បទសម្ភាសន៍

កិច្ចសម្ភាសន៍៖ សោកនាដកម្ម​ពី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន

By ឌឹ ខេមបូឌា ដេលី

January 19, 2024

ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ពី​សំណាក់​ប្រទេស​រុស្ស៊ី នឹង​មាន​រយៈពេល​ពីរ​ឆ្នាំ។

ក្នុង​នាម​ជា​មហាអំណាច​មួយ រុស្ស៊ី​បាន​បំផ្លិចបំផ្លាញ​ប្រទេស​អ៊ុយក្រែន យ៉ាង​ខ្ទេចខ្ទាំ បង្ខំ​ពលរដ្ឋ​អ៊ុយក្រែន ឲ្យ​រត់​ភៀស​សឹក​ចាកចោល​ភូមិដ្ឋាន ផ្ទះសម្បែង និង​បែកបាក់​ព្រាត់ប្រាស​ក្រុម​គ្រួសារ ជាពិសេស​កុមារា​កុមារី និង​យុវជន​ជំទង់ៗ ពី​ឪពុកម្ដាយ។

កាលពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី រួម​ទាំង​ខ្ញុំ​បាទ​ផ្ទាល់ បាន​ចូលរួម​ក្នុង​ដំណើរ​ស្វែងយល់​អំពី​សោកនាដកម្ម​លើ​ពលរដ្ឋ​អ៊ុយក្រែន។

នេះជា​កិច្ច​សម្ភាសន៍​រវាង​ក្រុម​អ្នកកាសែត​បរទេស​ជាមួយ​ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) លោកស្រី Olena Zelenska ដោយ​សង្ខេប ហើយ​លោក ហាស់ សាន សូម​ធ្វើការ​ប្រែ​សម្រួល​កិច្ច​សម្ភាសន៍​នេះ​ជូន​ជ្រាប​ដូច​តទៅ៖

កុមារ​អ៊ុយក្រែន​បែកបាក់​ព្រាត់ប្រាស​ឪពុកម្ដាយ​ដែល​ស្លាប់​ក្នុង​សង្គ្រាម​លុកលុយ​ក្តី ដោយ​រត់​គេច​ពី​គ្រប់​ផ្លោង​បែកខ្ញែក​គ្នា​ក្តី ត្រូវ​បាន​ទាហាន​រុស្ស៊ី កេណ្ឌ​ប្រមូល​ដឹក​យក​ទៅ​ប្រទេស​រុស្ស៊ី យ៉ាង​តិច​ជាង ៥​ពាន់​នាក់។ ប្រភព​ដទៃ​និយាយ​ថា ជាង ១​ម៉ឺន​នាក់។ ឥឡូវ​នេះ យើង​បាន​រក​ឃើញ ហើយ​នាំ​យក​មក​វិញ​បាន​តែ ៣៨៦​នាក់​ប៉ុណ្ណោះ។ នេះ​ជា​បញ្ហា​ដែល​បង្ក​ការ​ឈឺចាប់​យ៉ាង​ខ្លាំង។ នេះ​ជា​វិធី​ប្រល័យ​ពូជសាសន៍​មួយ​បែប​លើ​ជនជាតិ​អ៊ុយក្រែន។

រុស្ស៊ី យក​កុមារ​អ៊ុយក្រែន ពី​អាយុ ៤​ឆ្នាំ​ឡើង​ទៅ យក​ទៅ​ដាក់​នៅ​មណ្ឌល ឬ​ស្ថាប័ន​កុមារ​កំព្រា​គ្រប់គ្រង​ដោយ​មន្ត្រី​មើល​ការ​ខុសត្រូវ​ម្នាក់​នៅ​ភូមិ​មួយ ហើយ​ស្វែងរក​ពលរដ្ឋ​រុស្ស៊ី ឲ្យ​យក​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្លាស់ប្ដូរ​ឈ្មោះ​ពី​អ៊ុយក្រែន ឲ្យ​ទៅ​ជា​ឈ្មោះ​បែប​រុស្ស៊ី។

