36 C
Phnom Penh

ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ដាក់​ឈ្មោះ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ កំពុង​រៀបចំ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដាក់​ឈ្មោះ ឬ​ប្រវត្តិ (Black List) អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​អ្នក​ដទៃ​រង​របួស និង​ស្លាប់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នឹង​ជួយ​ដល់​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​២៣ មករា ថា ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ កំពុង​រៀបចំ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដាក់​ឈ្មោះ ឬ​ប្រវត្តិ (Black List) អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​អ្នក​ដទៃ​រង​របួស និង​ស្លាប់។ លោក​ថា ការ​ដាក់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដាក់​ឈ្មោះ ឬ​ប្រវត្តិ (Black List) អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ពាក់ព័ន្ធ​មូលហេតុ​នៃ​គ្រោះថ្នាក់ ការ​ខូចខាត​ទ្រព្យសម្បត្តិ ជន​បង្ក​ហេតុ និង​ចំនួន​ជនរងគ្រោះ ជាដើម។

លោក​ថា ភាព​ងាយស្រួល​នេះ នឹង​ជួយ​ដល់​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់។

ប្រភព​ដដែល​ថា ការ​បង្កើត​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ ឬ Black List នេះ​ឡើង គឺជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ពង្រឹង​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បើកបរ​របស់​ខ្លួន ជាពិសេស​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក។

លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​នៅតែ​បំពាន​ដោយ​ចេតនា​យ៉ាង​ច្បាស់​ក្រឡែត ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​សោកនាដកម្ម​នៅ​លើ​ដងផ្លូវ​មួយ​នេះ​បន្ត​កើត​មាន​ឥត​លោះ​ថ្ងៃ។ ជាក់ស្ដែង ថ្មីៗ​នេះ​ក្នុង​អាការៈ​ស្រវឹង​ជោក ជន​បង្ក​បាន​បុក​រះ​បណ្ដាល​ឱ្យ​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន ៤​នាក់ និង​របួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​ផ្សេង​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​កត់ត្រា​ប្រវត្តិ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​នេះ វា​ស្រដៀង​នឹង​ការ​បង្កើត​វេបសាយ ហើយ​សារសំខាន់​នៃ​ប្រព័ន្ធ​ទិន្នន័យ​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ពាក់ព័ន្ធ​មូលហេតុ​នៃ​គ្រោះថ្នាក់ ការ​ខូចខាត​ទ្រព្យសម្បត្តិ ជន​បង្ក​ហេតុ និង​ចំនួន​ជនរងគ្រោះ ជាដើម។

ប្រភព​ដដែល​អះអាង​ថា ក្រៅពី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ហើយ ជន​បង្ក​ហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ ហើយ​ក្នុង​ករណី​រូបគេ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​លើក​ទី​២ នោះ សមត្ថកិច្ច​ក៏ដូចជា​អ្នក​អនុវត្ត​ច្បាប់ នឹង​មាន​តឹកតាង​ជាក់លាក់​ក្នុង​ការ​ដាក់​បន្ទុក​តាមរយៈ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​នេះ។

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ នឹង​ជួយ​ឱ្យ​អ្នក​បើកបរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន ព្រោះ​ពួកគេ​ប្រាកដ​ជា​មិន​ចង់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ឡើយ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់​ចេញ​ការ​ណែនាំ​ដល់​លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នក​បើកបរ បន្ទាប់ពី​ឃើញ​មាន​សោកនាដកម្ម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រយៈពេល​ចុងក្រោយ​នេះ​ហាក់​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ដើម្បី​ឲ្យ​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​មាន​ប្រសិទ្ធភាព មហាជន សាមី​ខ្លួន បុគ្គល​ម្នាក់ៗ ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ព្រោះ​ទាំង​អ្នក​បើកបរ អ្នក​រងគ្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​ចង់​ជួប​ហេតុការណ៍​ទាំងអស់​នោះ​ឡើយ។ ការ​បាត់បង់​សមាជិក​គ្រួសារ​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​សោកនាដកម្ម​ដែល​ក្រុម​គ្រួសារ​នីមួយៗ​មិន​ចង់​ជួប​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បាន​លើក​ជា​ដំណោះស្រាយ​ថា គេ​គួរតែ​មាន​យន្តការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង និង​ការ​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង ជាដើម។

ប្រភព​ដដែល​អះអាង​ថា ការ​បើកបរ​រថយន្ត​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ដែល​បង្ក​គ្រោះថ្នាក់​សម្លាប់​មនុស្ស និង​របួស កំពុង​ក្លាយ​ជា​បច្ចុប្បន្នភាព​ក្តៅ​គគុក។ ជាក់ស្តែង គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស ៤​នាក់ និង​របួស​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ​នៅ​គល់​ស្ពាន​ឫស្សីកែវ ក្រុង​ភ្នំពេញ ជា​សោកនាដកម្ម​ដែល​មហាជន​កំពុង​តាមដាន​មើល​ចំណាត់ការ​បន្ត​របស់​អាជ្ញាធរ។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អ្នក​អនុវត្ត​ច្បាប់ គួរតែ​ពង្រឹង​វិធានការ​ច្បាប់​ថែម​ទៀត ទើប​ល្អ​ប្រសើរ​សម្រាប់​ការ​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រយៈពេល​ចុងក្រោយ​នេះ បាន​បង្ហាញ​អំពី​សញ្ញាណ​មួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ភាគច្រើន​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត និង​របួស​ជាច្រើន​នាក់ ។ជាក់ស្ដែង កីឡាករ​វាយ​សី​ជម្រើស​ជាតិ​ម្នាក់ ត្រូវ​រថយន្ត​ទំនើប​មួយ​គ្រឿង​បើក​បុក​ស្លាប់​ភ្លាមៗ​នៅ​ខណ្ឌ​ទួលគោក ហើយ​រឿងរ៉ាវ​នេះ​ក៏​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នោះ​ដែរ ពោល​គឺ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មិន​ទាន់​ទទួល​បាន​សំណង​នៅឡើយ បើ​ទោះបី​ជន​បង្ក​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន។

ដោយឡែក​ហេតុការណ៍​ចុងក្រោយ​មួយ​ទៀត​ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បើក​រថយន្ត Ford មួយ​គ្រឿង បុក​រះ​រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់​ភ្លាមៗ និង ៤​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ចំណុច​ស្ពាន​អាកាស​ឫស្សីកែវ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥។ អ្នក​បើកបរ​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​តុលាការ​ផង​ដែរ។

នៅ​ក្នុង​ឆ្នាំ​២០២៣ មាន​ជនរងគ្រោះ​ជាង ១៥០០​នាក់​បាន​ស្លាប់​នៅ​លើ​ដងផ្លូវ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ មូលហេតុ​បណ្ដាល​ឱ្យ​កើត​មាន​សោកនាដកម្ម​នេះ គឺ​ភាគច្រើន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស