30 C
Phnom Penh

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​មាន​សេរីភាព​ឡើងវិញ​ក្រោម​ដំបូល​​ផ្សះផ្សា​ជាតិ​នៅ​ខែ​ក្រោយ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នៅ​នាយកដ្ឋាន​កែប្រែ​របស់​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែ​ក្រោយ ដោយសារ​អាយុ និង​សុខភាព​របស់​អ្នកទោស​នយោបាយ​ម្នាក់​នេះ​មាន​វ័យ​កាន់តែ​ចាស់ និង​សុខភាព​កាន់តែ​ទ្រុឌទ្រោម។

យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ មករា នេះ លោក ថាក់ស៊ីន អាច​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ខែ​ក្រោយ​នេះ ខណៈ​លោក​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក ជា​ទី​ដែល​ពន្ធនាគារ​ថៃ បញ្ជូន​លោក​ទៅ​សម្រាក​ព្យាបាល​ជំងឺ។

លោក ថាក់ស៊ីន ដែល​មាន​វ័យ ៧៤​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​លើស​ឈាម និង​ថប់​ដង្ហើម​នា​ប៉ុន្មាន​ម៉ោង​ក្រោយ​លោក​បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ វិញ ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់ពី​លោក​និរទេស​ខ្លួន​រយៈពេល ១៥​ឆ្នាំ​នៅ​ក្រៅ​ប្រទេស។

លោក ថាក់ស៊ីន ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ​ពី​បទ​រំលោភ​អំណាច ប៉ុន្តែ​ទោស​របស់​លោក​ត្រូវ​បាន​បន្ធូរបន្ថយ​មក​ត្រឹម​មួយ​ឆ្នាំ​វិញ បន្ទាប់ពី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

កាលពី​សប្តាហ៍​មុន រដ្ឋបាល​ពន្ធនាគារ​បាន​ពន្យារ​ការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ប៉ូលិស​របស់​លោក ថាក់ស៊ីន ដោយ​លើកឡើង​ពី​តម្រូវការ​តាមដាន​ស្ថានភាព​សុខភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក Sitthi Sutivong បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ លោក ថាក់ស៊ីន មាន​សិទ្ធិ​ទទួល​បាន​ការ​លើកលែង​ទោស​ពិសេស។

ទោះ​យ៉ាងណា លោក Sitthi បាន​និយាយ​ថា នាយកដ្ឋាន​ពន្ធនាគារ​មិន​ទាន់​ទទួល​បាន​សំណើ​ផ្លូវការ​ពី​ពន្ធនាគារ​បាងកក សម្រាប់​ការ​ដោះលែង​លោក ថាក់ស៊ីន ជា​ផ្លូវការ​នៅឡើយ​ទេ។

លោក ថាក់ស៊ីន ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០០៦ ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​សម្រេច​រស់នៅ​និរទេស​ខ្លួន។ ក្នុង​គ្រា​នោះ ពួក​យោធា​ថៃ បាន​ចោទ​លោក ថាក់ស៊ីន ដែល​ជា​មហាសេដ្ឋី​ទូរគមនាគមន៍​ពី​បទ​អំពើពុករលួយ បក្ខពួក​និយម និង​ការ​រំលោភ​បំពាន​អំណាច។

លោក​ត្រូវ​បាន​កាត់ទោស​ដោយ​កំបាំង​មុខ​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៨។ ប្អូនស្រី​របស់​លោក គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី នៅ​ក្នុង​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​២០១៤។ ការពិត លោក ថាក់ស៊ីន នឹង​ត្រូវ​ចាក​ផុត​ទាំងស្រុង​នៃ​ទោស​ពន្ធនាគារ គឺ​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២៤។

តែ​ដោយសារតែ​រដ្ឋាភិបាល​ថ្មី​អនុវត្ត​គោលនយោបាយ​ផ្សះផ្សា​ជាតិ បាន​នាំ​ឱ្យ​លោក ថាក់ស៊ីន និង​អ្នកស្រី យីងឡាក់ ទទួល​បាន​ការ​បិទ​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ។

គេ​ថា​សំណុំរឿង​ចោទប្រកាន់​បែប​នយោបាយ ត្រូវ​បាន​រំលាយ​ចោល​នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី​មកពី​បក្ស​ប្រឆាំង ជា​បក្ស​ប្រកាន់​គោលការណ៍​ដឹកនាំ​បែប​ប្រជាធិបតេយ្យ។

កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ តុលាការ​កំពូល​របស់​រាជាណាចក្រ​នេះ​បាន​សម្រេច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​អ្នកស្រី យីងឡាក់ រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​អំណាច​ក្នុង​បទ​ចោទ​កាលពី​ឆ្នាំ​២០១១។

