នាយករដ្ឋមន្ត្រីថ្មីតត្រកូល លោក ហ៊ុន ម៉ាណែត ប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតគ្នារវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិ។
កូនប្រុសស្នងតំណែងនាយករដ្ឋមន្ត្រីតពីឪពុក គឺលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិដូចជនអគតិខ្លះបានលើកឡើងនោះទេ។
លោក ហ៊ុន ម៉ាណែត អះអាងថា មូលហេតុដែលកម្ពុជា និងថៃ ជជែកគ្នាដើម្បីយកផលប្រយោជន៍នេះ ព្រោះរដ្ឋាភិបាលនៃប្រទេសទាំងពីរយល់ឃើញថា សន្តិសុខថាមពលជាយុទ្ធសាស្ត្រយូរអង្វែងរវាងកម្ពុជា និងថៃ។ លោកបន្ថែមថា បើគ្មានថាមពលទេ នោះអ្វីៗក៏មិនអាចដំណើរការបានដែរ សូម្បីតែមនុស្ស ខណៈប្រេងកាតនឹងចម្រាញ់ទៅជាប្រេងសាំង ឬប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងបង្កើតការងារនៅតំបន់រុករកប្រេងថែមទៀត។
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះបញ្ជាក់ថា នៅតំបន់ត្រួតគ្នានេះ ក្រៅពីប្រេងកាត ក៏មានឧស្ម័នធម្មជាតិជាច្រើនដែរ ហើយប្រសិនបើកម្ពុជាទទួលបានប្រេងកាត និងឧស្ម័ន នោះកម្ពុជានឹងលក់ដើម្បីប្រមូលថវិកាចូលរដ្ឋទាំងអស់។
លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រៅពីផលប្រយោជន៍ប្រេងកាត លោកក៏បានបញ្ជាក់អំពីការងារព្រំដែនទឹកជាមួយភាគីថៃ ផងដែរ ដោយត្រូវចរចាជាមួយគ្នាប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីធានាការពារអធិបតេយ្យភាពជាតិរវាងប្រទេសទាំងពីរឱ្យបានត្រឹមត្រូវដាច់ខាត។
តំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន បានលើកឡើងកាលពីពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នឹងក្លាយជាជនក្បត់ជាតិដូចលោក ហ៊ុន សែន ឪពុកគាត់ដែរ ប្រសិនបើគាត់ហ៊ានយកតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េទៅចូលរួមសហការរកស៊ីប្រេង និងឧស្ម័នជាមួយថៃ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះរៀបរាប់ថា តំបន់សមុទ្រត្រួតស៊ីគ្នាជាង ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់សមុទ្រ ៣០០០០គីឡូម៉ែត្រការ៉េដែលថៃ បានដណ្តើមយកពីកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម ឆ្នាំ១៩៩៧ ដោយផ្អែកលើសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ខណៈកិច្ចព្រមព្រៀងទ្វេភាគីរវាងថៃ និងវៀតណាម ឆ្នាំ១៩៩៧ នោះ ត្រូវបានទុកជាមោឃៈដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទៅហើយនោះ។
លោក អ៊ុំ សំអាន លើកឡើងថា សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដែលធ្វើឡើងក្នុងសម័យវៀតណាមត្រួតត្រាកម្ពុជា បានធ្វើឱ្យកម្ពុជាបាត់បង់ដែនសមុទ្រខ្មែរទៅថៃ និងវៀតណាម យ៉ាងច្រើន ក្នុងនោះ កម្ពុជាបានបាត់បង់កោះគុតទាំងស្រុងទៅប្រទេសថៃ នៅឆ្នាំ២០១០ ហើយដោយសារតែការបាត់បង់កោះគុតនេះហើយ ទើបបណ្តាលឱ្យព្រំដែនសមុទ្រខ្មែរបាត់បង់ដែរ ព្រោះថាការកំណត់ព្រំដែនសមុទ្រ គឺត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត ធ្វើជាគោលដើម្បីតម្រង់ខ្សែបន្ទាត់ព្រំសមុទ្រ ក្នុងនោះ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ក៏បានចែងពីការយកកោះគុតធ្វើជាគោលក្នុងការកំណត់ព្រំដែនសមុទ្រកម្ពុជា-ថៃនេះថែមទៀត។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះអះអាងថា នៅអំឡុងឆ្នាំ១៩៩៧ លោក ហ៊ុន សែន ក៏ធ្លាប់តវ៉ាជាមួយថៃ នៅទីក្រុងបាងកក ជុំវិញការរំលោភដែនសមុទ្រកម្ពុជាដែលមានទំហំ ៣០០០០គីឡូម៉ែត្រការ៉េនេះដែរ ប៉ុន្តែត្រូវបរាជ័យ ដូច្នេះនៅពេលដែលលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងគម្រោងរកស៊ីប្រេង និងឧស្ម័នរួមគ្នានៅតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃ ម្តងនេះ មានន័យថា កម្ពុជាមិនត្រឹមតែមិនអាចទាមទារដែនសមុទ្រ ៣០០០០គីឡូម៉ែត្រក្រឡាដែលបាត់ទៅនោះទេ គឺថែមទាំងត្រូវកំណត់ព្រំដែនសមុទ្រលើតំបន់សមុទ្រត្រួតស៊ីគ្នាជាង ២៦០០០គីឡូម៉ែត្រក្រឡាជាមួយថៃ នៅថ្ងៃអនាគតថែមទៀត។
លោក អ៊ុំ សំអាន ព្រមានថា កម្ពុជាត្រូវចរចាកំណត់ព្រំដែនសមុទ្ររបស់ខ្លួនជាមួយថៃ ជាមុនសិន មុននឹងចាប់ផ្តើមគម្រោងរកស៊ីជាមួយគ្នាក្នុងតំបន់សមុទ្រត្រួតស៊ីគ្នានេះ ព្រោះកម្ពុជាបានបាត់បង់ដែនសមុទ្ររបស់ខ្លួនអស់ជាច្រើនអន្លើទៅប្រទេសជិតខាងរួចទៅហើយ ដូចជា កោះត្រល់ ចង្កោមកោះក្រចកសេះ ដែលបានបាត់បង់ទៅវៀតណាម ៣ម៉ឺនគីឡូម៉ែត្រការ៉េ និងបាត់បង់ទៅប្រទេសថៃ ៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងការដាក់សមុទ្រខ្មែរជាតំបន់ត្រួតស៊ីគ្នារួមជាមួយវៀតណាម ១ម៉ឺនគីឡូម៉ែត្រការ៉េ នាពេលបច្ចុប្បន្នទៀតនោះ។
តំបន់ទាមទារត្រួតស៊ីគ្នាថៃ និងកម្ពុជា មានផ្ទៃក្រឡាទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ដែលមានការប៉ាន់ប្រមាណថា អាចមានប្រេង និងឧស្ម័នច្រើនលានបារ៉ែលនៅបាតសមុទ្រ ប៉ុន្តែតាំងពីដើមទសវត្សរ៍៧០ មក កម្ពុជា និងថៃ បានទាមទាររៀងៗខ្លួនលើសិទ្ធិអភិវឌ្ឍលើតំបន់ត្រួតស៊ីគ្នានេះ ខណៈការចរចាដោះស្រាយវិវាទលើតំបន់ទាមទារត្រួតស៊ីគ្នានេះ ត្រូវបានពន្យារពេលអស់ ២០ឆ្នាំមកហើយ បន្ទាប់ពីប្រទេសទាំងពីរបានបរាជ័យក្នុងការចរចាកាលពីអំឡុងឆ្នាំ២០០១ កន្លងទៅ៕