លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ឈ្មួញ​ងាក​មក​ទិញ​សាច់​ក្នុង​ស្រុក​ទៅ​បង្កក ដើម្បី​ជួយ​សម្រាល​បន្ទុក​កសិករ​ក្នុង​វិស័យ​ចិញ្ចឹម​សត្វ

By ឌឹ ខេមបូឌា ដេលី

February 01, 2024

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ឈ្មួញ​ដែល​ធ្លាប់​ទិញ​សាច់​បង្កក​ពី​បរទេស ងាក​មក​ទិញ​សាច់​ក្នុង​ស្រុក យក​ទៅ​បង្កក​វិញ​ម្តង ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​កសិករ​ក្នុង​វិស័យ​ចិញ្ចឹម​សត្វ ក្រោយពី​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​រាល់​ការ​នាំចូល​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ជា​បណ្ដោះអាសន្ន​សម្រាប់​រយៈពេល ៦​ខែ ចាប់ពី​ខែ​មីនា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣០ ខែ​មករា នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា លោក​ចង់​ឱ្យ​ឈ្មួញ​ដែល​ធ្លាប់​ទិញ​សាច់​បង្កក​ពី​បរទេស​ទាំងអស់ បង្វែរ​ទិសដៅ​មក​ទិញ​សាច់​ពី​កសិករ ហើយ​យក​មក​បង្កក​វិញ ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ពី​បរទេស។

លោក​អះអាង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ឱកាស​សម្រាប់​ឈ្មួញ និង​កសិករ​បង្កើត​ប្រព័ន្ធ​ទិញ​លក់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​មួយ​ដែល​មាន​ស្ថិរភាព​ផង​ដែរ។ លោក​អះអាង​ថា កន្លង​ទៅ កសិករ និង​វិស័យ​ឯកជន​មួយ​ចំនួន ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជុំវិញ​ការ​ទប់ស្កាត់​សាច់​បង្កក​ដែល​នាំចូល​ពី​បរទេស។

លោក​ថា កម្ពុជា​មិន​អាច​បិទ​ការ​នាំចូល​រហូត​បាន​នោះ​ទេ ដោយសារ​វា​ផ្ទុយ​នឹង​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ស្រប​ពេល​បច្ចុប្បន្ន កម្ពុជា​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ផង​ដែរ​នោះ។

នៅ​ថ្ងៃទី​៩ ខែ​មករា រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ផ្អាក​ការ​នាំចូល​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ជា​បណ្ដោះអាសន្ន​សម្រាប់​រយៈពេល ៦​ខែ។ ផលិតផល​ដែល​ត្រូវ​បាន​ហាមឃាត់​ទាំងនេះ មាន​ដូចជា៖

វិធានការ​ផ្អាក​ការ​នាំចូល​បណ្ដោះអាសន្ន​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី​១២ ខែ​មីនា រហូត​ដល់​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤។

អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​អ្នក​នាំពាក្យ លោក គឹម មាសសុខសីហា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា សាច់​គោ​បង្កក សាច់​ជ្រូក​បង្កក និង​សាច់​បង្កក​ផ្សេង​ទៀត គឺ​មិន​មាន​ការ​ហាមឃាត់​នោះ​ទេ ដែល​មាន​ន័យ​ថា ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ដែល​មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ នៅតែ​អនុញ្ញាត​ឱ្យ​នាំចូល​បាន​ជា​ធម្មតា។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិធានការ​ហាមឃាត់​សាច់ និង​គ្រឿងក្នុង​បង្កក ចូល​មក​កម្ពុជា​នៅ​ពេលនេះ។

លោក​បន្ត​ថា វិធានការ​រយៈពេល​ខ្លី​នេះ គឺជា​វត្ថុបំណង​របស់​កសិករ និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ក្នុង​ការ​ស្ដារ​លទ្ធភាព​ចិញ្ចឹម និង​លើក​តម្លៃ​ទីផ្សារ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​ជំរុញ​ឱ្យ​ឈ្មួញ​ងាក​មក​ទិញ​សាច់​ក្នុង​ស្រុក​ទៅ​បង្កក​វិញ ដើម្បី​ជួយ​សម្រាល​បន្ទុក​កសិករ​ក្នុង​វិស័យ​ចិញ្ចឹម​សត្វ ពីព្រោះ​កន្លង​មក លោក​សង្កេត​ឃើញ​ថា​ប្រជាកសិករ​តែងតែ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល ប៉ុន្តែ​ពុំ​ដែល​ឃើញ​មាន​ការ​ឆ្លើយតប​ម្តង​ណា​មួយ​នោះ​ទេ ក្រៅតែ​ពី​មាន​ប្រតិកម្ម​ពី​មន្ត្រី​មួយ​ចំនួន​មក​វិញ​ថា កសិករ​មាន​បំណង​ចង់​បំបាក់​មុខ​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

លោក​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​មាន​ការ​ឆ្លើយតប​គ្រប់​ការ​ទាមទារ​របស់​ពលរដ្ឋ​គ្រប់​វិស័យ មិន​ត្រឹមតែ​វិស័យ​កសិកម្ម​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​មាន​ករណី​ផ្សេង​ទៀត ជាពិសេស​ករណី​ពលរដ្ឋ​ស្វែងរក​ដំណោះស្រាយ​រឿង​ដីធ្លី និង​ការពារ​ធនធាន​ធម្មជាតិ គឺ​គ្មាន​ដំណោះស្រាយ​អ្វី​ក្រៅតែ​ពី​មន្ត្រី​របស់​ខ្លួន​តែង​ចោទ​ថា ជា​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តែប៉ុណ្ណោះ៕