តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ អះអាងថា ព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម ដែលបានកសាងចំនួន ៣ខេត្តក្នុងប្រទេសកម្ពុជារួចមកហើយនេះ នឹងក្លាយជាវិមានទី២ សម្រាប់ទុកឱ្យពលរដ្ឋខ្មែររំលឹកដឹងគុណវៀតណាម បន្ទាប់ពីការកសាងស្តូបវៀតណាម ដើម្បីរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរកន្លងមកនោះ។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងលោក អ៊ុំ សំអាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ កុម្ភៈ នេះថា ពិធីសម្ពោធព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម ក្នុងខេត្តប៉ៃលិន ស្ថិតក្នុងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលជាទឹកដីរបស់ខ្មែរ បែរជាដាក់សុទ្ធតែអក្សរវៀតណាម ដែលគ្មានអក្សរខ្មែរសូម្បីតែមួយតួទៅវិញ ខណៈព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម នេះ បានសាងសង់ក្នុងខេត្តចំនួន ៣ រួចមកហើយ ដូចជាខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តកំពង់ធំ។
លោក អ៊ុំ សំអាន អះអាងថា ព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម នេះ និងស្តូបចំណងមិត្តភាពកម្ពុជា-វៀតណាម គឺតំណាងឱ្យនិមិត្តរូប និងអត្តសញ្ញាណរបស់ប្រទេសវៀតណាមនៅកម្ពុជាយ៉ាងច្បាស់ក្រឡែត ហើយព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាមនេះ ក៏ទំនងជានឹងសាងសង់នៅគ្រប់ ២៥រាជធានី-ខេត្តដូចស្តូបវៀតណាម ដែលបានសាងសង់ ២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជាដូច្នោះដែរ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះលើកជាសំណួរថា អដ្ឋិធាតុយុទ្ធជនកងទ័ពអាមេរិកត្រូវរដ្ឋាភិបាលកម្ពុជាបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ចុះហេតុអ្វីអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាមដែលឈ្លានពានទឹកដីខ្មែរ បែរជាធ្វើអគារតម្កល់ទុកនៅកម្ពុជា ដោយមិនត្រូវបានគេបញ្ជូនទៅប្រទេសវៀតណាមវិញបែបនេះ?
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ លោក ឯក សំអូន បានចូលរួមក្នុងពិធីសម្ពោធព្រះវិហារវៀតណាម ដើម្បីរក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តប៉ៃលិន ក្នុងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានទំហំ ៥ម៉ែត្រគុណនឹង ៨ម៉ែត្រ ជាអំណោយរបស់អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រចាំនៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ សព្វថ្ងៃនេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រដ្ឋាភិបាលខ្មែរតែងប្រកាសរឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ ប៉ុន្តែគេមិនដែលឃើញរដ្ឋាភិបាលខ្មែរសាងសង់សំណង់តំណាងមិត្តភាពរវាងប្រទេសទាំងពីរនៅលើទឹកដីវៀតណាម ដូចជាវៀតណាម សាងសង់នៅលើទឹកដីកម្ពុជានោះទេ ព្រោះថាសព្វថ្ងៃនេះ ក្រៅពីការសាងសង់ព្រះវិហាររក្សាទុកអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ៣ខេត្តកន្លងមក រដ្ឋាភិបាលខ្មែរក៏បានអនុញ្ញាតឱ្យសាងសង់ស្តូបដឹងគុណវៀតណាម នៅគ្រប់ខេត្តក្រុងរបស់កម្ពុជារួចហើយដែរ។
ប្រភពខាងលើបញ្ជាក់ថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨០ តាមបណ្តាខេត្តនានាមានចំនួន ២៣ខេត្តហើយនៅទូទាំងប្រទេសសព្វថ្ងៃនេះ ដូចជាខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តឧត្ដរមានជ័យ ខេត្តត្បូងឃ្មុំ និងនៅរាជធានីភ្នំពេញ ជាដើម សុទ្ធតែមានទីតាំងនៅកណ្តាលក្រុងទាំងអស់។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០១៧ សារព័ត៌មានវៀតណាម VN បានចុះផ្សាយថា រដ្ឋាភិបាលវៀតណាម បានចំណាយទឹកប្រាក់ចំនួនជិត ៨លានដុល្លារអាមេរិក (៧លាន ៨សែនដុល្លារ) ដើម្បីជួសជុលស្តូបមិត្តភាពកម្ពុជា-វៀតណាម ចំនួន ១៧កន្លែងនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ គ្រូបង្រៀនខេត្តប៉ៃលិន ម្នាក់ ធ្លាប់ត្រូវបានសាលាដំបូងខេត្តប៉ៃលិន និងសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ព្រមទាំងពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ផងដែរ បន្ទាប់ពីមន្ត្រីរាជការស៊ីវិលរូបនេះរិះគន់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដោយរៀបរាប់ថា កម្ពុជានឹងមានទង់ជាតិពីរបង្ហូតឡើងក្នុងពេលតែមួយដូចប្រទេសឡាវ ដែរទៅថ្ងៃមុខ ឱ្យតែស្តូបមិត្តភាពកម្ពុជា-វៀតណាម នេះបន្តសាងសង់បែបនេះបន្តទៀត។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែមករា ឆ្នាំ២០២២ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ស្តូបអនុស្សាវរីយ៍ទាំងអស់ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈ ក្នុងខ្លឹមសារសំដៅឲ្យឃើញអំពីការដែលប្រជាជនកម្ពុជាជួយប្រជាជនវៀតណាម ទៅរកការឯកភាពជាតិ និងការអភិវឌ្ឍ ហើយស្តូបនេះក៏កសាងឡើងដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាម ឲ្យប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ៕