មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយថា ភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី ត្រូវបានបញ្ជូនទៅព្យាបាលនៅបរទេស ថាជារឿងមិនពិត បន្ទាប់ពីអ្នកស្រី ប៊ុន រ៉ានី បានដួលសន្លប់ក្នុងបន្ទប់ទឹកបណ្តាលឱ្យប៉ះទង្គិចដល់ក្បាលកាលពីចុងខែមករាកន្លងទៅនេះ។
មេដឹកនាំក្រាញអំណាចបន្តទៅកូន លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ កុម្ភៈ នេះថា ភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី ពិតជាមានជំងឺមែន ដោយសារតែរអិលដួលក្នុងបន្ទប់ទឹកក្នុងផ្ទះ ដែលបណ្តាលឱ្យប៉ះទង្គិចចំក្បាល និងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនៅពេលនេះ មិនបានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេសទេ។
លោក ហ៊ុន សែន អះអាងថា បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ សុខភាពរបស់អ្នកស្រី ប៊ុន រ៉ានី បានវិវត្តមករកភាពល្អប្រសើរវិញហើយ ប៉ុន្តែមិនទាន់អាចចាកចេញពីមន្ទីរពេទ្យបាននៅឡើយទេ ព្រោះត្រូវរង់ចាំការថតពិនិត្យរបួសត្រង់ក្បាលជាលើកទី៣ ដើម្បីពិនិត្យមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។
មេដឹកនាំខ្មែរក្រាញអំណាចរូបនេះបញ្ជាក់ថា លោកគ្មានការលាក់បាំង ហើយក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរចំពោះជំងឺរបស់អ្នកស្រី ប៊ុន រ៉ានី នៅពេលនេះ ចំណែកពួកអាក្រក់ក៏សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងវិញល្អជាងមកគិតពីសុខទុក្ខក្រុមគ្រួសាររបស់លោកបន្តទៀត។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានវីដេអូបែកធ្លាយមួយដែលត្រូវគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានវត្តមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ លោក ហ៊ុន សែន និងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ានី នៅក្នុងអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីអ្នកស្រី ប៊ុន រ៉ានី ត្រូវបញ្ជូនទៅដល់បន្ទប់ព្យាបាលក្នុងស្ថានភាពសន្លប់បាត់បង់ស្មារតី។
ការបញ្ជូនអ្នកស្រី ប៊ុន រ៉ានី ទៅសង្គ្រោះបន្ទាន់នៅពេលនេះ គឺជាលើកទីពីរហើយបន្ទាប់ពីភរិយាមេដឹកនាំក្រាញអំណាចកំពូលនៅកម្ពុជារូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅបរទេសជុំវិញជំងឺឆ្អឹងខ្នងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ស្របពេលដែលកម្ពុជាកំពុងដឹកនាំកិច្ចប្រជុំអាស៊ាន ដែលជាហេតុធ្វើឱ្យអ្នកស្រី ប៊ុន រ៉ានី មិនអាចចូលរួមទទួលភរិយាមេដឹកនាំអាស៊ានបាននៅពេលនោះ។
អ្នកស្រី ប៊ុន រ៉ានី កើតនៅឆ្នាំ១៩៥៧ ហើយបើគិតមកដល់ពេលនេះ អ្នកស្រីមានអាយុ ៦៧ឆ្នាំ ប៉ុន្តែក្នុងវ័យជិត ៧០ឆ្នាំរបស់គាត់ ត្រូវគេដឹងថាក្រៅពីកាន់តួនាទីជាប្រធានអង្គការសប្បុរសធម៌កាកបាទក្រហមកម្ពុជា ជួយជនក្រីក្រ គេក៏រកឃើញដែរថា អ្នកស្រី ប៊ុន រ៉ានី ធ្លាប់មានបាតដៃប្រឡាក់ឈាមផងដែរ ដោយសារតែភ្លើងប្រច័ណ្ឌស្នេហាត្រីកោណរវាងលោក ហ៊ុន សែន ជាមួយនឹងនាដការីរបាំព្រះរាជទ្រព្យអ្នកស្រី ពិសិដ្ឋ ពីលីកា កាលពីអំឡុងទសវត្សរ៍១៩៩៩ កន្លងទៅ។
ជាក់ស្តែង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩៩ ទស្សនាវដី្ត អ៊ិចប្រេស របស់បារាំង បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការលាតត្រដាងនូវឧក្រិដ្ឋកម្មដែលបង្កឡើងដោយភ្នាក់ងាររដ្ឋ» ដែលបានចោទថា អ្នកស្រី ប៊ុន រ៉ានី ដែលត្រូវជាភរិយារបស់លោក ហ៊ុន សែន ជាអ្នកបញ្ជាឃាតករឱ្យបាញ់សម្លាប់នាដការីរបាំព្រះរាជទ្រព្យអ្នកស្រី ពិសិដ្ឋ ពីលីកា ដែលជាសហាយស្មន់របស់លោក ហ៊ុន សែន នៅឆ្នាំនោះ។
ទស្សនាវដី្តដដែលបានសរសេរថា ភស្តុតាងជាច្រើនដែលបង្ហាញថាការស្លាប់របស់អ្នករបាំរូបនោះ គឺស្លាប់ក្រោមការបញ្ជារបស់អ្នកស្រី ប៊ុន រ៉ានី ក្នុងនោះមានដូចជា សៀវភៅកំណត់ហេតុរបស់អ្នកស្រី ពិសិដ្ឋ ពីលីកា ដែលបានសរសេររៀបរាប់ពីប្រវត្តិស្នេហារបស់អ្នកស្រីជាមួយលោក ហ៊ុន សែន។ ក្រៅពីនេះ ក៏មានកំណាព្យឆ្លងឆ្លើយស្នេហារវាងលោក ហ៊ុន សែន និងអ្នកស្រី ពិសិដ្ឋ ពីលីកា ផងដែរ ដែលជាសំណេររបស់លោក ហ៊ុន សែន ផ្ទាល់ ក្រោយពីគេផ្ទៀងផ្ទាត់សំណេរដៃផ្សេងៗរបស់មេដឹកនាំបក្សកាន់អំណាចរូបនេះរួចមក៕