ឧទាហរណ៍​ដូចជា ឈ្មោះ​អ៊ុយក្រែន ថា មីគីតា គេ​ដូរ​ឲ្យ​ទៅ​ជា នីគីតា ជាដើម។ គេ​យក​ទៅ​ឲ្យ​រៀន​ភាសា​រុស្ស៊ី មិន​ឲ្យ​រៀន​ភាសា​អ៊ុយក្រែន ហើយ​បង្ខំ​ឲ្យ​ច្រៀង​បទ​គោរព​ទង់ជាតិ​រុស្ស៊ី។ រដ្ឋអំណាច​រុស្ស៊ី ធ្វើ​អត្តសញ្ញាណប័ណ្ណ ធ្វើ​លិខិត​ឆ្លងដែន​រុស្ស៊ី ឲ្យ​កុមារ​ទាំងនោះ។ នេះ​ជា​ការ​ពិបាក​មួយ​ក្នុង​ការ​រក​ឈ្មោះ​ពិត​នៃ​កុមារ​ទាំងឡាយ​នោះ។

គេ​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​ក្មេងៗ​អ៊ុយក្រែន នោះ វង្វេង​លែង​ស្គាល់​ជាតិ​កំណើត​របស់​ខ្លួន។ គេ​ថែម​ទាំង​ឃោសនា​ផ្សព្វផ្សាយ​កោត​សរសើរ​ស្ញប់ស្ញែង​ដល់​គ្រួសារ​រុស្ស៊ី ណា​ដែល​ជួយ​យក​កូន​ក្មេង​អ៊ុយក្រែន ទៅ​ចិញ្ចឹម​ទៀត​ផង។

បន្ទាប់ពី​សេចក្តី​សម្រេច​ចិត្ត​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ គេ​បាន​បង្កើត​ក្រុមប្រឹក្សា​មួយ​ដើម្បី​សិក្សា ស្រាវជ្រាវ រាវរក​កុមារ​អ៊ុយក្រែន ដែល​ទាហាន​រុស្ស៊ី​ប្រមូល​យក​ទៅ​ប្រទេស​រុស្ស៊ី​ទាំងអស់ ព្រោះ​ថា​អំពើ និង​ទង្វើ​ដូច្នេះ ជា​វិធី​បំបាត់ ឬ​រំលាយ​ពូជសាសន៍ ដែល​ខុសពី​ច្បាប់​អន្តរជាតិ​ទាំងស្រុង។

យើង​ធ្វើ​កិច្ចការ​នេះ​ជា​រៀងរាល់​ថ្ងៃ ទោះ​ជា​ក្នុង​កាលៈទេសៈ​សង្គ្រាម​ញាំញី​យ៉ាងណា​ក៏ដោយ។ យើង​ប្រកាន់ខ្ជាប់​សិទ្ធិ​របស់​យើង ដើម្បី​នឹង​នាំ​កុមារ​អ៊ុយក្រែន មក​កាន់​មាតុភូមិ​របស់​ខ្លួន​វិញ​ឲ្យខាងតែ​បាន។

ចំពោះ​កុមារ​កំពុង​រស់នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន វិញ គេ​ឥត​បាន​រៀនសូត្រ​ទៀងទាត់​ទេ ពីព្រោះ​គ្មាន​រណ្តៅ​ជម្រក​ការពារ​គ្រាប់​ផ្លោង​គ្រាប់បែក​ក្នុង​សាលារៀន ប៉ុន្តែ​យើង​បាន​ព្យាយាម​ចែកចាយ អាយផេត (iPad) ឬ laptops តាម​តំបន់​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​បាន​ចែកចាយ​ម៉ាស៊ីនភ្លើង​តាម​ផ្ទះ​ក្នុង​រដូវរងា​ធ្លាក់​ទឹកកក។ ចំពោះ​កុមារ​កំព្រា​ក្នុង​ស្រុក យើង​បាន​អំពាវនាវ​ឲ្យ​ឪពុកម្ដាយ​ខ្លះ​ជួយ​យក​ទៅ​ចិញ្ចឹម ហើយ​យើង​ក៏​បាន​ជួយ​ផ្គត់ផ្គង់​គ្រឿង​ឧបភោគ​បរិភោគ សម្លៀកបំពាក់ នៅ​ទីណា​មាន​សុវត្ថិភាព។ ទោះជា​យ៉ាងណាក៏ដោយ គ្រួសារ​ខ្លះ​ពុំ​មាន​លទ្ធភាព​ជួយ​ចិញ្ចឹម​ក្មេង​កំព្រា​ឡើយ។ យើង​ត្រូវការ​ជំនួយ​មនុស្សធម៌​ច្រើន​ណាស់។

