មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមានទៅកាន់មន្ត្រីរដ្ឋាភិបាលដែលមានកាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ថា ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាអំពើខុសច្បាប់ ដែលប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរ ព្រមទាំងរងនូវការពិន័យជាប្រាក់ បន្ទាប់ពីមន្ត្រីជាង ១ម៉ឺននាក់ (១៦០២៥នាក់) នៃចំនួនមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិសរុបជិត ២ម៉ឺននាក់ (១៨២៧៩នាក់) បានប្រកាសទ្រព្យសម្បត្តិ។
មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយដែលទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល លោក ខូយ លឹមហុង លើកឡើងនៅថ្ងៃទី១៧ មករា នេះថា មន្ត្រីរដ្ឋាភិបាលដែលមានកាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ប្រាកដជាត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀលផងដែរ។
មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយរូបនេះអះអាងថា គ្រប់បុគ្គលដែលមិនប្រកាសទ្រព្យ នឹងត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយជាកំហិត ប៉ុន្តែក្នុងករណីបុគ្គលនោះរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិ សាមីខ្លួននឹងត្រូវផ្ដន្ទាទោសទ្វេដង។
ប្រភពមន្ត្រីខាងលើបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ សរុបចំនួនជាង ១ម៉ឺននាក់ហើយ (១៦០២៥នាក់) នៃចំនួនមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិសរុបជិត ២ម៉ឺននាក់ (១៨២៧៩នាក់) ហើយការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ បានអនុវត្តចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយគ្មានថ្ងៃឈប់សម្រាកឡើយ ទោះថ្ងៃបុណ្យក៏ដោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងពិន្ទុដ៏អាក្រក់នៃការប្រព្រឹត្តអំពើពុករលួយដែលរកឃើញដោយអង្គការតម្លាភាពអន្តរជាតិ ខណៈរដ្ឋាភិបាលកម្ពុជាអះអាងថា អំពើពុករលួយនៅកម្ពុជាបានធ្លាក់ចុះអន់ថយ។
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ថា អស់រយៈពេល ៣០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន មានស្នាដៃជាប្រវត្តិសាស្ត្រក្នុងការទប់ស្កាត់អំពើពុករលួយយ៉ាងធំធេង ដែលបានបង្កើតនូវក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផង និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលអាណត្តិថ្មីរបស់លោក នឹងបន្តវីរភាពគំរូរបស់លោក ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹង អភិបាលកិច្ច ដោយផ្ដោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយក្នុងការតាមដាន និងលើកកម្ពស់ភាពស្អាតស្អំនៅតាមស្ថាប័នសាធារណៈគ្រប់ផ្នែកទាំងអស់។
មាត្រា១ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ចែងថា ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ ជាដើម។
យ៉ាងណាក៏ដោយបច្ចុប្បន្ននេះ កម្ពុជាត្រូវគេរកឃើញថា ជាប្រទេសដែលមានកម្រិតពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសទាំង ១០ នៃសមាគមអាស៊ាន។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសណាក៏មានអំពើពុករលួយដែរ តែនៅប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បង្កើតឲ្យមានអំពើពុករលួយក្នុងស្ថាប័នជាតិច្រើនជាងគេបំផុត តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដែលជាសញ្ញាព្រមានថា ទ្រព្យសម្បត្តិជាតិរបស់ខ្មែរនឹងត្រូវរលាយវិនាសហិនហោចគ្មានសល់នៅថ្ងៃមុខ។
លោក សមរ រង្ស៊ី បញ្ជាក់ថា នៅប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយលោក ហ៊ុន សែន ពលរដ្ឋខ្មែរត្រូវគេរកឃើញថាបានជំពាក់បំណុលធនាគារ និងបំណុលផ្សេងៗច្រើនជាងគេរហូតវ័ណ្ឌក ដោយសារការដឹកនាំរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ ដូចជាការប្រព្រឹត្តអំពើពុករលួយ ជាដើម។
កម្ពុជាត្រូវបានគេចាត់ថ្នាក់ចូលទៅក្នុងប្រទេសដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរតាំងពីឆ្នាំ២០១២ មក ក្នុងនោះ ឆ្នាំ២០១៦ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់លេខ១៦១ ខណៈឆ្នាំ២០១៩ ជាប់លេខ១៦២ ឆ្នាំ២០២០ ជាប់លេខ១៦០ និងឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ១៥៧។
យ៉ាងណាក៏ដោយ នៅឆ្នាំ២០២២ កម្ពុជាបានជាប់លេខ១៥០ ដែលជាពិន្ទុល្អជាងឆ្នាំ២០២១ រហូតដល់ទៅ ៧ពិន្ទុ ប៉ុន្តែនៅតែស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់ដដែល។ នៅពេលនេះ គេក៏កំពុងទន្ទឹងរង់ចាំមើលពិន្ទុអំពើពុករលួយសម្រាប់ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ ព្រោះថាគេមិនដឹងថា តើកម្ពុជាអាចងើបផុតពីពិន្ទុដ៏អាក្រក់នៃការប្រព្រឹត្តអំពើពុករលួយ ឬក៏អត់នោះទេ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជា មានចំណុចមួយចំនួនដំណើរការទៅដោយមានភាពប្រសើរ ប៉ុន្តែលោកបន្ថែមថា សម្រាប់ការអនុវត្តច្បាប់នៅខ្សោយ និងមិនមានតម្លាភាព ចំណែកការបង្កើតច្បាប់សំខាន់ៗមួយចំនួនដែលចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅមានភាពយឺតយ៉ាវនៅឡើយ។
លោក ប៉ិច ពិសី បញ្ជាក់ថា នៅកម្ពុជា ការប្រព្រឹត្តអំពើពុករលួយខ្នាតតូចទាក់ទងនឹងការផ្តល់សេវាសាធារណៈតាមមូលដ្ឋាន មានតិចជាងមុន ប៉ុន្តែសម្រាប់អំពើពុករលួយធំៗដែលពាក់ព័ន្ធនឹងបក្ខពួក សែស្រឡាយ ការឃុបឃិតគ្នារវាងអ្នកមានអំណាច និងអ្នកមានលុយ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ៕