ប្រជាពលរដ្ឋរងគ្រោះ ១៣១គ្រួសារដែលរងការបណ្តេញពីលំនៅឋានក្នុងស្រុកគូលែន ខេត្តព្រះវិហារ អង្វរសុំឱ្យអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជួយកាត់ឆ្វៀលដីដែលពួកគាត់កាន់កាប់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ធ្វើជាកម្មសិទ្ធិស្របច្បាប់ ព្រោះដីនោះមិនមែនជាដីរបស់ក្រុមហ៊ុនឯកជន សីលាដាម៉ិច ដូចការការអះអាងរបស់អាជ្ញាធរឡើយ។
ប្រជាពលរដ្ឋរងគ្រោះ ១៣១គ្រួសារដែលរងការបណ្តេញពីលំនៅឋានក្នុងភូមិក្ដាក់ ឃុំត្បែងពីរ ភូមិម្រេច និងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មករា ថា ប្រជាពលរដ្ឋទាំង ១៣១គ្រួសារដែលកំពុងកាន់កាប់ដីក្នុងភូមិឃុំខាងលើ គឺពិតជាប្រជាពលរដ្ឋដែលមានដីពិតប្រាកដ និងបានកាន់កាប់ជាក់ស្តែងអស់រាប់ឆ្នាំ និងរាប់សិបឆ្នាំមែន ក្នុងនោះ ប្រជាពលរដ្ឋខ្លះបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៧៩ និងប្រជាពលរដ្ឋខ្លះបានកាន់កាប់តាំងពីឆ្នាំ២០១២ មក។
ប្រជាពលរដ្ឋរងគ្រោះខាងលើរៀបរាប់ថា ចាប់តាំងពីពួកគេចូលមករស់នៅក្នុងតំបន់នេះ ប្រជាពលរដ្ឋរងគ្រោះទាំង ១៣១គ្រួសារបានអាស្រ័យផលលើដីនោះដោយការបង្កបង្កើនផលដាំដំណាំហូបផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើស្រែ និងដំណាំផ្សេងៗទៀត មិនដែលមានបញ្ហាអ្វីទេ ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២២ មក ស្រាប់តែអាជ្ញាធរខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយផ្ទះ និងផលដំណាំរបស់ពួកគាត់ជាបន្តបន្ទាប់ ដោយគ្មានការផ្តល់ដំណឹងជាមុន ក្រោមលេសថា ពួកគាត់កំពុងរស់នៅលើដីខុសច្បាប់ដែលជាដីរបស់ក្រុមហ៊ុន សីលាដាម៉ិច ទៅវិញ។
ប្រភពដដែលបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទាំង ១៣១គ្រួសារមិនមែនជាប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងដែលមកពីស្រុកសូទ្រនិគម និងស្រុកស្វាយលើ នៃខេត្តសៀមរាប ដោយនាំគ្នាមកទន្ទ្រានយកដីរបស់ក្រុមហ៊ុន សីលាដាម៉ិច ដូចការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកខ្លះនោះទេ គឺពួកគេពិតជាប្រជាពលរដ្ឋដែលបានកាន់កាប់ដីធ្លីក្នុងភូមិឃុំខាងលើតាំងពីក្រុមហ៊ុន សីលាដាម៉ិច មិនទាន់ទទួលបានដីសម្បទានពីរដ្ឋាភិបាលមកម្ល៉េះ។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានចេញលិខិតមួយទៅកាន់រដ្ឋបាលខេត្តព្រះវិហារ បន្ទាប់ពីទទួលបានសំណើរបស់ប្រជាពលរដ្ឋសុំឱ្យក្រសួងមហាផ្ទៃលុបលិខិតរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបានចេញកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ដោយការព្រមានបណ្តេញប្រជាពលរដ្ឋទាំង ១៣១គ្រួសារនេះចេញពីលំនៅឋាន។