តាម​ការ​ចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍ ការ​សម្រេច​របស់​តុលាការ​កំពូល​ប្រទេស​ថៃ ធ្វើឡើង​ក្រោយពី​តុលាការ​នេះ​ប្រកាស​ថា ចៅក្រម​អង្កេត​មិន​បាន​រក​ឃើញ​ភស្តុតាង​ពី​បទល្មើស​ព្រហ្មទណ្ឌ​សមគំនិត​កាលពី​ឆ្នាំ​២០១១ ប្រឆាំង​នឹង​អ្នកស្រី យីងឡាក់ នោះ​ទេ។ ជាមួយ​គ្នា​នេះ​ទៀត តុលាការ​កំពូល​ថៃ ក៏​បាន​លុប​ចោល​ដីកា​ចាប់​ខ្លួន​អ្នកស្រី យីងឡាក់ ផង​ដែរ។

ទាំង​លោក ថាក់ស៊ីន និង​អ្នកស្រី យីងឡាក់ ត្រូវ​បាន​អ្នកវិភាគ​ចាត់ទុក​ថា​ជា​អ្នកទោស​នយោបាយ ព្រោះ​ពួកគាត់​សុទ្ធតែ​ត្រូវ​បាន​ផ្តួល​រំលំ​អំណាច​ដោយសារ​រដ្ឋប្រហារ​យោធា។

រាជាណាចក្រ​ថៃ កំពុង​ដើរ​លើ​ផ្លូវ​ផ្សះផ្សា​ជាតិ​ដ៏​ទូលំទូលាយ​ក្រោយ​ពួក​យោធា​អស់​អំណាច

ទោះជា​អំណាច​របស់​តុលាការ​ក៏ដោយ តែ​ការពិត​ដោយសារតែ​ពួក​យោធា​អស់​អំណាច​ទេ ទើប​ផ្ដល់​ឱកាស​មាន​ការ​បង្រួបបង្រួម​ជាតិ​ថៃ ដែល​គេ​ថា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ប្រឆាំង​នៃ​គណបក្ស​ភឿថៃ ហើយ​ឱកាស​នេះ​ក៏​ធ្វើឡើង​ដោយសារតែ​បក្ស​ភឿថៃ នេះ បាន​សម្រេច​ឱ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ដ៏​ទូលំទូលាយ​មួយ​ដែល​សូម្បី​បក្ស​របស់​ពួក​យោធា ក៏​មាន​ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ដែរ។

ក្នុង​ហេតុផល​នេះ គេ​ថា​ពួក​យោធា​សម្រេច​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​ដែល​និរទេស​ខ្លួន​ទាំងអស់ រួម​ទាំង​លោក ថាក់ស៊ីន និង​អ្នកស្រី យីងឡាក់ អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ពីរ​រូប​នេះ​ក៏​បាន​វិល​មក​រួម​រស់​ក្នុង​សង្គម​ថៃ​ឡើងវិញ ប៉ុន្តែ​អំណាច​របស់​តុលាការ​កំពូល​រាជាណាចក្រ​ថៃ នៅ​ពេលនេះ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រត់​តាម​ស្ថានភាព​នយោបាយ​ផង​ដែរ។ វា​មាន​ន័យ​ថា បើ​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ គឺ​ការ​ចោទប្រកាន់​ទោះបី​បទល្មើស​ព្រហ្មទណ្ឌ​បទឧក្រិដ្ឋ​ក៏ដោយ ក៏​ត្រូវតែ​ទម្លាក់​ចោល​ផង​ដែរ បើ​ជន​ជាប់​ចោទ​នោះ​ជា​អ្នក​នយោបាយ ដែល​ជាក់ស្ដែង អ្នកស្រី យីងឡាក់ និង​លោក ថាក់ស៊ីន នៅ​ពេលនេះ។

រាជាណាចក្រ​ថៃ នៅ​ពេលនេះ គឺ​រដ្ឋាភិបាល​របស់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ។ ការ​ផ្សះផ្សា​ជាតិ​ដ៏​ទូលំទូលាយ​នេះ វា​ពិត​ណាស់​កើត​ចេញពី​ការ​សម្របសម្រួល​បញ្ចប់​ហិង្សា​នយោបាយ​រវាង​ពួក​យោធា និង​គណបក្ស​មាន​និន្នាការ​ប្រជាធិបតេយ្យ​ដូចជា​គណបក្ស​ភឿថៃ ជាដើម​នេះ។

អ្នក​សង្កេតការណ៍​នៅ​ក្នុង​តំបន់​មើល​ឃើញ​រូបភាព​នៅ​ក្នុង​រាជាណាចក្រ​ថៃ នៅ​ពេលនេះ​ខុស​ប្លែក​ឆ្ងាយ​ណាស់ និង​ប្រសើរ​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ជិតខាង​ថៃ មាន​ដូចជា​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​យោធា​ដែល​ប្លន់​អំណាច​របស់​អ្នក​ប្រជាធិបតេយ្យ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ និង​ប្រទេស​កម្ពុជា ដែល​បិទ​ឈឹង​តែម្ដង​ការ​ផ្សះផ្សា​ជាតិ បើ​ទោះជា​រាជាណាចក្រ​នេះ​មាន​មេដឹកនាំ​ថ្មី​វ័យក្មេង​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស