លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ដោយគ្រោងនឹងជួបពិភាក្សាការងារជាមួយលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនៃប្រទេសទាំងពីរ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ លោក ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-ថៃ សម្រាប់ជាគន្លឹះ ឱកាស និងប្រយោជន៍របស់ធុរជនកម្ពុជា-ថៃ។
អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោក ហ៊ុន ម៉ាណែត នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះបាទ មហា ប៉ាជីរ៉ាឡុងកន ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង ហើយលោកក៏នឹងជួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិ រួមមានលោកសាស្ត្រាចារ្យ ផនកេត វិឈិតធុល ឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ ណមៈថា ប្រធានរដ្ឋសភាថៃ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កាសែតថៃបាងកកប៉ុស្តិ៍ បានចុះផ្សាយថា ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលនឹងលើកយកប្រធានបទសំខាន់មួយមកពិភាក្សាជាថ្មី ក្នុងការរកដំណោះស្រាយបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងប្រទេសទាំងពីរ ក្រោយជាប់គាំងតាំងពីឆ្នាំ២០០១ មក។
ប្រភពដដែលអះអាងថា រដ្ឋមន្ត្រីការបរទេសថៃ លោក ប៉ានព្រី ផាហិថថានុក្រ៍ (Parnpree Bahiddha-Nukara) ក៏បានបញ្ជាក់ដែរថា ថៃកំពុងទន្ទឹងចាំមើលលទ្ធផលច្បាស់លាស់នៃជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នាពេលខាងមុខ ហើយថាបន្ទាប់មកទៀត ក្រសួងនិងស្ថាប័នពាក់ព័ន្ធ នឹងមានចំណាត់ការទៅតាមនីតិវិធីតែម្តង។
មុននឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនខ្មែរ ៣នាក់កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា ការចាប់ខ្លួនសកម្មជនខ្មែរនោះ គឺដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែត ដែលមានវត្តមាននៅក្នុងប្រទេសថៃ នៅក្នុងសប្តាហ៍នេះ។
សកម្មជនខ្មែរ ៣នាក់ដែលជាជនភៀសខ្លួនត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួននោះរួមមាន លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា ជាអតីតសមាជិកគណបក្សភ្លើងទៀន និងម្នាក់ទៀតឈ្មោះ លឹម សុខា ជាអនុប្រធានគណៈកម្មការជនភៀសខ្លួនខ្មែរនៅក្រុងបាងកក។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ព្រមានថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងក្លាយជាជនក្បត់ជាតិដូចលោក ហ៊ុន សែន ឪពុករបស់គាត់ដែរ ប្រសិនបើគាត់ហ៊ានយកតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ទំហំជាង ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡាទៅចូលរួមសហការរកស៊ីប្រេង និងឧស្ម័នជាមួយថៃ ក្នុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសថៃ មែននោះ។
លោក អ៊ុំ សំអាន អះអាងថា តំបន់សមុទ្រត្រួតស៊ីគ្នាជាង ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា គឺស្ថិតក្នុងតំបន់សមុទ្រ ៣ម៉ឺនគីឡូម៉ែត្រក្រឡា ដែលថៃ បានយកពីប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម នៅអំឡុងឆ្នាំ១៩៩៧។ លោកបន្តថា បើផ្អែកតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ នោះកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម ក្នុងឆ្នាំ១៩៩៧ ត្រូវបានទុកជាមោឃៈដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ រួចទៅហើយ។
លោក អ៊ុំ សំអាន លើកឡើងថា សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដែលធ្វើឡើងក្នុងសម័យវៀតណាមត្រួតត្រាកម្ពុជា បានធ្វើឱ្យកម្ពុជាបាត់បង់ដែនសមុទ្រខ្មែរទៅថៃ និងវៀតណាម យ៉ាងច្រើន ក្នុងនោះ កម្ពុជាបានបាត់បង់ «កោះគុត» ទាំងស្រុងទៅប្រទេសថៃ នៅឆ្នាំ២០១០ ហើយដោយសារតែការបាត់បង់កោះគុតនេះហើយ ទើបបណ្តាលឱ្យព្រំដែនសមុទ្រខ្មែរបាត់បង់ដែរ ព្រោះការកំណត់ព្រំដែនសមុទ្រ គឺត្រូវយកចំណុចខ្ពស់បំផុតនៃ «កោះគុត» ធ្វើជាគោល ដើម្បីតម្រង់ខ្សែបន្ទាត់ព្រំប្រទល់សមុទ្រ ក្នុងនោះសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ក៏បានចែងពីការយកកោះគុត ធ្វើជាគោលក្នុងការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃ ដែរ។
តំណាងរាស្ត្រអតីតបក្សប្រឆាំងរូបនេះ អះអាងថា នៅអំឡុងឆ្នាំ១៩៩៧ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ លោក ហ៊ុន សែន ក៏ធ្លាប់តវ៉ាជាមួយថៃ នៅទីក្រុងបាងកក ជុំវិញការរំលោភដែនសមុទ្រកម្ពុជា ដែលមានទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡានេះដែរ ប៉ុន្តែត្រូវបរាជ័យ ដូច្នេះនៅពេលដែលលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងគម្រោងរកស៊ីប្រេង និងឧស្ម័នរួមគ្នានៅតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃ ម្តងនេះ មានន័យថា កម្ពុជាមិនត្រឹមតែមិនអាចទាមទារដែនសមុទ្ររបស់ខ្លួនទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡាដែលបានបាត់ទៅនោះទេ គឺថែមទាំងត្រូវកំណត់ព្រំដែនសមុទ្រលើតំបន់សមុទ្រត្រួតស៊ីគ្នាជាង ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡាជាមួយថៃ នៅថ្ងៃអនាគតថែមទៀត៕
© 2024, . All rights reserved.