អង្គការក្រៅរដ្ឋាភិបាល លាតត្រដាងថា រយៈពេល ១ឆ្នាំពេញក្នុងឆ្នាំ២០២៣ រដ្ឋាភិបាល និងតុលាការកម្ពុជា រួមទាំងអ្នកមានទ្រព្យសម្បត្តិផង បានប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈរបស់សកម្មជននយោបាយ អ្នកនយោបាយ គណបក្សនយោបាយ និងអ្នកសារព័ត៌មាន ជាដើម ជិត ៤០ករណី (៣៩ដង) ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងមិនលើកទឹកចិត្តដល់សិទ្ធិមូលដ្ឋានក្នុងការចូលរួមរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា អាដហុក បានចេញផ្សាយសលាកបត្រព័ត៌មានស្ដីពីការប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់នៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ជាតាក់ទិចមួយផ្ដោតគោលដៅជាក់លាក់ទៅលើតែសមាជិកសកម្មក្នុងសហគមន៍ ដែលប្រើប្រាស់សេរីភាពបញ្ចេញមតិតវ៉ាទាមទាររកយុត្តិធម៌ពីការរំលោភបំពាននានា។
ប្រភពដដែលបន្ថែមថា យុទ្ធសាស្ត្រនេះតែងត្រូវបានស្ថាប័នមានអំណាច ដូចជា រាជរដ្ឋាភិបាល ឬបុគ្គលមានទ្រព្យសម្បត្តិ ជាដើម យកមកប្រើប្រាស់ដើម្បីបំបិទសំឡេងរិះគន់ និងបំបាក់ទឹកចិត្តដល់ពលរដ្ឋនៅក្នុងការចូលរួមក្នុងសង្គមកន្លងមក។
អាដហុក ឲ្យដឹងទៀតថា ក្នុងរយៈពេល ១២ខែក្នុងឆ្នាំ២០២៣ យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ត្រូវបានរដ្ឋាភិបាល និងតុលាការប្រើប្រាស់ច្រើនបំផុតរហូតដល់ ១០ករណីក្នុងអំឡុងពេលបោះឆ្នោតជាតិក្នុងខែកក្កដា ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជនរងគ្រោះជាង ១០០នាក់ (១២៧នាក់) ក្នុងនោះមានជនរងគ្រោះជាង ៦០នាក់ (៦១នាក់) រងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងបានកោះហៅឱ្យចូលខ្លួនទៅប៉ុស្តិ៍នគរបាល និងតុលាការ ដើម្បីឆ្លើយបំភ្លឺ។ ដោយឡែកមនុស្សជាង ៦០នាក់ផ្សេងទៀត (៦៧នាក់) ដែលរងការចោទប្រកាន់ដែរនោះ គឺសុទ្ធសឹងតែជាសកម្មជននយោបាយ អ្នកនយោបាយ គណបក្សនយោបាយ និងអ្នកសារព័ត៌មានផងដែរ។
អាដហុក បញ្ជាក់ថា យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់នេះ បានធ្វើឱ្យការចូលរួមរបស់ពលរដ្ឋនៅក្នុងសង្គមធ្លាក់ចុះ ព្រោះតែការភ័យខ្លាចពីការជាប់ពន្ធនាគារ និងខ្លាចបង្កជាបន្ទុកធ្ងន់ធ្ងរផ្នែកថវិកាក្នុងការចំណាយលើសេវាច្បាប់ និងប្រាក់ពិន័យផ្សេងៗ ដែលបង្ហាញឱ្យឃើញថា យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់នេះត្រូវបានយកមកប្រើប្រាស់ជាយុទ្ធសាស្ត្រមួយក្នុងការបំភិតបំភ័យលើមជ្ឈដ្ឋាននានា ដូចជា សង្គមស៊ីវិល ថ្នាក់ដឹកនាំសហគមន៍ អ្នកសារព័ត៌មាន អ្នកផ្សាយព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ជាដើម ឱ្យមានការភ័យខ្លាច និងរក្សាភាពស្ងៀមស្ងាត់។
ការចេញរបាយការណ៍នេះ ធ្វើឡើងស្របពេលដែលសកម្មជននយោបាយ និងសកម្មជនសង្គមនានា តែងតែរងនូវការចោទប្រកាន់តាមផ្លូវច្បាប់ជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាល តុលាការ និងអ្នកមានអំណាច ជុំវិញការតវ៉ាទាមទារសិទ្ធិសេរីភាពដែលរងនូវការរំលោភបំពាននាពេលកន្លងមក។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់នេះមិនមែនអនុវត្តចំពោះតែបុគ្គលមួយចំនួននោះទេ គឺបានប្រើប្រាស់ប្រឆាំងទៅនឹងសហគមន៍ សហជីព សហព័ន្ធ អ្នកសារព័ត៌មាន និងសកម្មជននានាជាច្រើន។ ជាក់ស្តែង ករណីរំលោភដីធ្លីពីអ្នកមានអំណាចនៅខេត្តកោះកុង បានធ្វើឱ្យតំណាងសហគមន៍ចំនួន ៣០នាក់រងនូវការចោទប្រកាន់ពីបទ ញុះញង់ និងបទបរិហារកេរ្តិ៍ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រោយពីប្រជាសហគមន៍រងគ្រោះចេញមុខតវ៉ាទាមទារសិទ្ធិដីធ្លីពីការរំលោភសិទ្ធិលំនៅឋានពីសំណាក់ឧកញ៉ា ហេង ហ៊ុយ។
ជាងនេះទៀត តំណាងនិយោជិតក្រុមហ៊ុន ស្តារឡៃថ៍ ចំនួន ១០នាក់ ក៏ត្រូវរងនូវបណ្តឹងពីបទញុះញង់ឱ្យមានការរើសអើង ក្រោមយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់នេះដែរ បន្ទាប់ពីកម្មករនិយោជិតទាំងនោះទាមទារឱ្យបញ្ឈប់រំលោភសិទ្ធិការងារកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ដោយឡែកអនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ក៏រងនូវការចោទប្តឹងតាមយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់នេះថែមទៀតពីរដ្ឋាភិបាល ពីបទញុះញង់ ដែលកំពុងត្រូវឃុំខ្លួនរហូតដល់ពេលនេះ។
លើសពីនេះ ចាងហ្វាងសារព័ត៌មានមួយរូប គឺលោក ផាត់ ហ៊ន ក៏ត្រូវរងនូវការចោទប្តឹងតាមយុទ្ធសាស្ត្រដូចគ្នានេះដែរ ជុំវិញការចុះផ្សាយពីភាពមិនប្រក្រតីដំណើរការនៃការកសាងផ្លូវក្នុងស្រុករមាសហែក ខេត្តស្វាយរៀង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះក៏មានអ្នកសារព័ត៌មាន និងសកម្មជនសង្គម ព្រមទាំងអ្នកនយោបាយជាច្រើនទៀតដែរ ដែលរងនូវបណ្តឹងយុទ្ធសាស្ត្រផ្លូវច្បាប់នេះពីសំណាក់រដ្ឋាភិបាល និងតុលាការ រួមទាំងអ្នកមានទ្រព្យធនផងដែរនោះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ បានកើនឡើងជាលំដាប់នៅប្រទេសកម្ពុជា ប៉ុន្តែដើម្បីទប់ស្កាត់ករណីយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់នេះ រដ្ឋាភិបាលគួរជំរុញឱ្យមានច្បាប់ដែលហាមប្រាមយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈ ព្រមទាំងពិនិត្យ និងធ្វើវិសោធនកម្មនូវមាត្រានៃក្រមព្រហ្មទណ្ឌមួយចំនួនឡើងវិញផងដែរ ជាពិសេសបទល្មើសបរិហារកេរ្តិ៍ និងការញុះញង់ ដែលរដ្ឋាភិបាលបានប្រើដើម្បីចោទប្រកាន់អ្នកនយោបាយ សកម្មជនសង្គម និងអ្នកសារព័ត៌មាននាពេលកន្លងមក។
អង្គការឃ្លាំមើលសេរីភាពលើពិភពលោក ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក (Freedom House) បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបានមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គ្រប់គ្រងផ្ដាច់មុខទាំងស្រុងអស់ទៅហើយ ក្នុងនោះគណបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងពលរដ្ឋខ្មែររស់នៅក្នុងភាពភ័យខ្លាចគ្រប់ៗគ្នាពីការប្រើប្រាស់ច្បាប់ដោយគ្មានតម្លាភាព ក្នុងបំណងគាបសង្កត់សិទ្ធិសេរីភាពអ្នកតវ៉ាគ្រប់មជ្ឈដ្ឋាន៕
© 2024, . All rights reserved.