លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

នយោបាយ

លោក ហ៊ុន ម៉ាណែត ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ​កខ្វក់​១២​នាក់​លើ​ពិភពលោក

By ឌឹ ខេមបូឌា ដេលី

January 19, 2024

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា សម្ដែង​ការ​សោកស្តាយ​ថា រយៈពេល​ជាង ៤​ខែ​ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក មិន​ត្រឹមតែ​មិន​អាច​ស្ដារ​កេរ្តិ៍ឈ្មោះ​ដ៏​អសោច​របស់​លោក ហ៊ុន សែន បាន​ប៉ុណ្ណោះ​ទេ តែ​បែរ​ជា​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​កខ្វក់​ទាំង ១២​នាក់​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland) ថែម​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៨ មករា នេះ​ថា ការ​ចាត់​បញ្ចូល​លោក ហ៊ុន ម៉ាណែត ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​រូប​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវូស មិន​មែន​គ្មាន​ភស្តុតាង​ទេ ព្រោះ​សារព័ត៌មាន​អន្តរជាតិ​នានា​ក៏​បាន​តាមដាន​លោក ហ៊ុន ម៉ាណែត កន្លង​មក​ដែរ ជុំវិញ​ការ​ធ្វើ​ជំនួញ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ដូចជា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជាដើម ទើប​គេ​ហ៊ាន​ដាក់​បញ្ចូល​គាត់​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​បែប​នេះ។

លោក ម៉ែន ណាត លើកឡើង​ថា ការ​ធ្វើ​ដំណើរ​របស់​លោក ហ៊ុន ម៉ាណែត មក​កាន់​ទឹកដី​អឺរ៉ុប ដើម្បី​បញ្ចុះបញ្ចូល​អ្នក​វិនិយោគ​ឱ្យ​ទៅ​រកស៊ី​នៅ​កម្ពុជា​ក្នុង​ពេលនេះ នឹង​ត្រូវ​បរាជ័យ​ទាំងស្រុង ព្រោះ​អ្នក​វិនិយោគ​ល្អៗ​ដែល​គោរព​ច្បាប់ គេ​នឹង​មិន​ហ៊ាន​ទៅ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ពួកគេ​មិន​មែន​មិន​ដឹង​អំពី​របៀប​ដឹកនាំ​ដ៏​អាក្រក់​របស់​លោក ហ៊ុន សែន ដែល​បាន​បន្ត​មក​ឱ្យ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​ទេ។ ជាង​នេះ​ទៀត ពួកគេ​ក៏​មិន​មែន​មិន​ដឹង​ថា លោក ហ៊ុន ម៉ាណែត កំពុង​ក្តោប​ក្តាប់​កម្ពុជា​ឱ្យ​ដូច​ទៅ​នឹង​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្នកជំនួញ​ដែល​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​កន្លង​មក អាច​មាន​អ្នកជំនួញ​ដែល​ល្អៗ​ដែរ ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​រត់​ទៅ​ប្រទេស​ដទៃ​អស់​ហើយ ដោយសារតែ​ពួកគេ​មិន​អាច​រកស៊ី​ចំណេញ​ក្រោម​រដ្ឋាភិបាល​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ​មួយ​នេះ ដូច្នេះ​អ្នក​វិនិយោគ​ដែល​នៅ​សល់ គឺ​មាន​តែ​ពួក​ម៉ាហ្វីយ៉ា (Mafia) ប៉ុណ្ណោះ ដែល​ពួកគេ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រព្រឹត្ត​បទល្មើស​ធំៗ ដូចជា កាប់​បំផ្លាញ​ព្រៃឈើ ជួញដូរ​មនុស្ស លក់​គ្រឿងញៀន លាង​លុយ​កខ្វក់ និង​ចាប់​ជំរិត ជាដើម។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​វាយតម្លៃ​របស់​កាសែត Politico គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ដែល​ធ្វើឡើង​ដើម្បី​បម្រើ​របៀបវារៈ​នយោបាយ​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក​ថា តម្លៃ​ពិត​របស់​រដ្ឋាភិបាល​កម្ពុជា​អាស្រ័យ​លើ​ការ​គាំទ្រ​របស់​ពលរដ្ឋ ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​របស់​សហគមន៍​អន្តរជាតិ និង​ការងារ​ដែល​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​រាស្ត្រ។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ សារព័ត៌មាន​ព័ត៌មាន​អន្តរជាតិ​ឈ្មោះ ប៉ូលិទិកូ (POLITOCO) បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា The ‘dirty dozen’ of Davos ឬ​មេដឹកនាំ និង​អ្នក​ជំនួញ​កខ្វក់​ចំនួន ១២​រូប​ដែល​មាន​វត្តមាន​ក្នុង​ទីក្រុង​ដាវូស ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គេ​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​នាក់​នោះ​ផង​ដែរ។

មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​រូប​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវូស ទាំងនោះ រួម​មាន៖

  1. នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត
  2. ប្រធានាធិបតី​អាហ្សង់ទីន
  3. រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត
  4. ប្រធានាធិបតី​អាហ្សេបៃហ្សង់
  5. ប្រធានាធិបតី​រវ៉ាន់ដា
  6. នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang)
  7. ប្រធានាធិបតី​ហុងគ្រី
  8. នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី
  9. ប្រធានាធិបតី​ប៉ូឡូញ
  10. និង​នាយករដ្ឋមន្ត្រី​កាតារ (Qatar)
  11. ព្រមទាំង​អ្នកជំនួញ​ដ៏​ធំ​ពីរ​រូប​ផ្សេង​ទៀត​ផង​ដែរ។

សារព័ត៌មាន​អន្តរជាតិ​ដដែល​នេះ បាន​ចាត់ទុក​ថា បុគ្គល​ទាំងនេះ​ជា​ប្រភេទ​អ្នកជំនួញ​ទុច្ចរិត ជា​មេដឹកនាំ​ផ្ដាច់ការ​បែប​អត្តាធិបតេយ្យ​ដែល​ល្មោភ​អំណាច និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គោរព​ច្បាប់ ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​ទៅ​លើ​អ្នកកាសែត និង​បង្ក្រាប​បង្ហូរ​ឈាម​លើ​ពលរដ្ឋ​ស្លូតត្រង់ ជាដើម ក្នុង​នោះ​មាន​ចំណុច​សំខាន់ៗ​ជាច្រើន​នៃ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន ម៉ាណែត រួម​មាន​ការ​បង្ក្រាប​ឥត​ឈប់​ឈរ​លើ​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់ ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ទំនាក់ទំនង​បក្ខពួក​និយម​រវាង​ក្រុម​អ្នក​នយោបាយ​កាន់​អំណាច និង​អ្នកជំនួញ​ក្នុង​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

ក្រោយ​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​រយៈពេល​ជាង ៤​ខែ រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បន្ត​ការ​គ្រប់គ្រង​ពី​លោក ហ៊ុន សែន មក​ដល់​លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​មើល​ឃើញ​ថា ស្ថានភាព​នៃ​ការ​រឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ នៅតែ​មាន​ភាព​ចង្អៀត​ដដែល។ ជាក់ស្តែង ក្រោយ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ជាង ៤​ខែ​មក​នេះ ក្នុង​នោះ ការ​រឹតត្បិត​សេរីភាព​ចាប់ផ្តើម​លេច​ចេញ​ជា​បណ្តើរៗ​នៅ​ដើម​ឆ្នាំ​នេះ ដូចជា ការ​ចាប់​ខ្លួន​លោក នី ណាក់ ការ​ឃាត់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ផ្សព្វផ្សាយ​ពី​ការ​ការពារ​កោះកុង​ក្រៅ និង​ការ​ចាប់​ខ្លួន​លោក ខឹម ចាន់វណ្ណៈ នៅ​ពេលនេះ ជាដើម៕