លោក ស សុខា បញ្ជាឱ្យអាជ្ញាធរខេត្តចាត់មន្ត្រីជំនាញទៅពិនិត្យ សិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាវិវាទដីធ្លីនេះជូនប្រជាពលរដ្ឋដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែង និងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃអំពីការស្រាវជ្រាវនេះផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋបាលខេត្តព្រះវិហារ បានលើកឡើងថា បញ្ហាវិវាទដីធ្លីនេះមានភាពស្មុគស្មាញដោយសារតែប្រជាពលរដ្ឋមិនចេះច្បាប់។ ជាងនេះទៀត តំណាងប្រជាពលរដ្ឋទាំង ១៣១គ្រួសារនោះ ដូចជា លោក យឹក វ័រ លោក ភ្លូ បោន លោក ឃ្លោក លាំ លោក ចឹក វ៉ត និងលោក លូត សាឡា ជាដើម សុទ្ធតែជាមនុស្សដែលមិនចេះអក្សរ ដូច្នេះហើយបានជាពួកគេមិនយល់ពីខ្លឹមសារនៃលិខិតរបស់រដ្ឋបាលខេត្ត ស្រុក និងឃុំ ជុំវិញបញ្ហាដីធ្លីនេះ។ ជាងនេះទៀត អាជ្ញាធរចោទថាប្រជាពលរដ្ឋខាងលើនេះមានអាជីពជាអ្នកដើរទន្ទ្រានដីខុសច្បាប់ធ្វើជាកម្មសិទ្ធិផងដែរ។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ អភិបាលស្រុកគូលែន លោក ប៉ែន ជឹង បានចេញសេចក្តីជូនដំណឹងមួយព្រមានចាត់វិធានការច្បាប់លើប្រជាពលរដ្ឋជាង ១០០គ្រួសារ ដោយចោទថាប្រជាពលរដ្ឋទាំង ១៣១គ្រួសារនេះបានចូលទន្ទ្រានដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សីលាដាម៉ិច ខូអ៊ូលធីឌី ដែលមានផ្ទៃដីទំហំជាង ៦ពាន់ហិកតារ (៦៣៧៨ហិកតារ និង ៤៦អា) ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ប្រសិនបើពួកគេមិនរើលំនៅឋានចេញឱ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ទេនោះ។
ចាប់តាំងពីដើមឆ្នាំ២០២២ មក ប្រជាពលរដ្ឋដែលបានរស់នៅ និងកាន់កាប់ដីដែលខ្លួនអាស្រ័យផលជាក់ស្តែង ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ បានដាក់គ្រឿងចក្រឈូសឆាយផ្ទះរបស់ពួកគេជាបន្តបន្ទាប់ ក្រោមលេសថា ប្រជាពលរដ្ឋទាំងនោះរស់នៅ និងអាស្រ័យផលលើដីរបស់ក្រុមហ៊ុន «សីលាដាម៉ិច» ដោយខុសច្បាប់។
ប្រជាពលរដ្ឋចំនួន ១៣១គ្រួសារដែលបានកាន់កាប់ដីចំនួន ៦៤៩ហិកតារ នៅភូមិក្ដាក់ ឃុំត្បែងពីរ និងភូមិម្រេច ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តាំងពីឆ្នាំ១៩៧៩ និងឆ្នាំ២០១២ បាននាំគ្នាដាក់ញត្តិទៅកាន់ស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីស្នើសុំអន្តរាគមន៍លើបញ្ហានេះ ដូចជា ស្ថាប័នរដ្ឋសភាកម្ពុជា ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាដើម ដើម្បីសុំឱ្យស្ថាប័នទាំងនេះជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនពួកគាត់ និងបញ្ឈប់ការបណ្តេញពួកគាត់ចេញពីលំនៅឋានបន្តទៀត។
ខ្លឹមសារក្នុងញត្តិនោះ បានរៀបរាប់ថា នៅអំឡុងឆ្នាំ២០២២ កម្លាំងអាជ្ញាធរចម្រុះដឹកនាំដោយអភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានបញ្ជាកម្លាំង និងគ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋអស់ប្រហែល ៦០ខ្នង និងផលដំណាំប្រហែល ៤៥០ហិកតារ អស់គ្មានសល់ ហើយបានបណ្តេញពលរដ្ឋចេញពីលំនៅឋាន និងបានគំរាមប្តឹង និងចាប់ពលរដ្ឋដាក់ពន្ធនាគារថែមទៀត។
ជុំវិញបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលបានរកឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន សីលាដាម៉ិច បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ពលរដ្ឋធ្ងន់ធ្ងរកន្លងមក ជាពិសេសសិទ្ធិទទួលបានការកាន់កាប់ដីធ្លី និងបញ្ចេញមតិតែម្តង៕
© 2024, . All rights reserved.