26 C
Phnom Penh

ប្រជាជន​ភូមា​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្ដាច់ការ​នៅ​អាស៊ី​អាគ្នេយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ខួប​បី​ឆ្នាំ​នៃ​រដ្ឋប្រហារ​របស់​ពួក​យោធា​កាលពី​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ប្រជាជន​ភូមា ត្រូវ​បាន​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​ហៅថា​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ប្រឆាំង​នឹង​ប្រព័ន្ធ​បែប​ផ្ដាច់ការ​និយម​របស់​ពួក​យោធា។

នៅ​ក្នុង​ខួប​បី​ឆ្នាំ​នេះ ប្រជាជន​ភូមា នៅតែ​បង្ហាញ​ការ​តស៊ូ​របស់​ពួកគេ​ប្រឆាំង​នឹង​របប​សឹក ដែល​ចាត់ទុក​ថា​ជា​របប​បែប​ផ្ដាច់ការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ចាប់តាំងពី​របប​សឹក​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក របប​សឹក​នេះ​បាន​សម្លាប់​ក្រុម​ប្រឆាំង និង​ជាតិ​សាសន៍​ខ្លួនឯង​ដល់​ទៅ​ជាង ៦​ពាន់​នាក់ ហើយ​ចាប់​ខ្លួន​ជាង ២​ម៉ឺន​នាក់។

បើ​ទោះជា​យ៉ាង​នេះ​ក្ដី ប្រជាជន​ភូមា ដែល​ស្រលាញ់​សេរីភាព​ប្រជាធិបតេយ្យ ពួកគេ​តែងតែ​ងើប​ឡើង​ប្រឆាំង​នឹង​របប​សឹក។ យុវជន​ភូមា ទាំង​ប្រុស​ទាំង​ស្រី បាន​ស្ម័គ្រចិត្ត​កាន់​អាវុធ​ប្រយុទ្ធ​នឹង​របប​សឹក ដោយ​ពួកគេ​សហការ​ជាមួយ​នឹង​កងកម្លាំង​ជាតិ​សាសន៍​នៃ​ជនជាតិ​ដើម​ភាគតិច​របស់​ប្រទេស​នេះ។

មក​ដល់​ពេលនេះ អ្នក​នយោបាយ​កំពូលៗ​មិន​តិច​ជាង ៣០០​នាក់​នោះ​ទេ ត្រូវ​បាន​ពួក​យោធា​ចាប់​ខ្លួន ក្នុង​នោះ​មាន​ទាំង​ប្រធានាធិបតី មីន ម្យីន មាន​ទាំង​លោកស្រី អ៊ុងសាន ស៊ូជី មាន​ទាំង​ប្រធាន​រដ្ឋសភា និង​សមាជិក​សភា​មកពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ។

មក​ដល់​ខួប​បី​ឆ្នាំ​នេះ​ពុំ​មាន​ប្រជាជន​ណា ឬ​បក្ស​នយោបាយ​ណា​ចុះចូល​នឹង​ពួក​យោធា​នោះ​ទេ។ ពួកគេ​នៅតែ​ប្រយុទ្ធ​ដើម្បី​សេរីភាព បើ​ទោះបី​ពិភពលោក​នេះ​ហាក់ដូចជា​ព្រងើយ​កន្តើយ ដោយសារ​កំពុង​តែ​ជាប់​ដៃ​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ដែនដី​ហ្កាហ្សា-ប៉ាឡេស្ទីន ក៏ដោយ ក៏​ប្រជាជន​ភូមា នៅតែ​តស៊ូ​ប្រយុទ្ធ​ជាមួយ​នឹង​របប​សឹក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ទៀត ហើយ​នៅ​ពេលនេះ ការ​ប្រយុទ្ធ​របស់​ពួកគេ​ចូល​ដល់​ឆ្នាំ​ទី​៤ ហើយ។ ពួកគេ​អះអាង​ថា ត្រូវតែ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ។

វីរភាព​នៃ​ប្រជាជន​ភូមា ដែល​ប្រឆាំង​នឹង​របប​សឹក ឬ​ប្រព័ន្ធ​ផ្ដាច់ការ​និយម​ត្រូវ​បាន​ពិភពលោក​កត់​សម្គាល់​ថា ជា​វីរភាព​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ប្រយុទ្ធ​នឹង​ប្រព័ន្ធ​បែប​ផ្ដាច់ការ​និយម គឺជា​គំរូ​ដើម្បី​សេរីភាព​សម្រាប់​ប្រជាជន​នៃ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​កំពុង​រអិល​ចូល​ទៅ​ក្នុង​របប​ផ្ដាច់ការ។

ពិភពលោក​មាន​ការ​ស្ញប់ស្ញែង​ចំពោះ​វីរភាព​នៃ​ប្រជាជន​ភូមា ដែល​ពួកគេ​តស៊ូ​ប្រយុទ្ធ បើ​ទោះបីជា​ស្លាប់​រៀងរាល់​ថ្ងៃ​ក៏ដោយ​នោះ។ នៅ​ខណៈ​នេះ ខួប​បី​ឆ្នាំ ពិភពលោក​មាន​ការ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាជន​ភូមា ដែល​នៅតែ​ប្រយុទ្ធ​ដើម្បី​សេរីភាព។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប អូស្ត្រាលី នៅតែ​បន្ត​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​ពួក​យោធា​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស៊ីវិល​វិញ ហើយ​ទាមទារ​ឱ្យ​ពួក​យោធា​បញ្ឈប់​ការ​ប្រើ​ហិង្សា​បាញ់​សម្លាប់​ប្រជាជន​ខ្លួនឯង។

នៅ​ថ្ងៃ​ខួប​បី​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​យោធា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​ពួក​យោធា​បើក​ចំហ​ដើម្បី​ទៅ​រក​ការ​ចរចា ហើយ​ឈាន​ទៅ​ដល់​ការ​រក​ដំណោះស្រាយ​ឡើងវិញ។

ប្រទេស​ឥណ្ឌា ដែល​មាន​ឥទ្ធិពល​ទៅ​លើ​របប​សឹក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​របប​សឹក ត្រូវ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ទៅ​លើ​ប្រជាជន ហើយ​ទាមទារ​ឱ្យ​របប​សឹក និង​កម្លាំង​ប្រឆាំង ត្រូវតែ​រក​មធ្យោបាយ​ដើម្បី​ជួប​គ្នា​ចរចា ហើយ​បង្កើត​រូបមន្ត​នៃ​សន្តិភាព​ឈាន​ទៅ​ដល់​ការ​ផ្ទេរ​អំណាច​ពី​ពួក​យោធា ទៅ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ។ តែ​ជាមួយ​គ្នា​នេះ ប្រទេស​ចិន ដែល​មាន​ឥទ្ធិពល​លើ​របប​សឹក​ផង​ដែរ មិន​ឃើញ​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំរុញ​ឱ្យ​មាន​សន្តិភាព​នៅ​ភូមា នោះ​ទេ។

យ៉ាងណា ប្រទេស​ភូមា បច្ចុប្បន្ន​នេះ ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​រួច​ទៅ​ហើយ។ សង្គ្រាម​ស៊ីវិល​នេះ គឺ​កើត​ចេញ​ដោយសារតែ​ប្រជាជន​ងើប​ឡើង​ប្រឆាំង​នឹង​របប​សឹក។ ប្រជាជន​ជាង ៣​លាន​នាក់​ក្លាយ​ជា​ជន​ភៀសខ្លួន សមរភូមិ​ផ្ទុះ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់ សូម្បីតែ​នៅ​រដ្ឋធានី​ណៃពិដោរ ក៏​មាន​ការ​បាញ់​ប្រហារ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ប្រឆាំង​នឹង​ពួក​យោធា​ផង​ដែរ។

ចុងក្រោយ​នេះ កម្លាំង​រួបរួម​ដែល​មាន​រដ្ឋាភិបាល​ស្រមោល និង​កម្លាំង​ជនជាតិ​ដើម​ភាគតិច បាន​សហការ​គ្នា​វាយ​កាន់កាប់​បាន​យ៉ាងតិច​ទីក្រុង និង​បញ្ជាការ​យោធា​ពី​ពួក​យោធា​ប្រមាណ​ជា ៤០​ទីតាំង ជាពិសេស​នៅ​តាម​ព្រំដែន​ប្រទេស​ចិន ព្រំដែន​ឥណ្ឌា និង​ព្រំដែន​ប្រទេស​ថៃ។

នៅ​ពេល​ដែល​ភូមា ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ ពិភពលោក​ស្ញប់ស្ញែង​ប្រជាជន​ភូមា យ៉ាង​ខ្លាំង ដែល​មិន​ព្រម​ជ្រក​ក្រោម​របប​សឹក ហើយ​នៅតែ​រើបម្រះ​ខ្លួន​ពី​នឹម​ត្រួតត្រា​របស់​របប​ផ្ដាច់ការ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស