29 C
Phnom Penh

លោក ហ៊ុន សែន តែងតាំង​ឧក្រិដ្ឋជន​ព្រៃឈើ​លោក មិក សាផាណារេត ហៅ​ឧកញ៉ា ​ជ័យ​ ជា​ទីប្រឹក្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ធនធាន​ធម្មជាតិ​កម្ពុជា​លោក ហ៊ុន សែន សម្រេច​តែងតាំង​ឧក្រិដ្ឋជន​ព្រៃឈើ​មួយ​ទៀត​ជា​ទីប្រឹក្សា គឺ​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ស្រប​ពេល​ដែល​ឧកញ៉ា​រូប​នេះ​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​សព្វថ្ងៃ​នេះ។

លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ បាន​សម្រេច​តែងតាំង​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ជា​ទីប្រឹក្សា​របស់​គាត់ ក្នុង​នោះ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​របស់​គណបក្ស​ដែល​ពាក់ព័ន្ធ រួម​ទាំង​ខុទ្ទកាល័យ​របស់​គាត់​ផង ត្រូវ​អនុវត្ត​តាម​សេចក្តី​សម្រេច​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

ការ​ចេញ​សេចក្តី​សម្រេច​តែងតាំង​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា ឧកញ៉ា​រូប​នេះ​គឺជា​មេខ្លោង​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធំ​ក្នុង​តំបន់​ព្រៃឡង់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ​ដែល​នៅ​ពីក្រោយ​បទល្មើស​រកស៊ី​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​រួម​មាន មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ឧត្តមសេនីយ៍​ផ្កាយ​៣ នៃ​ក្រសួង​មហាផ្ទៃ ឧកញ៉ា មិក សាផាណារេត ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ឧកញ៉ា ជ័យ។

ឧកញ៉ា ជ័យ ត្រូវ​គេ​រក​ឃើញ​ថា​ជា​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ប្រកប​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខាងក្រៅ​ព្រំដែន​ដី​សម្បទាន​ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ ដោយ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ប៉ះពាល់​ឡើយ។

សារព័ត៌មាន​អន្តរជាតិ Mongabay បញ្ជាក់​ថា ឧកញ៉ា មិក សាផាណារេត បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជីវកម្ម​កាប់​ឈើ​ខុស​ច្បាប់​អស់​ជាច្រើន​ឆ្នាំ ដែល​បាន​នាំចេញ​ឈើ​ខុស​ច្បាប់​មិន​ឈប់ឈរ​ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​គ្រឿង​សង្ហារិម​របស់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ផង​ដែរ។

ប្រភព​ដដែល​គូស​បញ្ជាក់​ថា បណ្ដាញ​រកស៊ី​ឈើ​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​នេះ មិនមែន​មាន​តែ​ឧកញ៉ា មិក សាផាណារេត អ្នកស្រី អាន សុខនីន និង​ឧកញ៉ា ជា ពៅ ជា​បណ្ដាញ​បក្ខពួក​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​មាន​ប្រធាន​សហព័ន្ធ​សហគ្រាស​កៅស៊ូ​វៀតណាម (Vietnam Rubber Group (VRG)) លោក ឡេង រិទ្ធី និង​ក្រុមហ៊ុន ហ៊ង់ អាញ់ចាឡាយ (Hoang Anh Gia Lai (HAGL)) ដែល​ជា​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម ផង​ដែរ។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែង​ថា មន្ត្រី​រាជការ​សាធារណៈ មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស​ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល ប៉ុន្តែ​កន្លង​មក​ត្រូវ​គេ​មើល​ឃើញ​ថា មន្ត្រី​ដែល​អនុវត្ត​ខុសពី​មាត្រា​នេះ មិន​ត្រឹម​តែ​មិន​ទទួល​រង​ទណ្ឌកម្ម ឬ​ពិន័យ​ទេ តែ​បែរ​ជា​ត្រូវ​ដំឡើង​ឋានៈ​បុណ្យ​ស័ក្តិ​ទៅ​វិញ។

ជាក់ស្តែង ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយករង​ការិយាល័យ​បំភ័ន្ត​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ចាប សារ៉ន ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​ផង​ដែរ បើ​ទោះបីជា​ពួកគេ​ល្បីល្បាញ​ខាង​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់​រហូត​មក​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​កាប់​បំផ្លាញ​គ្មាន​សល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រោម​មុខរបរ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​របស់​ឧកញ៉ា​ដែល​ជា​សែស្រឡាយ និង​ជា​អ្នក​រក​ផល​ប្រយោជន៍​ឱ្យ​គ្រួសារ​លោក ហ៊ុន សែន យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ជាក់ស្តែង ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​ចំនួន​ដែល​កំពុង​ប្រកប​អាជីវកម្ម​លើ​បទល្មើស​ព្រៃឈើ​សព្វថ្ងៃ​នេះ ដូចជា​ម្ចាស់​ក្រុមហ៊ុន ទ្រី ភាព ហ្គ្រុប គឺ​ឧកញ៉ា ទ្រី ភាព រហស្សនាម​ស្តេច​គ្រញូង លោក លី យ៉ុងផាត់ រហស្សនាម​ស្តេច​កោះកុង និង​យាយ​ភូ ម្ចាស់​ក្រុមហ៊ុន ភាពីម៉ិច ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ជាដើម។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ការ​វិនាស​ព្រៃឈើ​ខ្មែរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​នេះ ដូចជា ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង ក្រុមហ៊ុន Thy Ngan Development ជាដើម ដែល​ក្រុមហ៊ុន​ទាំងនេះ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ដែល​មាន​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស