ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែលផ្សព្វផ្សាយថា អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានលួចកិបកេងលុយជិត ១០០លានដុល្លារអាមេរិក (៨០លានដុល្លារ) ពីក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ដែលហៅកាត់ថា CIC Partner ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា កន្លងទៅ ខណៈតុលាការកំពុងដំណើរនីតិវិធីលើករណីនេះ។
ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលមានលោក ព្រាប កុល ចុះហត្ថលេខាក្នុងឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល CIC Partner ដើម្បីសុំឱ្យក្រុមហ៊ុនខាងលើបំភ្លឺចំពោះករណីចោទប្រកាន់ដែលថា រូបលោកបានលួចកិបកេងលុយ ៨០លានដុល្លារពីក្រុមហ៊ុនមួយនេះកាលពីពេលកន្លងទៅ ហើយដែលផ្សព្វផ្សាយដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) នោះ។
អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ដែលមានតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន រៀបរាប់ក្នុងលិខិតនេះថា ករណីចោទប្រកាន់របស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងសុវត្ថិភាពរបស់លោក និងក្រុមគ្រួសាររបស់លោក ក្នុងនាមជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររដ្ឋាភិបាលអាណត្តិថ្មីនេះ។
លោក ព្រាប កុល បញ្ជាក់ថា លោកត្រូវតែប្តឹងម្ចាស់គណនីហ្វេសប៊ុកមួយនេះដើម្បីរក្សាភាពស្អាតស្អំ យុត្តិធម៌ និងដើម្បីរក្សាកេរ្តិ៍ឈ្មោះ ព្រមទាំងសុវត្ថិភាពរបស់លោកផងដែរ។
លោក ព្រាប កុល បញ្ជាក់ថា លោកគ្មានតួនាទីអ្វីនៅក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) នេះទេ ដូច្នេះលោកក៏មិនអាចលួចកិបកេងលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះតាមវិធីណាកើតដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ព្រាប កុល បានរងនូវការចោទប្រកាន់ថាបានលួចកិបកេងលុយពីក្រុមហ៊ុន CIC Partner ចំនួន ៨០លានដុល្លារអាមេរិកកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែលមានឈ្មោះពិតថា យ៉ង់ ប៉ាក់ ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ព្រាប កុល ដាក់ពាក្យបណ្តឹងទៅតុលាការជុំវិញករណីនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មករា នេះថា ស្មារតីរបស់ច្បាប់មានអំណាចការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលទាំងឡាយដែលរងនូវការចោទប្រកាន់ផ្សេងៗដោយមិនមានមូលដ្ឋានច្បាស់លាស់ និងដើម្បីការពារកុំឱ្យមានការចោទប្រកាន់ដោយគ្មានភស្តុតាងចេះតែកើតឡើងបន្តទៀត ប៉ុន្តែបើរកមិនឃើញថា ការលើកឡើងណាមួយមិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលណាម្នាក់ទេ តុលាការក៏គួរលើកលែងការចោទប្រកាន់ដែរ។
លោក ស៊ឹង សែនករុណា លើកឡើងបន្តថា បើប្រៀបធៀបចំណាត់ការរបស់តុលាការលើករណីខាងលើនេះ គឺមានភាពឆាប់រហ័សជាងករណីមួយចំនួន ដូចជាករណីវាយប្រហារលើសកម្មជនសង្គម សកម្មជននយោបាយ មន្ត្រីបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងឃាតកម្មក្រៅប្រព័ន្ធច្បាប់ដែលជារឿងធំៗ ជាដើម ក្នុងនោះមានករណីខ្លះ សមត្ថកិច្ចខកខានវែកមុខចាប់ឃាតករពិតមកផ្ដន្ទាទោសរហូតដល់ទៅរាប់សិបឆ្នាំឯណោះ ដែលបញ្ហានេះត្រូវគេមើលឃើញថា ប្រព័ន្ធយុត្តិធម៌របស់កម្ពុជាបែងចែកការអនុវត្តទៅតាមសំណុំរឿងដែលកើតមាន។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវឱ្យស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ដោយផ្អែកទៅលើវិធានការច្បាប់ដោយស្មោះត្រង់ ដើម្បីលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋរបស់កម្ពុជា និងដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះផងដែរ ព្រោះថាមានករណីខ្លះទៀតដែលសមត្ថកិច្ចមានឆន្ទៈស្រាវជ្រាវក្រោមការអនុវត្តច្បាប់ដោយហ្មត់ចត់ គឺអាចដោះស្រាយបាន និងចាប់ខ្លួនជនល្មើសមកទទួលទោសចំពោះមុខច្បាប់ដោយឆាប់រហ័សផងដែរ។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប្រធានគណៈកម្មការស្ដារមូលនិធិក្រុមហ៊ុន CIC Partner លោក សុខ ពិសិដ្ឋ បានចេញលិខិតបំភ្លឺមួយទៅកាន់លោក ព្រាប កុល ដោយបញ្ជាក់ថា បើតាមការពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Cambodian Investor Capital Partner ពុំបានបង្ហាញថាមានចរន្តសាច់ប្រាក់បញ្ចេញពីក្រុមហ៊ុននេះទៅឱ្យលោក ព្រាប កុល នោះទេកាលពីពេលកន្លងមក។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែលមានឈ្មោះពិតថា យ៉ង់ ប៉ាក់ បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកក្លាហានម្នាក់ឈ្មោះ ព្រាប កុល ដែលធ្លាប់តស៊ូមតិខាង «តម្លាភាពសង្គម» បានកសាងស្នាដៃដ៏ធំមួយដោយបង្កើតក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយដែលមានឈ្មោះថា Zillenium Group។
ប្រភពដដែលបញ្ជាក់ថា មុននឹងបង្កើតក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Zillenium Group នេះ លោក ព្រាប កុល ក៏ត្រូវគេសង្ស័យថា បានលួចយកលុយប្រមាណ ៨០លានដុល្លារអាមេរិកពីក្រុមហ៊ុនគ្រប់គ្រងមូលធនវិនិយោគដ៏ធំមួយផ្សេងទៀតដែរ ដែលហៅកាត់ថា CIC ដែលក្រុមហ៊ុននេះមានទឹកប្រាក់សរុបប្រមាណ ១៣០លានដុល្លារអាមេរិក។ ដោយសារតែបញ្ហានេះបានធ្វើឱ្យអ្នកវិនិយោគជាង ៥០០នាក់ (៥៤៦នាក់) ដែលបានបោះទុនវិនិយោគក្នុងក្រុមហ៊ុននេះ បាត់បង់ទ្រព្យធន លុយកាក់ និងក្ស័យធនគ្រប់គ្នា។
ប្រភពដដែលអះអាងថា ការប្រតិបត្តិការយកលុយចេញពីក្រុមហ៊ុននេះបានដោយជោគជ័យ ដោយសារតែមានលោក ព្រាប កុល មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីរបស់គាត់ គឺលោក គុយ វ៉ាត ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CIC Partner និងជាម្ចាស់ហាង Park Cafe បច្ចុប្បន្ននេះ រួមទាំងសមាជិកក្រុមប្រឹក្សាភិបាលជាង ១០នាក់ផ្សេងទៀតផងដែរ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើបញ្ជាក់ថា លុយជាង ៨០លានដុល្លារនេះ ត្រូវបានលោក ព្រាប កុល ចាត់ចែងក្នុងការវិនិយោគគម្រោងអចលនទ្រព្យផ្សេងៗក្នុងក្រុមហ៊ុន Zillenium Group យ៉ាងគគ្រឹកគគ្រេងនៅពេលនេះ។
ម្ចាស់សំណេរខាងលើគូសបញ្ជាក់ថា ខ្លួនក៏ជាជនរងគ្រោះក្នុងនាមជាអ្នកវិនិយោគក្នុងក្រុមហ៊ុន CIC Partner នេះដែរ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ក៏បានព្រមានប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ផងដែរ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុករូបនេះចោទរូបលោកថាបានលួចដកលុយជិត ៨០លានដុល្លារអាមេរិកពីក្រុមហ៊ុនគ្រប់គ្រងមូលនិធិ CIC Partner នេះ ប្រសិនបើម្ចាស់គណនីហ្វេសប៊ុកខាងលើមិនលុបសំណេររបស់ខ្លួន និងចេញមុខសុំទោសរូបលោកជាសាធារណៈទេនោះ៕
© 2024, . All rights reserved.