28.4 C
Phnom Penh

អូស្ត្រាលី បន្ថែម​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន​៥ ដែល​មាន​ជំនួញ​ជាមួយ​របប​សឹក​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​អូស្ត្រាលី សម្រេច​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ស្ថាប័ន​ចំនួន​៥ ថែម​ទៀត​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​របប​សឹក​ភូមា ក្រោយពី​របប​យោធា​នេះ​បាន​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ។

ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី ទៅ​លើ​របប​សឹក​ភូមា ជា​ការ​ដាក់​កម្រិត​ទៅ​កាន់​របប​សឹក​នេះ​ដោយ​របប​នេះ​មាន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ដែល​ប្រព្រឹត្ត​ឃោរឃៅ​ទៅ​លើ​ប្រជាជន​ខ្លួនឯង។

ធនាគារ​ចំនួន​ពីរ​ដែល​នៅតែ​បន្ត​សកម្មភាព​នឹង​របប​នេះ គឺ​ធនាគារ​ពាណិជ្ជកម្ម​បរទេស​ភូមា និង​ធនាគារ​ពាណិជ្ជ​វិនិយោគ​ភូមា ដែល​អាច​នឹង​ត្រូវ​បាន​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ។

មិន​តែប៉ុណ្ណោះ ក្រុមហ៊ុន​បី​ទៀត​ដែល​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​ប្រតិបត្តិការ​របស់​ពួក​យោធា​ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​អាស៊ីសាន់ ក្រុម​ជំនួញ អាស៊ីសាន់ ក្រុម​ភស្តុភារ​ប្រេងឥន្ធនៈ Cargo Link ក៏​នឹង​រង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ផង​ដែរ។

ទណ្ឌកម្ម​ទាំងនោះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រឹតត្បិត​ប្រជាជន​ភូមា ការ​រីក​សាយ​នៃ​អំពើ​ហិង្សា និង​ការ​បន្ត​បង្ក​អសន្តិសុខ នយោបាយ និង​សិទ្ធិមនុស្ស។

ក្រុមហ៊ុន​ទាំងនេះ​ផ្ដល់​សញ្ញា​ច្បាស់លាស់​នៃ​ការ​ព្រួយបារម្ភ​ដូច​ដែល​អូស្ត្រាលី មាន​សម្រាប់​ទណ្ឌកម្ម​ដែល​កំពុង​បន្ត​កើត​មាន ហើយ​នឹង​បន្ត​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ ជាពិសេស​សហការ​នឹង​អាស៊ាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ។

អូស្ត្រាលី បញ្ជាក់​ថា អូស្ត្រាលី​នឹង​បន្ត​ក្នុង​ការ​តាមដាន​សកម្មភាព​នៃ​របប​សឹក ហើយ​នឹង​ស្វែងរក​ការ​រីកចម្រើន​ជា​មូលដ្ឋាន ហើយ​ក៏​នឹង​បន្ត​ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​របប​នេះ​ចំពោះ​អំពើ​ហិង្សា​ដែល​ត្រូវ​ដោះលែង​អ្នកទោស​ដែល​ត្រូវ​បាន​ចាប់​ដោយ​អយុត្តិធម៌ ជា​ថ្នូរ​នឹង​ទទួល​បាន​សម្ភារៈ​មនុស្សធម៌ និង​ការ​ត្រឡប់​មក​វិញ​នូវ​ប្រជាធិបតេយ្យ។

ក្នុង​បរិបទ​នេះ អូស្ត្រាលី​ថា​អូស្ត្រាលី​នឹង​បន្ត​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​របប​សឹក ហើយ​គាំទ្រ​កិច្ច​ខិតខំ​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា រួម​គ្នា​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធាន​អាស៊ាន និង​ប្រេសិត​ពិសេស។ អូស្ត្រាលី​អំពាវនាវ​ឱ្យ​របប​យោធា​អនុវត្ត​ឱ្យ​បាន​នូវ​គោលការណ៍​ទាំង​ប្រាំ​ចំណុច ហើយ​ភ្ជាប់​ទំនាក់ទំនង​ជា​វិជ្ជមាន និង​មាន​អត្ថន័យ​សម្រាប់​តំណាង​អាស៊ាន។

អូស្ត្រាលី​បង្ហាញ​នូវ​កម្លាំង​ចិត្ត​គាំទ្រ​ដល់​ប្រជាជន​ភូមា ដោយ​ថា​ប្រជាជន​ភូមា​នេះ​មាន​សេចក្ដី​ក្លាហាន ការ​តាំងចិត្ត​ដើម្បី​ប្រជាធិបតេយ្យ និង​ភាព​ធន់​នឹង​បញ្ហា​សម្លាប់​រង្គាល​ដែល​មិន​អាច​និយាយ​បាន ហើយ​នឹង​បន្ត​ក្នុង​ការ​ធានា​ជា​ជំនួយ​អភិវឌ្ឍន៍ និង​មនុស្សធម៌​ដល់​ជនរងគ្រោះ។

ការ​ដាក់​ទណ្ឌកម្ម​របស់​អូស្ត្រាលី ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​តុលាការ​កំពូល​របប​សឹក បាន​ចេញ​បង្គាប់​ទៅ​រដ្ឋាភិបាល​ឱ្យ​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​មេ​បក្ស​ប្រឆាំង គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ ឬ​ស្មើ ៣១៥​ពាន់​លាន​ក្យាត​នៃ​ប្រាក់​ប្រទេស​ភូមា។

បើ​តាម​ដីកា​បង្គាប់​របស់​តុលាការ​កំពូល ភូមិគ្រឹះ​របស់​អ្នកស្រី ស៊ូជី ដែល​ស្ថិត​នៅ​ក្រុង​យ៉ាំងហ្គន នឹង​ចាប់​ដាក់​លក់​ចាប់ពី​ថ្ងៃទី​២០ ខែ​មីនា ខាងមុខ​នេះ។

វីឡា​របស់​អ្នកស្រី ស៊ូជី គឺជា​មរតក​ឪពុក​របស់​អ្នកស្រី គឺ​លោក អ៊ុងសាន។ វីឡា​នេះ​មាន​រចនាបថ​ជា​លំនៅឋាន​សម័យ​អាណានិគម​អង់គ្លេស។

អ្នកស្រី ស៊ូជី បច្ចុប្បន្ន​មាន​អាយុ ៧៨​ឆ្នាំ​ហើយ។ អ្នកស្រី​ប្រឈមមុខ​នឹង​ការ​កាត់ទោស ៣៣​ឆ្នាំ ដែល​តុលាការ​សឹក​បាន​កំណត់​ទោស​ដូច​នេះ​ក្នុង​សំណុំរឿង​ជាង ១០ ក្នុង​នោះ​មាន​ទាំង​ទោស​ក្បត់​ជាតិ និង​ទោស​បង្ក​អសន្តិសុខ​ផង​ដែរ។

នា​ពេលនេះ អ្នកស្រី ស៊ូជី មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់​អ្នកស្រី​នោះ​ទេ។ អ្នកស្រី​ត្រូវ​បាន​ពួក​យោធា​យក​ទៅ​ឃុំ​ខ្លួន​នៅ​ជាយក្រុង​ណៃភិដោ។

ការ​បង្គាប់​របស់​តុលាការ​កំពូល​នៃ​របប​សឹក ដែល​ឱ្យ​រដ្ឋាភិបាល​បិទ​ស្លាក​ដាក់​លក់​ភូមិគ្រឹះ​អ្នកស្រី ស៊ូជី ធ្វើឡើង​មុន​មួយ​សប្ដាហ៍​ដែល​ប្រទេស​ភូមា ចូល​ដល់​ខួប ៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​រដ្ឋប្រហារ​របស់​ពួក​យោធា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្លន់​អំណាច​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ស៊ូជី។

ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជា​ព្រឹត្តិការណ៍​យោធា​បិទ​បញ្ចប់​របប​ប្រជាធិបតេយ្យ​ដែល​មាន​អាយុ​ត្រឹម​តែ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ។ រដ្ឋប្រហារ​នៅ​ពេល​នោះ គឺ​ពួក​យោធា​បង្កើត​ព្រឹត្តិការណ៍​នេះ​ដោយសារតែ​ចោទ​រដ្ឋាភិបាល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី ជា​អ្នក​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ការ​បោះឆ្នោត​លើក​ទី​២ នៅ​ពេល​នោះ គឺ​បក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី បន្ត​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ដោយ​ឈ្នះ​លើ​គណបក្ស​របស់​ពួក​យោធា។ ការ​ឈ្នះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​លើក​នេះ អាច​នាំ​ឱ្យ​អ្នកស្រី ស៊ូជី ងាយ​យក​អំណាច​បាន គឺ​អំណាច​ប្រធានាធិបតី ព្រោះ​អាសនៈ​សភា​ស្ទើរ​ទាំងអស់​ធ្លាក់​ក្នុង​ដៃ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ។

របប​សឹក​ភូមា សម្លាប់​ក្រុម​ប្រឆាំង​មិន​តិច​ជាង ៦​ពាន់​នាក់​នោះ​ទេ ខណៈ​ជិត ២​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្នុង​នោះ​មាន​អ្នក​នយោបាយ​កំពូលៗ​ដល់​ទៅ ៣០០​នាក់ មាន​ទាំង​សមាជិក​សភា សមាជិក​គណៈរដ្ឋមន្ដ្រី ប្រធានាធិបតី មីនម្យីន និង​អ្នកស្រី ស៊ូជី។

ពិភពលោក​រួម​គ្នា​ថ្កោលទោស​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ ហើយ​ទាមទារ​ឱ្យ​របប​សឹក​ភូមា បញ្ឈប់​ការ​គ្រប់គ្រង​អំណាច ដោយ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ។ សមាគម​អាស៊ាន សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា អូស្ត្រាលី ជប៉ុន ឥណ្ឌា រួម​ទាំង​អង្គការ​សហប្រជាជាតិ មិន​បាន​ទទួលស្គាល់​របប​សឹក​ភូមា ជា​របប​ស្រប​ច្បាប់​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស