និមិត្តសញ្ញា​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ

នយោបាយ

គណបក្ស​ភ្លើង​ទៀន​និង​បក្ស​កម្លាំង​ជាតិ​នឹង​ពិភាក្សា​គ្នា​នៅ​ថ្ងៃទី​០៩ កុម្ភៈ ជុំវិញ​ការ​បែងចែក​មណ្ឌល​ភូមិភាគ

By ឌឹ ខេមបូឌា ដេលី

January 28, 2024

គណបក្ស​ភ្លើង​ទៀន ស្វាគមន៍​ពិភាក្សា​ការងារ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន ជុំវិញ​រឿង​ការ​បែងចែក​មណ្ឌល​ភូមិភាគ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០២៤ បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា កុំ​ឲ្យ​មាន​ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក។

យោង​តាម​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ចុះហត្ថលេខា​ដោយ​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ បាន​ប្រកាស​ស្វាគមន៍​ពិភាក្សា​ការងារ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ក្នុង​បំណង​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​តាមរយៈ “សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត”។

គណបក្ស​ភ្លើង​ទៀន បាន​អះអាង​ថា ការ​រួបរួម​គ្នា​នេះ​នឹង​ក្លាយ​ជា​កម្លាំង​នយោបាយ​ថ្មី​មួយ​សម្រាប់​ការ​ស្ដារ និង​កសាង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា។

ការ​ប្រកាស​ស្វាគមន៍​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើ​ឡើង​ក្រោយពី​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ពិភាក្សា​រឿង​ការ​បែងចែក​មណ្ឌល​ភូមិភាគ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​២០២៤។

គណបក្ស​កម្លាំង​ជាតិ អះអាង​ថា ខ្លួន​ចង់​បាន គឺ​ការ​រក្សា​ចំនួន​អាសនៈ​ព្រឹទ្ធសភា​ដែល​បោះ​ដោយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន។

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ សមាជិក​ជាន់ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណបក្ស​បញ្ឈប់​ពី​តួនាទី ដោយសារ​ព្យាយាម​ទាក់ទាញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន ឲ្យ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែល​បញ្ហា​នេះ​បង្កើត​បាន​ជា​ពាក្យ​សម្ដី​វាយប្រហារ​គ្នា​នៅ​ក្នុង​ចំណោម​បក្ស​ប្រឆាំង​ទាំង​ពីរ ក៏ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន ថា​ជា​ការ​អនុវត្ត​តាម​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​បក្ស។

លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ បាន​អំពាវនាវ​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា សារ​ជូន​ចំពោះ​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​រួបរួម​គ្នា ហើយ​សហការ​គ្នា ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ស្រុក។ លោក​សូម​កុំ​ឲ្យ​មាន​ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ហើយ​ត្រូវតែ​ចែក​តួនាទី​គ្នា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​រួម។

លោក សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ​បី​ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។

លោក​សូម​ឲ្យ​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​ទាំង​បី​នេះ រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ មាន​ន័យ​ថា រក្សា​ឧត្តមគតិ​ដើម​ទាំងអស់​គ្នា​ឈរ​លើ​សីលធម៌ សច្ចធម៌ និង​យុត្តិធម៌។

ប្រភព​ដដែល​បាន​លើកឡើង​ថា អ្វី​ដែល​សំខាន់​បំផុត គឺ​ឧត្តមគតិ​ដើម​ដែល​ធ្វើ​ឲ្យ​ព្រលឹង​ខ្មែរ ព្រលឹង​ជាតិ រស់​រវើក​ជានិច្ច។ ឈ្មោះ​គណបក្ស​មិន​សំខាន់​ប៉ុន្មាន​ទេ ពីព្រោះ​អាច​ប្តូរ​ឈ្មោះ​គណបក្ស ឬ​ប្តូរ​គណបក្ស​តែម្តង តាម​អ្វី​ដែល​កាលៈទេសៈ​តម្រូវ។ អ្វី​ដែល​សំខាន់​បំផុត គឺ​ព្រលឹង​ដែល​នៅ​រស់​រវើក ហើយ​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ។ លោក​ថា​គណបក្ស​គ្រាន់តែ​ជា​សម្បក​ក្រៅ​ទេ ដែល​អាច​មាន​ការ​ប្រែប្រួល ប៉ុន្តែ​ព្រលឹង​យើង​មាន​តែ​មួយ ហើយ​នៅ​ដដែល។

លោក សម រង្ស៊ី ថា​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ត្រូវតែ​មាន​ការ​សហការ​គ្នា​រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​ចៀសវាង​ការ​ប្រកួតប្រជែង​គ្នា​នៅ​តាម​ភូមិភាគ​នីមួយៗ។ បើ​គណបក្ស​ពីរ​នេះ​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​ភូមិភាគ​ណា​មួយ គឺ​គណបក្ស​ទាំង​ពីរ ច្បាស់​ជា​បរាជ័យ​ទាំង​ពីរ។

ចំពោះ​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន ត្រូវ​ប្រកាន់​វិន័យ​បោះឆ្នោត​ដោយ​សម្ងាត់​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​តែ​មួយ​នៅ​ក្នុង​ភូមិភាគ​នីមួយៗ ដើម្បី​ធានា​ជោគជ័យ​រួម​នៃ​កម្លាំង​ប្រជាធិបតេយ្យ។ ការ​ជ្រើសរើស​គណបក្ស​ណា​មួយ​រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​ក្នុង​ភូមិភាគ​នីមួយៗ នឹង​ត្រូវ​សម្រេច​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​តាម​ការ​ចាំបាច់។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ថា ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ (ដែល​ជា​នីតិកាល​ថ្មី) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ សេចក្តី​សម្រេច​នេះ​ចេញ​កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៣ តាម​សំណើ​របស់​លោក ស ខេង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​ការ​បោះឆ្នោត​មួយ​ក្នុង​ចំណោម​ការ​បោះឆ្នោត​ទាំង​៤ នៅ​កម្ពុជា។ ការ​បោះឆ្នោត​បី​ទៀត គឺ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី ទើប​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២២៕