រឿង​រំលោភ​ឈ្លានពាន​ដោយ​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ទៅ​លើ​អ្នក​ដឹកនាំ​ប្រជាធិបតេយ្យ ទោះ​ជា​នៅ​ទីណា​ក៏ដោយ មិន​ថា​ប្រទេស​ណា​ឡើយ បើ​ពិភពលោក​បិទ​ភ្នែក មិន​រួម​ដៃ​គ្នា​ទប់ស្កាត់​ទេ​នោះ អ្នក​ដឹកនាំ​ផ្ដាច់ការ​នោះ​នឹង​បន្ត​ដំណើរ​ឈ្លានពាន​របស់​គេ​តទៅ​ទៀត។ យើង​បាន​ដឹង បាន​ឃើញ​ហើយ​ថា វិធានការ​ការពារ​អំពើ​ឈ្លានពាន​ទឹកដី​អ្នក​ដទៃ​ពី​សំណាក់​ពួក​ផ្ដាច់ការ​កន្លង​មក ពុំ​មាន​ប្រសិទ្ធភាព​ទេ។ ក្នុង​សម័យ​អតីត​សហភាព​សូវៀត គេ​មិន​ឲ្យ​រៀន​ភាសា ឬ​បោះពុម្ព​សៀវភៅ​អក្សរសាស្ត្រ​អ៊ុយក្រែន ទេ ថ្វីបើ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ភាសា​អ៊ុយក្រែន ត្រូវ​បាន​គេ​ទទួលស្គាល់​ក្នុង​ពិភពលោក​ដ៏​យូរលង់​ដ៏​ច្រើន​សតវត្ស​មក​ហើយក៏​ដោយ។

យើង​បាន​ព្យាយាម​ថែរក្សា​អ្វីៗ​ជា​មរតក​អ៊ុយក្រែន ឲ្យ​នៅ​រស់​រវើក​ជា​រៀង​រហូត​មក។ ចំ ពោះ​ការ​បាត់បង់ ការ​ខូចខាត​ដល់​ជីវិត​ពលរដ្ឋ​អ៊ុយក្រែន ការ​ខ្វះខាត​របស់​ប្រើប្រាស់ ខ្ញុំ​បាន​ស្នើសុំ​ជំនួយ​ពី​មិត្ត​បរទេស​លើ​ឆាក​អន្តរជាតិ ហើយ​បាន​ទទួល​ជំនួយ​ទាន់​ចិត្ត​ពី​កល្យាណមិត្ត​ទាំងអស់​នោះ​សម្រាប់​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន បាន​កក់ក្តៅ​ក្នុង​រដូវរងា។

បញ្ហា​ប្រឈមមុខ​ក្រោយពី​សង្គ្រាម​ចប់​ទៅ

ក្នុង​ទឹកដី​ប្រទេស​អ៊ុយក្រែន មាន​គ្រាប់មីន​រាប់​លាន​គ្រាប់។ យើង​សង្ឃឹម​ថា ប្រទេស​កម្ពុជា​ដែល​មាន​បទពិសោធន៍​ធ្លាប់​ឆ្លងកាត់ មាន​ជំនាញ​ខាង​ដោះ​មីន នឹង​មក​ជួយ​បង្រៀន​ក្រុម​អ្នកជំនាញ​របស់​យើង​ឲ្យ​ចេះ​ដោះ​មីន ព្រោះ​គ្រាប់មីន​ដែល​រាយ​ពាសពេញ​សមរភូមិ នឹង​ត្រូវ​ការ​ពេល​យូរ​ឆ្នាំ​ណាស់ ដើម្បី​បោស​សម្អាត។ ចំពោះ​ជីវិត​គ្រួសារ​របស់ខ្ញុំ​វិញ ជួនកាល​យើង​ជួប​គ្នា​មួយ​អាទិត្យ​ម្តង ជួនកាល​ពីរ​ដង ហើយ​គិត​គ្នា​អំពី​ការ​ចង់​បាន​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​កូន​យើង​ក្នុង​រដូវ​បុណ្យទាន ពីព្រោះ​ថា​វា​ជា​ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌​យើង។

