អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ទម្លាយថា តុលាការទីក្រុងប៉ារីស នឹងបើកសវនាការនៅចុងឆ្នាំ២០២៤ កាត់ទោសឧក្រិដ្ឋជន ២នាក់ គឺលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ទាក់ទងនឹងអំពើភេរវកម្មក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ កន្លងទៅ ដែលបានសម្លាប់ និងធ្វើឱ្យរងរបួសមនុស្សស្លូតត្រង់ជាង ១០០នាក់។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ កុម្ភៈ នេះថា ប្រភពពីតុលាការបារាំង ទើបឲ្យដឹងថា តុលាការទីក្រុងប៉ារីស នឹងបើកសវនាការនៅចុងឆ្នាំ២០២៤ កាត់ទោសឧក្រិដ្ឋជនឈ្មោះ ហ៊ុយ ពិសិដ្ឋ និងឈ្មោះ ហ៊ីង ប៊ុនហៀង ទាក់ទងអំពើភេរវកម្មនៅទីក្រុងភ្នំពេញកាលពីជិត ៣០ឆ្នាំមុន។
លោក សម រង្ស៊ី អះអាងថា អំពើភេរវកម្មនៅឆ្នាំនោះ គឺជាការប៉ុនប៉ងធ្វើឃាតរូបលោក ដោយសារតែលោកបានដឹកនាំធ្វើបាតុកម្មទាមទារយុត្តិធម៌នឹងរបបដឹកនាំរបស់លោក ហ៊ុន សែន នៅពេលនោះ ដែលជាហេតុធ្វើឱ្យមនុស្សស្លូតត្រង់យ៉ាងតិច ១៦នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ក្នុងអំពើភេរវកម្មដ៏ព្រៃផ្សៃនេះ។
អតីតមេដឹកនាំប្រឆាំងរូបនេះបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែកដៃនៅក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៩៧ ដែលមានជនឧក្រិដ្ឋ ២នាក់ឈ្មោះ ហ៊ុយ ពិសិដ្ឋ និងឈ្មោះ ហ៊ីង ប៊ុនហៀង ជាជនដៃដល់ ប៉ុន្តែជនឧក្រិដ្ឋទាំងពីរនាក់នេះគ្រាន់តែធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ជនដៃដល់ដែលបានបោកគ្រាប់បែកសម្លាប់បាតុករស្លូតត្រង់កណ្តាលទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៧ នៅតែមានសេរីភាពក្រៅច្បាប់នៅឡើយសព្វថ្ងៃនេះ និងមានតួនាទីជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ថែមទៀត។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ កន្លងទៅ គ្រាប់បែកដៃចំនួន ៤គ្រាប់ត្រូវបានជនមិនស្គាល់មុខគប់ចូលក្នុងហ្វូងបាតុករនៅខាងមុខរដ្ឋសភាចាស់ ដែលបច្ចុប្បន្នគឺជាតុលាការកំពូល ក្បែរវត្តបទុមវតី ក្នុងទីក្រុងភ្នំពេញ ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់ស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស ប៉ុន្តែរហូតមកទល់ពេលនេះ ជនដៃដល់មិនត្រូវបានគេចាប់ខ្លួនមកផ្ដន្ទាទោសនៅឡើយទេ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងឆ្នាំ២០២២ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងថា កាលពីចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ តុលាការប្រទេសបារាំង បានចេញដីកាឱ្យចាប់ខ្លួនឧត្តមសេនីយ៍ថ្នាក់ខ្ពស់ពីររូបរបស់កម្ពុជា គឺលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលរងនូវការចោទប្រកាន់ថាបានវាយប្រហារដោយគ្រាប់បែកដៃលើហ្វូងបាតុករបក្សប្រឆាំងនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ កន្លងទៅ។
អង្គការអន្តរជាតិដដែលនេះអះអាងថា សាលដីកាដដែលនេះបញ្ជាក់ថា មានសាលដីកាមួយផ្សេងទៀតបានបានបង្គាប់ឱ្យលោក ហ៊ុន សែន ចូលខ្លួនបំភ្លឺករណីនេះដែរ ដោយសារតែគេរកឃើញថា គាត់មានជាប់ពាក់ព័ន្ធក្នុងរឿងគប់គ្រាប់បែកនេះ ប៉ុន្តែរដ្ឋាភិបាលបារាំង បានរារាំងមិនឱ្យបញ្ជូនដីកាកោះហៅនេះ ក្រោមហេតុផលថា លោក ហ៊ុន សែន មានអភ័យឯកសិទ្ធិលំដាប់អ្នកដឹកនាំប្រទេស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បញ្ជាក់ថា ក្នុងសាលដីកានោះបង្ហាញថា លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលមានតួនាទីជាប្រធាន និងអនុប្រធានកងអង្គរក្សពិសេសរបស់លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ បានរៀបចំ និងអនុវត្តការវាយប្រហារដោយគ្រាប់បែកដៃនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៧ នៅរាជធានីភ្នំពេញ ដោយកំណត់យកលោក សម រង្ស៊ី ជាគោលដៅ។
សាលដីកាដដែលបញ្ជាក់ថា លោក ហ៊ុយ ពិសិដ្ឋ បានដាក់ពង្រាយទាហានរបស់គាត់ដែលបានបំពាក់អាវុធគ្រប់ដៃ និងបញ្ជាឱ្យរៀបចំខ្សែត្រៀមនៅទីតាំងមួយមិនឆ្ងាយពីកន្លែងដែលបាតុករប្រមូលផ្ដុំតវ៉ា ដើម្បីអាចសម្របសម្រួលឲ្យជនដៃដល់បានដកថយ និងរត់គេចខ្លួនទៅកាន់ទីតាំងទាហានរបស់គណបក្សប្រជាជនកម្ពុជា និងរារាំងនរណាក៏ដោយពីការដេញតាមចាប់ខ្លួនពួកគេ។
ចំណែកលោក ហ៊ីង ប៊ុនហៀង គឺជាអ្នករកជនដៃដល់ដើម្បីអនុវត្តការវាយប្រហារនេះ ក្នុងនោះ លោក ហ៊ុយ ពិសិដ្ឋ បានរាយការណ៍ប្រាប់ភ្នាក់ងារ FBI ថា គាត់បានទទួលបញ្ជាឱ្យដាក់ពង្រាយកម្លាំងយោធាពីមុខខុទ្ទកាល័យនាយករដ្ឋមន្ត្រីមែន។ ជាងនេះទៀត ក៏មានភស្តុតាងជាច្រើនទៀតដែរដែលបញ្ជាក់ថា លោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកនេះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៦ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់បានផ្ញើលិខិតមួយច្បាប់ជូនមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលមានខ្លឹមសារថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់ដែលបានចោទប្រកាន់លើលោក ហ៊ុន សែន ថានៅពីក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ កន្លងទៅ ដូច្នេះថ្ងៃក្រោយ លោកនឹងមិនឱ្យមានការចោទប្រកាន់បែបនេះលើលោក ហ៊ុន សែន បន្តទៀតនោះទេ។
ការអះអាងរបស់លោក សម រង្ស៊ី នៅពេលនោះ ដោយសារលោកត្រូវការចរចាជាមួយលោក ហ៊ុន សែន ដើម្បីឲ្យលោកអាចវិលចូលប្រទេសកម្ពុជាវិញ ក្រោយពីលោកភៀសខ្លួននៅក្រៅប្រទេសអស់មួយរយៈ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ កុម្ភៈ នេះថា ជាង ២០ឆ្នាំមកនេះ អាជ្ញាធរកម្ពុជាដែលស្ថិតក្រោមបញ្ជារបស់លោក ហ៊ុន សែន មិនញញើតនឹងការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ និស្សិត បញ្ញវន្ត ព្រះសង្ឃ សកម្មជនសង្គមស៊ីវិល មេដឹកនាំសហជីព ដោយការវាយដំ ចាប់ដាក់គុក ឬធ្វើអំពើហិង្សាធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតសោះឡើយ។
លោក ម៉ែន ណាត លើកឡើងថា ព្រឹត្តិការណ៍បង្ហូរឈាមបាតុករថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ កន្លងទៅ លោក សម រង្ស៊ី ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមបាតុកររាប់រយនាក់ទៀតដែរ ដូច្នេះគាត់គួរតែសើរើប្ដឹងសំណុំរឿងនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិឡើងវិញ ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋខ្មែររាប់រយនាក់ដែលរងគ្រោះក្នុងអំពើភេរវកម្មនេះ ហើយគាត់ក៏ត្រូវតែបញ្ឈប់ការដកបណ្តឹងតាមតែទំនោរនយោបាយរបស់គាត់បន្តទៀតដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ដើម្បីដោះស្រាយវិបត្តិឧក្រិដ្ឋកម្មក្នុងសង្គមខ្មែរ ទាល់តែពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ដែលប្រាថ្នាប្រជាធិបតេយ្យ ដាក់គោលដៅរួមផ្លាស់ប្ដូរអំណាចផ្ដាច់ការរបស់គ្រួសារត្រកូលហ៊ុនចេញ នោះទើបពលរដ្ឋខ្មែរគ្រប់រូប រួមទាំងប្រទេសកម្ពុជាផង បានស្គាល់សេរីភាព ប្រជាធិបតេយ្យ និងសន្តិភាពពិតប្រាកដ៕
© 2024, . All rights reserved.