នៅក្នុងខួបបីឆ្នាំនៃរដ្ឋប្រហាររបស់ពួកយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាជនភូមា ត្រូវបានអ្នកសង្កេតការណ៍ និងអ្នកវិភាគហៅថាជាអ្នកប្រយុទ្ធដើម្បីសេរីភាពប្រឆាំងនឹងប្រព័ន្ធបែបផ្ដាច់ការនិយមរបស់ពួកយោធា។
នៅក្នុងខួបបីឆ្នាំនេះ ប្រជាជនភូមា នៅតែបង្ហាញការតស៊ូរបស់ពួកគេប្រឆាំងនឹងរបបសឹក ដែលចាត់ទុកថាជារបបបែបផ្ដាច់ការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចាប់តាំងពីរបបសឹកធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក របបសឹកនេះបានសម្លាប់ក្រុមប្រឆាំង និងជាតិសាសន៍ខ្លួនឯងដល់ទៅជាង ៦ពាន់នាក់ ហើយចាប់ខ្លួនជាង ២ម៉ឺននាក់។
បើទោះជាយ៉ាងនេះក្ដី ប្រជាជនភូមា ដែលស្រលាញ់សេរីភាពប្រជាធិបតេយ្យ ពួកគេតែងតែងើបឡើងប្រឆាំងនឹងរបបសឹក។ យុវជនភូមា ទាំងប្រុសទាំងស្រី បានស្ម័គ្រចិត្តកាន់អាវុធប្រយុទ្ធនឹងរបបសឹក ដោយពួកគេសហការជាមួយនឹងកងកម្លាំងជាតិសាសន៍នៃជនជាតិដើមភាគតិចរបស់ប្រទេសនេះ។
មកដល់ពេលនេះ អ្នកនយោបាយកំពូលៗមិនតិចជាង ៣០០នាក់នោះទេ ត្រូវបានពួកយោធាចាប់ខ្លួន ក្នុងនោះមានទាំងប្រធានាធិបតី មីន ម្យីន មានទាំងលោកស្រី អ៊ុងសាន ស៊ូជី មានទាំងប្រធានរដ្ឋសភា និងសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ។
មកដល់ខួបបីឆ្នាំនេះពុំមានប្រជាជនណា ឬបក្សនយោបាយណាចុះចូលនឹងពួកយោធានោះទេ។ ពួកគេនៅតែប្រយុទ្ធដើម្បីសេរីភាព បើទោះបីពិភពលោកនេះហាក់ដូចជាព្រងើយកន្តើយ ដោយសារកំពុងតែជាប់ដៃក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅដែនដីហ្កាហ្សា-ប៉ាឡេស្ទីន ក៏ដោយ ក៏ប្រជាជនភូមា នៅតែតស៊ូប្រយុទ្ធជាមួយនឹងរបបសឹករហូតមកដល់សព្វថ្ងៃនេះទៀត ហើយនៅពេលនេះ ការប្រយុទ្ធរបស់ពួកគេចូលដល់ឆ្នាំទី៤ ហើយ។ ពួកគេអះអាងថា ត្រូវតែប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ។
វីរភាពនៃប្រជាជនភូមា ដែលប្រឆាំងនឹងរបបសឹក ឬប្រព័ន្ធផ្ដាច់ការនិយមត្រូវបានពិភពលោកកត់សម្គាល់ថា ជាវីរភាពនៃតំបន់អាស៊ីអាគ្នេយ៍ប្រយុទ្ធនឹងប្រព័ន្ធបែបផ្ដាច់ការនិយម គឺជាគំរូដើម្បីសេរីភាពសម្រាប់ប្រជាជននៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងរអិលចូលទៅក្នុងរបបផ្ដាច់ការ។
ពិភពលោកមានការស្ញប់ស្ញែងចំពោះវីរភាពនៃប្រជាជនភូមា ដែលពួកគេតស៊ូប្រយុទ្ធ បើទោះបីជាស្លាប់រៀងរាល់ថ្ងៃក៏ដោយនោះ។ នៅខណៈនេះ ខួបបីឆ្នាំ ពិភពលោកមានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះប្រជាជនភូមា ដែលនៅតែប្រយុទ្ធដើម្បីសេរីភាព។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប អូស្ត្រាលី នៅតែបន្តចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យពួកយោធាផ្ទេរអំណាចទៅរដ្ឋាភិបាលស៊ីវិលវិញ ហើយទាមទារឱ្យពួកយោធាបញ្ឈប់ការប្រើហិង្សាបាញ់សម្លាប់ប្រជាជនខ្លួនឯង។
នៅថ្ងៃខួបបីឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកយោធា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏បានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យពួកយោធាបើកចំហដើម្បីទៅរកការចរចា ហើយឈានទៅដល់ការរកដំណោះស្រាយឡើងវិញ។
ប្រទេសឥណ្ឌា ដែលមានឥទ្ធិពលទៅលើរបបសឹក បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យរបបសឹក ត្រូវបញ្ឈប់រាល់អំពើហិង្សាទៅលើប្រជាជន ហើយទាមទារឱ្យរបបសឹក និងកម្លាំងប្រឆាំង ត្រូវតែរកមធ្យោបាយដើម្បីជួបគ្នាចរចា ហើយបង្កើតរូបមន្តនៃសន្តិភាពឈានទៅដល់ការផ្ទេរអំណាចពីពួកយោធា ទៅរដ្ឋាភិបាលស៊ីវិលឡើងវិញ។ តែជាមួយគ្នានេះ ប្រទេសចិន ដែលមានឥទ្ធិពលលើរបបសឹកផងដែរ មិនឃើញចេញសេចក្ដីថ្លែងការណ៍ជំរុញឱ្យមានសន្តិភាពនៅភូមា នោះទេ។
យ៉ាងណា ប្រទេសភូមា បច្ចុប្បន្ននេះ ធ្លាក់ក្នុងសង្គ្រាមស៊ីវិលរួចទៅហើយ។ សង្គ្រាមស៊ីវិលនេះ គឺកើតចេញដោយសារតែប្រជាជនងើបឡើងប្រឆាំងនឹងរបបសឹក។ ប្រជាជនជាង ៣លាននាក់ក្លាយជាជនភៀសខ្លួន សមរភូមិផ្ទុះស្ទើរគ្រប់ទីកន្លែងទាំងអស់ សូម្បីតែនៅរដ្ឋធានីណៃពិដោរ ក៏មានការបាញ់ប្រហារប្រយុទ្ធគ្នារវាងកម្លាំងប្រឆាំងនឹងពួកយោធាផងដែរ។
ចុងក្រោយនេះ កម្លាំងរួបរួមដែលមានរដ្ឋាភិបាលស្រមោល និងកម្លាំងជនជាតិដើមភាគតិច បានសហការគ្នាវាយកាន់កាប់បានយ៉ាងតិចទីក្រុង និងបញ្ជាការយោធាពីពួកយោធាប្រមាណជា ៤០ទីតាំង ជាពិសេសនៅតាមព្រំដែនប្រទេសចិន ព្រំដែនឥណ្ឌា និងព្រំដែនប្រទេសថៃ។
នៅពេលដែលភូមា ធ្លាក់ក្នុងសង្គ្រាមស៊ីវិលនេះ ពិភពលោកស្ញប់ស្ញែងប្រជាជនភូមា យ៉ាងខ្លាំង ដែលមិនព្រមជ្រកក្រោមរបបសឹក ហើយនៅតែរើបម្រះខ្លួនពីនឹមត្រួតត្រារបស់របបផ្ដាច់ការនេះ៕
© 2024, . All rights reserved.