លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងពីរកន្លែងនៅខេត្តព្រះសីហនុ និងហាមបើកក្លឹបបាញ់កាំភ្លើងឯកជនថ្មីដទៃទៀតនៅទូទាំងប្រទេស ព្រោះវានាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ មករា លោក ហ៊ុន ម៉ាណែត អះអាងថា បើមកលេងខេត្តព្រះសីហនុ ឬមកដើរលេងតាមកោះនានា មិនបាច់មកបាញ់កាំភ្លើងនោះទេ។ លោកបញ្ជាឲ្យអាជ្ញាធរខេត្តព្រះសីហនុ ឈប់ផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនបើកកន្លែងបាញ់កាំភ្លើងបន្តទៀត។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបន្តទៀតថា មូលហេតុដែលលោកមិនចង់ឱ្យមានកន្លែងបាញ់កាំភ្លើងនៅក្នុងខេត្តព្រះសីហនុ ព្រោះវានាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរដែលមកលេងខេត្តមាត់សមុទ្រមួយនេះ និងកុំឲ្យពួកគេមានការភ័យខ្លាច ឬព្រួយបារម្ភពីសុខសុវត្ថិភាពផ្ទាល់ខ្លួន។
លោកអះអាងថា បើបន្តឱ្យមានកន្លែងបាញ់កាំភ្លើង វាក៏មានការចរាចរទិញគ្រាប់កាំភ្លើង និងអាវុធសម្រាប់ទីតាំងអាជីវកម្មនោះដែរ។ ដូច្នេះ មិនគួរឱ្យមានកន្លែងបាញ់កាំភ្លើងទេ។ លោកថា ការងារប្រើប្រាស់អាវុធ និងបាញ់កាំភ្លើងទុកឱ្យក្រុមកងកម្លាំងហ្វឹកហាត់ចុះ មិនចាំបាច់ឱ្យស៊ីវិល ឬសាធារណជនអនុវត្តនោះទេ។
ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យក្រុមការងាររបស់លោក ធ្វើសេចក្តីព្រាងសារាចរណែនាំទូទាំងប្រទេសមួយ ដោយឱ្យបញ្ឈប់ការចេញលិខិតបើកកន្លែងបាញ់ស៊ីបថ្មីតទៅទៀត។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬទីកន្លែងបាញ់ស៊ីបនេះតែម្ដង។
សហព័ន្ធកីឡាបាញ់កាំភ្លើងបានរៀបចំការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី ក្នុងនោះមានកីឡាករចូលរួមសរុប ២៧នាក់ ចែកចេញជា ៤វិញ្ញាសា។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បានឱ្យដឹងថា ការប្រកួតនេះបានរួមចំណែកបំផុសផ្សព្វផ្សាយកីឡាបាញ់កាំភ្លើងឲ្យកាន់តែទូលំទូលាយ និងរីកចម្រើន ព្រមទាំងទទួលបានសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែស្អិតល្មួតបន្ថែមទៀត ជាពិសេសកីឡាទំនើបមួយនេះក៏ជាចលករអាចស្រូបទាញកីឡាករបរទេស និងភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្វាគមន៍ចំពោះវិធានការនេះ។ លោកថាតាមការកត់ចំណាំរបស់លោកកន្លងមក គឺនៅពេលដែលជនបរទេសមួយចំនួនមានអាវុធប្រើប្រាស់ គឺបាញ់បោះដោយសេរីតាមទីប្រជុំជន និងគ្មានញញើតចំពោះសមត្ថកិច្ច ហើយជាបញ្ហាប្រឈមរបស់ពលរដ្ឋម្ចាស់ស្រុក៕
© 2024, . All rights reserved.