31 C
Phnom Penh

គណបក្ស​ភ្លើង​ទៀន​ថា​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ឱ្យ​រាំងស្ទះ​សំណើ​សុំ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​អាច​នឹង​ធ្វើ​ឱ្យ​បាក់​ស្មារតី​អង្គ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​មកពី​គណបក្ស​របស់​ខ្លួន បន្ទាប់ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នេះ ដោយ​ចាត់ទុក​ថា​អាជ្ញាធរ​ហាក់​មាន​ចេតនា​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត។

យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​នៅ​ថ្ងៃទី​២២ ខែ​មករា នេះ គណបក្ស​ភ្លើង​ទៀន​បាន​អះអាង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​មិន​បាន​ឆ្លើយតប​រួសរាន់​នឹង​សំណើ​សុំ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចេញ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង។ គណបក្ស​ភ្លើង​ទៀន សម្ដែង​នូវ​ការ​បារម្ភ និង​ខកចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​នេះ។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​លើកឡើង​ថា ទង្វើ​របស់​អាជ្ញាធរ​ហាក់​ដូចជា​មាន​ចេតនា​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន បំពាន​លើ​មាត្រា​១៦ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ និង​មិន​ស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​បាន​ស្នើសុំ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ​តាម​ទីតាំង​ផ្សេងៗ​ជា​យូរ​មក​ហើយ គឺ​មាន​រយៈពេល​ចាប់ពី ១​ខែ​ទៅ ៥​ខែ ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ថ្មី​ទាំង​ជាង ៣០​នាក់ ប៉ុន្តែ​គណបក្ស​លោក​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងនោះ​នៅឡើយ។

ប្រភព​ដដែល​អះអាង​ថា តាម​នីតិវិធី គេ​មិន​អាច​ប្រើ​ពេល​យូរ​រាប់​ខែ​ដូចនេះ​ទេ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏ដូចជា​ក្រសួង​មហាផ្ទៃ មិន​ទាន់​មាន​ការ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ជុំវិញ​បញ្ហា​នេះ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន ៣២​នាក់​របស់​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណបក្ស​ស្នើសុំ​ផ្លាស់ប្ដូរ​ឈ្មោះ​ដាក់​អ្នក​ថ្មី​ជំនួស​ក្រុមប្រឹក្សា​ឃុំ​ចាស់ ដោយសារតែ​សមាជិក​ក្រុមប្រឹក្សា​ចាស់​ទទួល​មរណភាព លាលែង​ពី​តួនាទី អសកម្ម​ការងារ​បម្រើ​ម្ចាស់​ឆ្នោត និង​ការ​ចាកចេញ​ពី​គណបក្ស​នេះ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ភ្លើង​ទៀន មាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​ខ្លួន​សរុប​ចំនួន ២១៩៨​នាក់ ដោយសារតែ​គណបក្ស​នេះ​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ខាងមុខ គណបក្ស​ភ្លើង​ទៀន​បាន​ជ្រើសរើស​បក្ស​ឆន្ទៈ​ខ្មែរ ដែល​នៅ​ក្នុង​សម្ព័ន្ធភាព​ជាមួយ​គ្នា​ឲ្យ​ឈរឈ្មោះ​ប្រកួត​ប្រជែង។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា បើ​អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​យល់ព្រម​លើ​សំណើ​សុំ​ផ្លាស់ប្ដូរ​សមាសភាព​របស់​គណបក្ស​ភ្លើង​ទៀន គឺ​អាច​នឹង​បាត់បង់​អង្គ​បោះឆ្នោត​ជាង ៣០​រូប និង​អាច​បាត់បង់​អាសនៈ​ព្រឹទ្ធសភា​មួយ​ចំនួន​ទៀត។

ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន មិន​ព្រម​ចុះហត្ថលេខា បង្ក​ភាព​ស្មុគស្មាញ​លើ​សំណើ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​នេះ គឺជា​ទង្វើ​នៃ​ការ​រើសអើង​ផ្នែក​នយោបាយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ការ​បោះឆ្នោត​អសកល​នៅ​ពេល​ខាងមុខ។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​មាត្រា​៣៧ ចែង​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​ធ្វើឡើង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​រយៈពេល​យ៉ាង​យូរ ១៤​ថ្ងៃ។ សេចក្ដី​ប្រកាស​ក្រសួង​មហាផ្ទៃ កំណត់​ឱ្យ​អភិបាល​ខេត្ត-រាជធានី​ត្រូវ​ពិនិត្យ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នានា​ក្នុង​រាជធានី-ខេត្ត​របស់​ខ្លួន។ ក្នុង​ករណី​សមាជិក​ក្រុមប្រឹក្សា​ណា​បាត់បង់​សមាជិកភាព អភិបាល​ខេត្ត-រាជធានី​ត្រូវ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នោះ​លើក​សំណើ​សុំ​ប្ដូរ​ជាបន្ទាន់។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​មន្ត្រី​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជាដើម ដែល​មាន​អាណត្តិ ៥​ឆ្នាំ​ដូចៗ​គ្នា។

ប្រទេស​កម្ពុជា បោះឆ្នោត​ជា​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ បាន ៣​ដង​រួច​មក​ហើយ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ធ្វើ​ឡើង ៧​អាណត្តិ ចំណែក​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន​ធ្វើ​ឡើង​បាន ៣​ដង​ដែរ ចំណែកឯ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​ធ្វើ​ឡើង ៦​ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស