អំពើពុករលួយប្រចាំឆ្នាំ២០២៣ របស់កម្ពុជា ត្រូវគេរកឃើញថា បានធ្លាក់ចុះ ៨លេខ បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ ដែលធ្វើឱ្យសន្ទស្សន៍ស្ដីពីអំពើពុករលួយឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោមប្រទេស ១៨០លើពិភពលោក និងនៅក្នុងតំបន់អាស៊ាន។
អង្គការតម្លាភាពអន្តរជាតិកម្ពុជា បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា កម្ពុជាទទួលចំណាត់ថ្នាក់លេខរៀងទី១៥៨ ក្នុងចំណោមប្រទេស ១៨០ លើពិភពលោក ដែលជាចំណាត់ថ្នាក់អាក្រក់ជាងឆ្នាំ២០២២ ចំនួន ៨កម្រិត បើទោះបីជារដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានកែលំអបញ្ហាអំពើពុករលួយជាបន្តបន្ទាប់រហូតមកក៏ដោយ។
អង្គការតម្លាភាពអន្តរជាតិកម្ពុជា អះអាងថា ពិន្ទុស្ដីពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៣ របស់កម្ពុជា នៅតែទាបជាងមធ្យមភាគក្នុងតំបន់ និងសកល ក្នុងនោះ នៅក្នុងតំបន់អាស៊ាន កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ស្ថិតនៅជិតបាតតារាង ដែលមានន័យថា កម្ពុជាមានចំណាត់ថ្នាក់ល្អជាងប្រទេសភូមាតែមួយប៉ុណ្ណោះ ហើយក្នុងចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាបានកាន់កាប់ទីតាំងទាបបំផុតទី៤ ដែលមានន័យថា កម្ពុជាមានពិន្ទុល្អជាង ៣ប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺប្រទេសអាហ្វហ្គានីស្ថាន ភូមា និងកូរ៉េខាងជើង។
ប្រភពដដែលបញ្ជាក់ថា អង្គការតម្លាភាពអន្តរជាតិបានវិភាគទៅលើប្រភពទិន្នន័យសំខាន់ៗមួយចំនួនជុំវិញការដាក់ចំណាត់ថ្នាក់អំពើពុករលួយរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងនោះគេបានរកឃើញថា កម្ពុជាខ្វះខាតវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយធ្ងន់ធ្ងរ ដូចជា ការកាត់ទោសមន្ត្រីពុករលួយគ្មានប្រសិទ្ធភាព យន្តការគណនេយ្យភាពទន់ខ្សោយ ហានិភ័យខ្ពស់នៃការសូកប៉ាន់ ការអនុវត្តអំពើពុករលួយក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងប្រព័ន្ធតុលាការមិនអាចធានានូវប្រសិទ្ធភាពក្នុងការចាត់វិធានការលើការប្រព្រឹត្តអំពើពុករលួយ ជាដើម។
កម្ពុជាត្រូវបានគេចាត់ថ្នាក់ចូលទៅក្នុងប្រទេសដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរតាំងពីឆ្នាំ២០១២ មក ក្នុងនោះ៖
- ឆ្នាំ២០១៦ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខរៀងទី១៥៦
- ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់លេខ១៦១
- ឆ្នាំ២០១៩ ជាប់លេខរៀងទី១៦២
- ឆ្នាំ២០២០ ជាប់លេខ១៦០
- ឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ១៥៧
- ឆ្នាំ២០២២ ជាប់លេខ១៥០
- ឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់លេខ១៥៨ ដែលជាចំណាត់ថ្នាក់អាក្រក់គួរឱ្យព្រួយបារម្ភជុំវិញការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញលិខិតអបអរសាទរទិវាប្រឆាំងអំពើពុករលួយ ៩ធ្នូ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថា អស់រយៈពេល ៣០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន មានស្នាដៃជាប្រវត្តិសាស្ត្រក្នុងការទប់ស្កាត់អំពើពុករលួយយ៉ាងធំធេង។
លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនមែនមានតែស្ថាប័នប្រឆាំងអំពើពុករលួយតែឯងទេដែលបំពេញបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយនោះ ប៉ុន្តែក៏មានការចូលរួមពីរាជរដ្ឋាភិបាលគ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជនផងដែរ តាមវិធីសាស្ត្រជាច្រើន ដូចជា ការអប់រំដើម្បីឱ្យមនុស្សម្នាក់ៗមិនចង់ពុករលួយ ការបង្ការទប់ស្កាត់ដើម្បីឱ្យមនុស្សម្នាក់ៗមិនអាចពុករលួយ និងការអនុវត្តច្បាប់ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ ជាដើម។
បែបនេះក្តី នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជាលោក ប៉ិច ពិសី បានលើកឡើងក្នុងកម្មវិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្តីអំពី «សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយសម្រាប់ប្រទេសកម្ពុជាប្រចាំឆ្នាំ២០២៣» កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា ការធ្លាក់ចុះពិន្ទុរបស់កម្ពុជានេះ ជាសញ្ញាបង្ហាញថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ប្រទេសកម្ពុជានៅទ្រឹង ហើយវាក៏ជាការកត់សម្គាល់យ៉ាងមុតមាំផងដែរអំពីបញ្ហាប្រឈមនៃអំពើពុករលួយដែលកម្ពុជាបន្តប្រឈមមុខក្នុងវិស័យផ្សេងៗទៅថ្ងៃមុខ។
លោក ប៉ិច ពិសី បញ្ជាក់ថា វឌ្ឍនភាពនៅក្នុងវិស័យមួយចំនួន ដូចជា ការកៀរគរធនធាន និងសេវាសាធារណៈនៅថ្នាក់មូលដ្ឋាន បានចង្អុលបង្ហាញអំពីការបន្តកើតមាននូវអំពើពុករលួយខ្នាតធំ និងអំពើពុករលួយនយោបាយជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យកំណែទម្រង់សំខាន់ៗក្នុងគោលបំណងពង្រឹងនីតិរដ្ឋ និងយុត្តិធម៌ត្រូវជាប់គាំង។
ចំណែកប្រធានអង្គការតម្លាភាពអន្តរជាតិ លោក François Valérian អះអាងថា អំពើពុករលួយនឹងឈប់បន្តរីកធំធាត់ លុះត្រាតែប្រព័ន្ធយុត្តិធម៌អាចដាក់ទោសកំហុសអ្នកធ្វើខុស និងមានអំណាចត្រួតពិនិត្យទង្វើរបស់រដ្ឋាភិបាល ជាដើម។
លោកបន្ថែមថា នៅពេលយុត្តិធម៌ត្រូវបានគេទិញ ឬជ្រៀតជ្រែកបែបនយោបាយ ពលរដ្ឋនឹងក្លាយជាជនរងគ្រោះយ៉ាងពិតប្រាកដ ដូច្នេះដើម្បីបញ្ចៀសបញ្ហានេះ រដ្ឋាភិបាលត្រូវតែធានាឱ្យបាននូវឯករាជភាពនៃស្ថាប័នដែលទ្រទ្រង់ច្បាប់ និងដោះស្រាយអំពើពុករលួយឱ្យមានប្រសិទ្ធភាព ព្រោះថាវាល្មមដល់ពេលហើយដែលត្រូវបញ្ចប់និទណ្ឌភាពពីអំពើពុករលួយនោះ។
ជុំវិញបញ្ហានេះ អង្គការតម្លាភាពកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ពង្រីក និងពន្លឿនកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ខ្លួនក្នុងការលុបបំបាត់អំពើពុករលួយ និងជំរុញឱ្យទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងស្ថាប័នសវនកម្ម ត្រូវតែទទួលបានសិទ្ធិអំណាចដោយឯករាជភាព ដើម្បីស៊ើបអង្កេត និងផ្ដន្ទាទោសចំពោះអំពើខុសឆ្គង រួមទាំងធានាឱ្យមានប្រព័ន្ធតុលាការឯករាជ្យដែលមិនទទួលរងឥទ្ធិពលនយោបាយ សម្រាប់ការត្រួតពិនិត្យអំណាចនីតិប្រតិបត្តិប្រកបដោយប្រសិទ្ធភាព៕
© 2024, . All rights reserved.