ឬបន្តទុកទេ។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ប្រាប់សារព័ត៌មានក្នុងស្រុកថា អង្គជំនុំជម្រះបានសម្រេចផ្ដន្ទាទោសលោក ថេង សាវឿន និងសហការី ២នាក់ទៀត គឺលោក ថាន់ ហាច និងលោក ញ៉ិល ភាព ដោយម្នាក់ៗមានទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា សាលក្រមសាលាដំបូងខេត្តរតនគិរី គឺជាការដាក់បន្ទុកបន្ថែមទៅលើលោក ថេង សាវឿន និងសហការី ២រូបទៀត ដោយលោកថានៅក្នុងសិក្ខាសាលាតែងតែមានការជជែកដេញដោលគ្នា ខុសពីការចោទប្រកាន់។
លោក អំ សំអាត បន្ថែមថា សាលក្រមមួយនេះក៏ជាសារណែនាំទៅអង្គការសង្គមស៊ីវិលផ្សេងទៀត ឱ្យមានការប្រយ័ត្នប្រយែងក្នុងការអនុវត្តសកម្មភាពការងាររបស់ពួកគេឱ្យបានត្រឹមត្រូវផងដែរ។
លោក ថេង សាវឿន និងសហការីរបស់លោក ២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគមនេះ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលមួយនៅក្នុងខេត្តរតនគិរី។ អាជ្ញាធរមូលដ្ឋាននៅទីនោះសង្ស័យថា សមាគមលោក ថេង សាវឿន បានលួចប្រជុំក្នុងសណ្ឋាគារមួយនៅក្នុងក្រុងបានលុង ហើយមានផែនការធ្វើ «បដិវត្តន៍កសិករ»។
តុលាការបានសម្រេចឃុំខ្លួនពួកគេបណ្ដោះអាសន្ន។ ក្រោយមក កាលពីចុងខែឧសភា ឆ្នាំ២០២៣ តុលាការខេត្តរតនគិរី បានសម្រេចដោះលែងពួកគេទាំង ៣នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីលោក ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់ «បដិវត្តន៍កសិករ» និងក្រោយពីមានកិច្ចអន្តរាគមន៍ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន៕
© 2024, . All rights reserved.