27 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ពី​ការងារ​ក្នុង​រោងចក្រ សេង បូ ប៉ះពាល់​ដល់​សិទ្ធិ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ លើកឡើង​ថា ការ​ប្រើ​លេស​យក​កិច្ចសន្យា​ការងារ​របស់​កម្មករ​និយោជិត​ក្នុង​រោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) ដើម្បី​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ពី​ការងារ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន និង​សិទ្ធិ​ការពារ​ពិសេស​របស់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា សហជីព​ឯករាជ្យ​ក្នុង​រោងចក្រ សេង បូ តែង​ជួយ​ការពារ​សិទ្ធិ​កម្មករ​ដែល​រង​នូវ​ការ​រំលោភ​បំពាន ដូចជា ការ​បើក​ប្រាក់ខែ​យឺត និង​ការ​កាត់​យក​ប្រាក់ខែ​កម្មករ​ដោយ​គ្មាន​មូលហេតុ​រាល់​ពេល​បើក​លុយ​នៅ​ចុង​ខែ ជាដើម នា​ពេល​កន្លង​មក ប៉ុន្តែ​ដើម្បី​បញ្ឈប់​ការ​តវ៉ា​នេះ ថៅកែ​រោងចក្រ សេង បូ បាន​ប្រើ​លេស​យក​កិច្ចសន្យា​ការងារ​របស់​ថ្នាក់ដឹកនាំ​សហជីព ធ្វើ​ជា​កម្មវត្ថុ​ដើម្បី​បញ្ឈប់​ពួកគេ​ពី​ការងារ​ក្នុង​ចេតនា​រំលាយ​សហជីព​តែម្តង។

លោក ឃុន ថារ៉ូ លើកឡើង​ថា ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ឯករាជ្យ​ក្នុង​រោងចក្រ សេង បូ ម្តង​ហើយ​ម្តង​ទៀត​នៅ​ពេលនេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ចេតនា​រំលោភ​ច្បាប់​ស្ដីពី​សហជីព និង​ច្បាប់​ស្ដីពី​ការងារ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ច្បាប់​សម្រាប់​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត ហើយ​ការ​ធ្វើ​បែប​នេះ ក៏​ជា​ហេតុផល​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​ការ​តវ៉ា​របស់​ថ្នាក់ដឹកនាំ​សហជីព ជុំវិញ​ការ​រំលោភ​សិទ្ធិ​ការងារ​លើ​កម្មករ​និយោជិត​នា​ពេល​កន្លង​មក។

លោក​បញ្ជាក់​ថា ឧបសគ្គ​សម្រាប់​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​រោងចក្រ​សព្វថ្ងៃ​នេះ គឺ​នៅ​ត្រង់​ថា វិវាទ​ការងារ​រួម​ក្នុង​រោងចក្រ​កន្លង​មក​ត្រូវ​បាន​ទាញ​ទៅ​ជា​វិវាទ​បុគ្គល​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​សហជីព​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​កាន់តែ​ខ្លាំង ស្រប​ពេល​ដែល​សិទ្ធិ​ការពារ​ពិសេស​របស់​ថ្នាក់ដឹកនាំ​សហជីព​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព មិន​ត្រូវ​បាន​ធានា​ការពារ​ឱ្យ​បាន​ពេញលេញ​នៅឡើយ។

កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្មករ​និយោជិត​ប្រមាណ ១០០​នាក់​ក្នុង​រោងចក្រ សេង បូ ហ្កាមិន ខេមបូឌា បាន​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ទទួលយក​បេក្ខជន​ប្រធាន និង​អនុប្រធាន​សហជីព​សេរី​កម្មករ ២​នាក់ គឺ​លោក ថុន ធី និង​លោក សៀក ថុង ឲ្យ​ចូល​ធ្វើការ​វិញ ក្រោយ​មាន​ការ​ធ្វើ​កូដកម្ម​លើក​ទី​១ គឺ​ធ្វើ​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​កម្មករ​ចូលរួម​ជិត ២០០​នាក់។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ កម្មករ​និយោជិត​រោងចក្រ សេង បូ បាន​រៀបចំ​បោះឆ្នោត​បង្កើត​សហជីព​សេរី​កម្មករ ក្នុង​នោះ​លោក ថុន ធី ជាប់​ឆ្នោត​ជា​ប្រធាន និង​លោក សៀក ថុង ជាប់​ឆ្នោត​ជា​អនុប្រធាន។

ក្រោយ​ជាប់​ឆ្នោត កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ បេក្ខជន​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ធ្វើ​លិខិត​ជូនដំណឹង​ស្ដីពី​លទ្ធផល​បោះឆ្នោត​នេះ ទៅ​កាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​បដិសេធ​មិន​ទទួលស្គាល់។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ បេក្ខជន​ជាប់​ឆ្នោត​រូប​នេះ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជិកា​នៅ​នាយកដ្ឋាន​វិវាទ​ការងារ​នៅ​ក្រសួង​ការងារ ផង​ដែរ ប៉ុន្តែ​នៅ​ថ្ងៃទី​៣១ ខែ​មករា ២០២៤ បែរ​ជា​ត្រូវ​ភាគី​ក្រុមហ៊ុន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បញ្ឈប់​លោក ថុន ធី និង​លោក សៀក ថុង ក្រោម​លេស​ឈប់​បន្ត​កិច្ចសន្យា​ការងារ​ទៅវិញ។

ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​ក្រុមហ៊ុន​នេះ គឺជា​លើក​ទី​២ ហើយ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព អ្នកស្រី រឿន កូលាប កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ក្រោយ​ថ្នាក់ដឹកនាំ​សហជីព​រូប​នេះ​ចូលរួម​បង្កើត​សហជីព​ក្នុង​ក្រុមហ៊ុន​នេះ​កាលពី​ពេល​កន្លង​ទៅ ខណៈ​សំណុំរឿង​បញ្ឈប់​របស់​អ្នកស្រី កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ នៅឡើយ។

ក្រុមហ៊ុន សេង បូ ហ្កាមិន ខេមបូឌា ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពោធិ៍កោង សង្កាត់​ព្រះស្រែ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន។ ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​ចាប់តាំងពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ មក ដែល​មាន​កម្មករ​និយោជិត​បម្រើ​ការងារ​ប្រមាណ​ជា ៥០០​នាក់ ដោយ​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​សហភាព​អឺរ៉ុប។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០២១ មក មាន​សកម្មជន និង​ថ្នាក់ដឹកនាំ​សហជីព​សរុប​ជាង ១​ពាន់​នាក់​ហើយ (១៥០២​នាក់) ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ចំណោម​រោងចក្រ​ជិត ៥០​កន្លែង (៤៦​កន្លែង) ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​នីតិវិធី និង​ទទួល​រង​នូវ​ការ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ថៅកែ​រោងចក្រ ដោយ​ការ​គំរាមកំហែង​ក្នុង​ទម្រង់​រើសអើង​សហជីព​ទាំងនោះ។

ទិន្នន័យ​ដដែល​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​កម្មករ​សរុប​ជិត ៨០០​នាក់ (៧៨០​នាក់) កំពុង​ទាមទារ​រក​យុត្តិធម៌​ចូល​ធ្វើ​ការងារ​វិញ ព្រោះ​តែ​ការ​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​នីតិវិធី​ច្បាប់ ដូច្នេះ​ករណី​នេះ ក្រសួង​ការងារ​ត្រូវ​ពិនិត្យ​ទ្បើង​វិញ​នូវ​ប្រសិទ្ធភាព​នៃ​យន្តការ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា ជាពិសេស​ការ​នាំ​យក​វិវាទ​ទៅ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​កន្លង​មក។

កាលពី​ចុង​ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​របាយការណ៍​សង្ខេប​ចំនួន ២៧​ទំព័រ​ថា រដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ឡើយ ក្នុង​នោះ​ពួកគេ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហជីព​ឯករាជ្យ និង​វាយប្រហារ​ទៅ​លើ​ក្រុម​កូដករ​ណា​ដែល​ទាមទារ​យុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស