សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀនបានចំនួន ៥នាក់ និងរឹបអូសបានគ្រឿងញៀនជាង ១តោន (១៥១៣គីឡូក្រាម) ក្នុងខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញ ដែលពួកគេមានផែនការដឹកជញ្ជូនឆ្លងដែនពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រខ្មែរទៅដែនកោះតៃវ៉ាន់។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះថា សមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀនក្នុងទីតាំងបីផ្សេងគ្នា ក្នុងនោះនៅខេត្តព្រះសីហនុ ២ទីតាំង គឺនៅកំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ និងនៅក្នុងផ្ទះជួលស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ចំណែកទីតាំងទី៣ គឺស្ថិតនៅបុរីមួយកន្លែងក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពដដែលបង្ហាញថា ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ដែលជាជនជាតិចិន ជនជាតិចិនតៃវ៉ាន់ និងជនជាតិសិង្ហបុរី ក្នុងនោះ សមត្ថកិច្ចក៏រឹបអូសបានវត្ថុតាងជាច្រើនផងដែរ ដូចជាគ្រឿងញៀនប្រភេទកេតាមីន (Ketamine) និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ប្រភេទទឹកកក (ICE) ដែលគិតជាសរុបមានចំនួន ១៥៣០ដុំ ស្មើនឹងទម្ងន់ ១តោន ៥១៣គីឡូក្រាម។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា សកម្មភាពនៃការបង្ក្រាបនេះ សមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើលមុខសញ្ញាតាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ ទើបឈានដល់ការបង្ក្រាបជោគជ័យបែបនេះ ព្រោះថាសមត្ថកិច្ចកម្ពុជាបានប្ដេជ្ញាថានឹងបង្ក្រាបគ្រឿងញៀនតាមបណ្ដារាជធានី-ខេត្តឱ្យដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់តែម្តង ខណៈជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធីច្បាប់។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលការចរាចរ ការចែកចាយ និងផលិតគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា កំពុងរីកសាយកាន់តែខ្លាំងពីសំណាក់ក្រុមឧក្រិដ្ឋជនរហូតពាក់ព័ន្ធដល់សមត្ថកិច្ចខ្មែរក្នុងពេលបច្ចុប្បន្ននេះថែមទៀត។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអះអាងថា ខ្លួនក៏បានបង្ក្រាប និងដកហូតគ្រឿងញៀនបានជាង ១តោនដែរ (១០២០គីឡូក្រាម) អំឡុងពេលដែលក្រុមឧក្រិដ្ឋជនដឹកជញ្ជូនតាមរថយន្តនាំចេញពីប្រទេសឡាវ ឆ្លងកាត់ខេត្តព្រះវិហារ ក្រោមការសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង។
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍នៃការបង្ក្រាបគ្រឿងញៀនកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះថា ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសក្នុងរយៈពេល ១ថ្ងៃគឺនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបការជួញដូរ ប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនបាន ២២ករណី និងឃាត់ខ្លួនជនសង្ស័យ ៥៦នាក់ ប៉ុន្តែបើគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួនករណីគ្រឿងញៀនបានជាង ៤០០ករណី (៤៦២ករណី) និងឃាត់ខ្លួនជនសង្ស័យបានជាង ១ពាន់នាក់ផងដែរ (១១៥៧នាក់)។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា អះអាងថា ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនមិនត្រឹមតែរយគីឡូក្រាមទេ គឺចូលដល់តោនឯណោះ ព្រោះថាកន្លងមក កម្ពុជាត្រូវបានប្រើជាកន្លែងផលិតគ្រឿងញៀនយកទៅប្រទេសក្រៅផង និងជាកន្លែងចរាចរសម្រាប់ឆ្លងកាត់ទៅប្រទេសទី៣ ផងដែរ ប៉ុន្តែពេលនេះ ក្រុមឧក្រិដ្ឋជនបាននាំគ្នាមកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជាតែម្តង ខណៈវិធានការរបស់សមត្ថកិច្ចបានដើរយឺតជាងក្រុមឧក្រិដ្ឋជនមួយជំហានទៅហើយ ដូច្នេះវិធានការក៏នៅមានកម្រិតដែរលើការបង្ក្រាបគ្រឿងញៀននេះ។
ជុំវិញបញ្ហាគ្រឿងញៀននេះ គេមិនត្រឹមតែរកឃើញការជួញដូរ ចែកចាយ និងផលិតចេញពីសំណាក់ក្រុមឧក្រិដ្ឋជនទេ គឺរកឃើញពាក់ព័ន្ធដល់មន្ត្រីកងកម្លាំងរបស់កម្ពុជាថែមទៀត។ ជាក់ស្តែង ក្រសួងមហាផ្ទៃ បានបណ្តេញមន្ត្រីនគរបាលជាតិជាច្រើននាក់ចេញពីក្របខ័ណ្ឌ ដោយសារតែរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈមន្ត្រីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក៏ត្រូវរងនូវការបណ្តេញពីក្របខ័ណ្ឌដែរ ដែលបញ្ហានេះបង្ហាញឱ្យឃើញថា បញ្ហាគ្រឿងញៀនបានលុកលុយចូលក្នុងប្រទេសកម្ពុជាកាន់តែជ្រៅ រហូតគេមើលឃើញថា ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះសឹងតែក្លាយជាបណ្ដាញចែកចាយគ្រឿងញៀនដ៏គួរឱ្យភ័យព្រួយទៅហើយនោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ព្រមានថា បើបញ្ហាគ្រឿងញៀនដែលបានជួញដូរ ចែកចាយ និងផលិតនៅក្នុងកម្រិតក្រុមឧក្រិដ្ឋជន ផលប៉ះពាល់ក៏មិនសូវធំដែរ ប៉ុន្តែនៅពេលដែលការជួញដូរ ចែកចាយ និងផលិត បានឈានជើងចូលដល់មន្ត្រីរាជការទៅហើយនោះ បញ្ហានេះមិនមែនតូចតាចទេ ព្រោះថាកម្រិតនេះគេអាចវាយតម្លៃបានថា ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលបានក្លាយជាទីតាំងលាក់ទុក និងចែកចាយជាខ្សែបណ្ដាញយ៉ាងមានសុវត្ថិភាពសម្រាប់បទល្មើសមួយនេះ។
ប្រភពដដែលបញ្ជាក់ថា វិធានការបង្ក្រាបរបស់សមត្ថកិច្ច អាចអនុវត្តទៅលើតែមន្ត្រីថ្នាក់ក្រោមប៉ុណ្ណោះ ប៉ុន្តែមន្ត្រីថ្នាក់លើរបស់ខ្លួន ពួកគេមិនអាចអនុវត្តបានទេ ជាពិសេសគឺអ្នកមានអំណាចជាងខ្លួនតែម្តង ដូច្នេះបញ្ហានេះហាក់មិនមានពន្លឺឈានទៅរកប្រសិទ្ធភាពនៃការបង្ក្រាបគ្រឿងញៀនឡើយ៕