ស្វាមី​ខ្ញុំ មាន​ពេល​ខ្លះ​យើង​ក៏​តឹងទ្រូង​រៀង​ខ្លួន ប៉ុន្តែ​គាត់​ហាក់ដូចជា​មាន​អ្វី​មួយ​ដែល​លើក​ទឹកចិត្ត ផ្តល់​ថាមពល​ឲ្យ​គាត់​មាន​ស្មារតី ជំហរ​រឹងប៉ឹង មិន​តក់ស្លុត ហើយ​គិតគូរ​រហ័សរហួន។ យើង​ជា​មនុស្ស មិនមែន​មិន​ចង់​ដើរ​លេង​នោះ​ទេ។ យើង​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ជប៉ុន ហើយ​គិត​ថា​ថ្ងៃ​ណា​មួយ នឹង​ទៅ​លេង​ប្រទេស​ម៉ុងហ្គោលី ផង​ដែរ។ យើង​នៅតែ​មាន​សង្ឃឹម​ថា សន្តិភាព​នឹង​កើតមាន​ឡើង​ក្រោយ​មាន​ការ​ចរចា​គ្នា។ ច្បាស់​ណាស់ យើង​ស្រមៃ​ឃើញ​ថ្ងៃ​ជ័យជម្នះ​របស់​យើង។ ចំណែកឯ​ការ​ចង់​បាន​អ្វី​ក្រោយ​សន្តិភាព​នោះ ជា​រឿង​របស់​មនុស្ស​យើង​ម្នាក់ៗ​ចង់​បាន ហើយ​អាច​នឹង​មិន​ដូច​គ្នា​ទេ។ ចំពោះ​រឿង​នយោបាយ ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ច្រើន​ជាង​ហ្នឹង​ទេ ពីព្រោះ​ខ្ញុំ​មិនមែន​ជា​ប្រធានាធិបតី។ លោក​អ្នក​អាច​សួរ​លោក​ប្រធានាធិបតី​ដោយ​ផ្ទាល់​ចុះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី ក៏​បាន​ជួប​ជាមួយ​មន្ត្រី​ធ្វើ​ការងារ​មនុស្សធម៌​ដែរ។

អ្នកស្រី Daria Gerasymchuk ស្នងការ​ផ្នែក​សិទ្ធិ​កុមារ និង​ជា​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន លោក Zelensky ថ្លែង​ប្រាប់​អ្នកកាសែត​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ អំពី​វិធី​ជួយ​បីបាច់​ថែរក្សា​កុមារ​គ្មាន​ឪពុកម្ដាយ​ក្នុង​សង្គ្រាម​ថា ទាហាន​រុស្ស៊ី​បាន​កៀរ​កុមារ​អ៊ុយក្រែន យក​ទៅ​ប្រទេស​បេឡារុស្ស ប្រទេស​រុស្ស៊ី និង​យក​ទៅ​តំបន់​ខ្លួន​កាន់កាប់​បណ្ដោះអាសន្ន ដូចជា​តំបន់ Donetsk តំបន់ Luhansk ឬ Crimea។ យើង​មិន​ដឹង​ឲ្យ​បាន​ច្បាស់លាស់​ទេ​ថា តើ​មាន​ចំនួន​កុមារ​ប៉ុន្មាន​នាក់​គេ​កៀរ​យក​ទៅ​នោះ។ យើង​កំពុង​ធ្វើ​ការងារ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច គឺ​ប៉ូលិស​ជាតិ ដើម្បី​ស៊ើបអង្កេត និង​រៀបចំ​សំណុំរឿង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ អំពី​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍។ រុស្ស៊ី មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​អ៊ុយក្រែន ដែល​សុំ​ឲ្យ​ធ្វើ​បញ្ជី​ចំនួន​កុមារ​ដែល​ខ្លួន​កៀរ​យក​ទៅ​នោះ​ទេ។ មាន​សេចក្តី​រាយការណ៍​ថា អាជ្ញាធរ​រុស្ស៊ី បាន​រៀបចំ​ធ្វើ​បញ្ជី​បង្ខំ​ចូល​សញ្ជាតិ​លើ​កុមារ​អ៊ុយក្រែន ហើយ​រក​គ្រួសារ​រុស្ស៊ី​យក​ទៅ​ចិញ្ចឹម​តាម​ផ្ទះ​រៀង​ខ្លួន ដោយ​រំលោភ​អនុសញ្ញា​អន្តរជាតិ​ស្តីអំពី​កិច្ចការពារ​សិទ្ធិ​កុមារ ដែល​ក្រុង​មូស្គូ ជា​ហត្ថលេខី​ដែរ​នោះ។

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន វិញ យើង​បាន​ប្រមូល​កុមារ​ដែល​មាន​ឪពុកម្ដាយ​រង​របួស ឬ​ស្លាប់ ហើយ​រត់​គេច​ពី​តំបន់​រុស្ស៊ី​កាន់កាប់​បណ្ដោះអាសន្ន ទៅ​ដាក់​កន្លែង​មាន​សុវត្ថិភាព។ យើង​បាន​បង្កើត​មណ្ឌល​សម្រាប់​ទាក់ទង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហៅថា​ច្រក​ទ្វារ​កុមារ​ក្នុង​សង្គ្រាម (Children of War Portal) ដើម្បី​ស្វែងរក​គ្រួសារ​អ៊ុយក្រែន​ដែល​មាន​សមត្ថភាព និង​លទ្ធភាព​អាច​ជួយ​យក​កុមារ​ទៅ​ចិញ្ចឹម​ជា​កូនចិញ្ចឹម។ វិធី​នេះ តម្រូវ​ឲ្យ​គ្រួសារ​នីមួយៗ​ដែល​មាន​ឆន្ទៈ​មនុស្សធម៌​ទាក់ទង​ដាក់​ពាក្យ​សុំ​ទៅ​ទីស្នាក់ការ​ជាតិ ហៅថា​ការិយាល័យ​ជាតិ​ផ្នែក​ព័ត៌មាន។ យើង​បាន​បង្កើត​មជ្ឈមណ្ឌល​ជម្រក​កុមារ ឈ្មោះ​ថា កុមារ​មិន​ឯកា។ គ្រា​ដែល​សង្គ្រាម​បាន​ចាប់ផ្តើម​ពេញ​បន្ទុក ពលរដ្ឋ​អ៊ុយក្រែន ជាង ២​ម៉ឺន ៣​ពាន់​គ្រួសារ បាន​ដាក់​ពាក្យ​សុំ​យក​កុមារ​ទៅ​ចិញ្ចឹម។ យើង​មាន​កម្មវិធី​បង្ហាញ​ឪពុកម្ដាយ​ចិញ្ចឹម​ទាំងនោះ ឲ្យ​យល់ដឹង​អំពី​ច្បាប់​ទម្លាប់​យក​កុមារ​ទៅ​ចិញ្ចឹម ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ ជាដើម។ល។ កុមារ​ខ្លះ ក៏​ធ្លាប់​ស្គាល់​គ្រួសារ​ដែល​ខ្លួន​ទៅ​ស្នាក់នៅ​ជាមួយ​នោះ​ដែរ ព្រោះ​ថា​គេ​រស់នៅ​ភូមិ​ផង​ក្បែរ​គ្នា។

ចំពោះ​ចំនួន​កុមារ​ព្រាត់ប្រាស​ឪពុកម្ដាយ​ក្នុង​ប្រទេស​ចាប់ពី​ខែ​ដើម​សីហា (ឆ្នាំ​២០២៣) មក យើង​បាន​ដឹង​ថា កុមារ​ជិត ៣២០០​នាក់ អត់​មាន​ឪពុកម្ដាយ​បីបាច់​ថែទាំ ហើយ​ប្រមាណ​ជាង ១០០​នាក់ បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ជា​កុមារ​កំព្រា។ យើង​មិន​ទាន់​ហ៊ាន​អនុញ្ញាត​ឲ្យ​ជនបរទេស យក​កុមារ​អ៊ុយក្រែន ទៅ​ធ្វើ​ជា​កូនចិញ្ចឹម​ទេ ព្រោះ​ប្រទេស​កំពុង​តែ​មាន​សង្គ្រាម​នៅឡើយ៕