រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានសម្រេចលុបឈ្មោះមន្ត្រីចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ សរុបចំនួន ៧រូបដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។
យោងតាមសេចក្តីប្រកាសលុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ស សុខា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលទើបចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៨ ខែមករា នេះបានឲ្យដឹងថា លោក ស សុខា បានចេញនូវសេចក្តីប្រកាសលុបឈ្មោះមន្ត្រីពន្ធនាគារចំនួន ៥រូបចំណុះឲ្យអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ រួមមាន៖
- លោក ផុន វណ្ណៈ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១
- លោក ហូ សុជាតិ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១
- លោក គង់ ដារ៉ា មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
- លោក កេង ស៊ីឌុន មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
- លោក ខ្ចៅ សិរីរ័ត្ន មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា ការសម្រេចលុបឈ្មោះមន្ត្រីពន្ធនាគារចំនួន ៥រូបចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។
តាមប្រកាសរបស់ក្រសួងការពារជាតិចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោក ទៀ សីហា បានឲ្យដឹងថា សម្រេចលុបឈ្មោះនាយទាហានចំនួន ២រូបចេញពីក្របខ័ណ្ឌ ក្រោយក្រសួងការពារជាតិរកឃើញថាជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ ក្នុងចំណោមនាយទាហានទាំង ២រូប មានមួយរូបចេញពីកងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងមួយរូបទៀតមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានណែនាំអង្គភាពដែលចំណុះឱ្យក្រសួងមហាផ្ទៃ រឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀនលើមន្ត្រីរបស់ខ្លួនគ្រប់អង្គភាពថា ចំពោះអ្នកដែលមានតួនាទីភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ បើសិនមានការស្រាវជ្រាវរកឃើញថាមានការពាក់ព័ន្ធជាមួយការប្រើប្រាស់ និងជួញដូរគ្រឿងញៀន មិនគួររក្សាទុកនៅជាកងកម្លាំងដើម្បីបំពេញតួនាទីភារកិច្ចទៀតទេ។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយ ដោយបញ្ជាឱ្យគ្រប់អង្គភាពពិនិត្យសារធាតុញៀនក្នុងចំណោមមន្ត្រីពន្ធនាគារនៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការអនុវត្តការងាររបស់មន្ត្រីនៅតាមមណ្ឌលកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា អាជ្ញាធរពាក់ព័ន្ធបានអនុវត្តកិច្ចការនេះចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលគ្រោងបញ្ចប់នៅចុងខែតុលា ហើយបន្ទាប់មកនឹងមានចេញជារបាយការណ៍នាពេលនោះ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily កន្លងមកថា ការអនុវត្តវិធានការដោយការដាក់ពិន័យលើមន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀនរបស់លោក ស សុខា នៅពេលនេះ គឺជាគំរូមួយសម្រាប់មន្ត្រីដឹកនាំស្ថាប័នផ្សេងទៀតដែលគួរតែអនុវត្តតាម ព្រោះថាមន្ត្រីរដ្ឋាភិបាលដែលកាន់តំណែងតាមសែស្រឡាយបក្ខពួកដុះស្នឹមក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាមួយភាគធំសព្វថ្ងៃនេះ សុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងការប្រើប្រាស់ និងការចែកចាយ ក្នុងនោះក៏មានអ្នកប្រព្រឹត្តតាមបញ្ជាអ្នកមានអំណាច និងអ្នកដែលប្រព្រឹត្តដោយខ្លួនឯងដែរ។
លោក ម៉ែន ណាត លើកឡើងថា ប្រសិនបើមន្ត្រីដឹកនាំស្ថាប័នទាំងអស់អាចអនុវត្តច្បាប់ដោយតឹងរ៉ឹងបែបនេះ ក៏ជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជាដែលកំពុងតែញាំញីទៅដោយបទល្មើសឧក្រិដ្ឋនានា ដែលបណ្តាលមកពីឥទ្ធិពលគ្រឿងញៀនមួយចំណែកធំ រហូតជាប់ឈ្មោះក្នុងបញ្ជីតាមដានរបស់សហរដ្ឋអាមេរិកកន្លងមកនោះ។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ កាលពីខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ផ្ដោតការយកចិត្តទុកដាក់បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះផងដែរ៕